ភ្នំពេញៈ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ជប៉ុន​ជំរុញ​ដល់​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ដោយ​ផ្តោតលើ​បញ្ហា​សុវត្ថិភាព និង​បច្ចេកទេស ខណៈ​រយៈពេល​ ២០ ​ឆ្នាំ ការវិនិយោគ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៦ ​ម៉ឺន​លាន​ដុល្លារ​។

ការស្នើ​ឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​រដ្ឋឯកជន​លើក​ទី​ ២ ​ស្តីពី​ «​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន​» កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែកុម្ភៈ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កម្ពុជា និង​ជប៉ុន​ជាច្រើន​រូប​ដោយ​ក្នុងនោះ​ក៏មាន​ការចុះ​អនុស្សរណៈ​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កម្ពុជា និង​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​ផងដែរ​។

លោក ជា សុផារ៉ា បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​តែង​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​សមិទ្ធផល​ជាច្រើន​មានដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ​ និង​ស្ពាន​សំខាន់ៗ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​គ្រប់គ្រង​ទឹកជំនន់ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ការអភិវឌ្ឍ​វារីអគ្គិសនី ការជួសជុល​ប្រាសាទបុរាណនានា ការការពារ​បរិស្ថាន ការកម្ចាត់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក៏​ដូចជា​ការបណ្តុះបណ្តាល​ដល់​មន្ត្រីរាជការ និង​និស្សិត​កម្ពុជា​ផងដែរ​។

លោក​បន្តថា ជា​ផ្លែផ្កា​នេះ​បាន​ធ្វើឱ្យ​នគរូបនីយកម្ម​ និង​ការអភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរស្តម្ភ​ស្នូល​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ហើយ​ជាក់ស្តែង​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល ២០ ​ឆ្នាំ (២០០០-២០២០) ​មាន​ប្រមាណ ៦០-៨៧២ លាន​ដុល្លារ​។

លោក ជា សុផារ៉ា ថ្លែង​ដោយ​រំពឹងថា ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​ នឹង​បន្ត​បង្កើន​សកម្មភាព ជំរុញ និង​ពង្រឹង​អនុវត្ត​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ ២ ដើម្បី​កសាង​ការអភិវឌ្ឍ​ក្នុង​វិស័យ​សំណង់ វិស័យ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម និង​វិស័យ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​វិស័យ​សំណង់ ខ្ញុំ​ស្នើ​ឯកឧត្តម​រដ្ឋមន្ត្រី​ជំរុញ​ដល់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​អនុវត្ត​ច្បាប់​ស្តីពី​សំណង់ និង​វិធីសាស្ត្រ​ធានា​សុវត្ថិភាព​សំណង់ ជាពិសេស​ជំរុញ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ ការងារ​ត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់ និង​ការដាក់ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​ជាតិ​ស្តីពី​សំណង់​»​។

ក្រៅពីនេះ លោក​ក៏​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ធុរជន និង​ក្រុមហ៊ុន​ជប៉ុន ចាប់​ឱកាស​ដ៏ប្រសើរ​នេះ ចូលមក​វិនិយោគ​ ឬ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​នានា​ពី​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

លោក អាកាបាក់ ខាហ្សឺយូស៊ី រដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​បាន​ថ្លែងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ ២ នឹង​អាចឱ្យ​រដ្ឋាភិបាល​ជប៉ុន ក៏​ដូចជា​មន្ត្រី​ជំនាញ​ជប៉ុន​បាន​ចែករំលែក​នូវ​ចំណេះដឹង​ និង​បច្ចេកទេស​របស់ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ បណ្តុះបណ្តាល​អ្នកត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់ និង​មន្ទីរ​ពិសោធន៍​សំណង់​ដែល​គ្រោង​នឹង​អនុវត្ត​គម្រោង​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២១ នេះ​ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ JICA ​ដែរ​។ ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ យើងខ្ញុំ​នឹងចូលរួម​កិច្ចសហប្រតិបត្តិការ​តាម​តម្រូវការ​ចាំបាច់​»​។

លោក អាកាបាក់ ខាហ្សឺយូស៊ិ ថ្លែងថា កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ បណ្តុះបណ្តាល​អ្នក​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ និង​មន្ទីរពិសោធន៍​សំណង់​មន្ទីរពិសោធន៍​សំណង់ គឺ​នឹង​មាន​ការផ្តល់ជំនួយ​ក្នុង​គោលបំណង​រៀបចំ​ទីកន្លែង​ពិសោធន៍​ផ្ទាល់​សម្រាប់​ធ្វើតេស្ត​សម្ភារ​សំណង់​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ជំនួយ​អំពី​វិធីសាស្ត្រ​ពិសោធន៍​ ឬ​សំណង់​គំរូ​សម្រាប់​ពិសោធ​ជាដើម​។ ភាគី​ជប៉ុន​មាន​ជំនឿ​ចិត្ត​ថា នឹង​អាច​ចែករំលែក​បទពិសោធ​ល្អៗ​ដល់​ប្រទេស​កម្ពុជា​ស្តីពី​ការប្រើប្រាស់​បច្ចេកទេស​ឌីជីថល​ដ៏មាន​ប្រសិទ្ធភាព​សម្រាប់​បម្រើឱ្យ​ការងារ​រៀបចំ​ទីក្រុង និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​ទីក្រុង​។

លោក ជា សុផារ៉ា ថ្លែងថា​បច្ចុប្បន្ន ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​រៀបចំ​ដែនដី​ថ្នាក់​រាជធានី​ខេត្ត​សម្រេច​បាន​ចំនួន ៣ រួមមាន រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ព្រះសីហនុ ចំណែក​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​ទីប្រជុំជន​សម្រេច​បាន​ចំនួន ១៧ និង​ថ្នាក់ឃុំ​សង្កាត់​សម្រេច​បាន​ចំនួន ៨៧ ប្លង់​នៅ​ទូទាំងប្រទេស​។ រដ្ឋាភិបាល​ជប៉ុន ក្រោម​ហិរញ្ញប្បទាន​របស់​អង្គការ JICA ក៏​បាន​ប្រកាស​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ព័ត៌មាន​សុរិយោដី​ និង​ភូមិសាស្ត្រ គឺ​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ​វាស់វែង​ដោយ​ផ្កាយរណប​នៅ​កម្ពុជា​៕