កំពង់ស្ពឺ: ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បានដាក់លិខិតស្នើឱ្យលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃចំនួន ១ ៥០០ ហិកតា ស្ថិតនៅភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីទុកជាសម្បត្តិរដ្ឋវិញ ដោយអះអាងថាមានគេរំលោភយកធ្វើជាកម្មសិទ្ធិខុសច្បាប់។
លិខិតលោក ជា ហ៊ាន ជម្រាបជូនលោក វ៉ី សំណាង ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានពីម្សិលមិញឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០ មន្ត្រីអង្គការ ACNCIPO បានចុះទៅអង្កេតនៅលើទីតាំងដីដែលមានកំណត់បង្ហាញលេខយាមការមានផែនទីបង្ហាញទីតាំងដីបានបញ្ជាក់ថា ឈ្មោះ យឿន យឿត បានកាប់រានទន្ទ្រានដីព្រៃនៅទីតាំងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលប៉ែកខាងត្បូងបឹងទន្លេសាប ដើម្បីកាប់ព្រៃឈើរុករានទន្ទ្រានចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
អង្គការ ACNCIPO បានពិនិត្យឃើញថា ដីព្រៃនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលដែលការពារដោយព្រះរាជក្រឹត្យត្រូវបានក្រុមអនាធិបតេយ្យតែងតែឆ្លៀតឱកាសប្រើប្រាស់ពលរដ្ឋជាអ្នកចាប់ដីព្រៃតំបន់ការពារ យកទៅលក់យ៉ាងអនាធិបតេយ្យដែលធ្វើឱ្យបាត់បង់ដីព្រៃធម្មជាតិ។ ដូច្នេះលោកអភិបាលខេត្តកំពង់ស្ពឺត្រូវ ពិនិត្យ និងសម្រេចចេញដីកាដកហូតដីព្រៃទាំងនោះទុកជាសម្បត្តិរដ្ឋវិញ។
លោក ជា ហ៊ាន ថ្លែងពីម្សិលមិញថា ដីព្រៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលចំនួន ១ ៥០០ ហិកតា ត្រូវបានបុគ្គលមានអំណាចម្នាក់ឈ្មោះ យឿន យឿត ជាមន្ត្រីទីប្រឹក្សារាជរដ្ឋាភិបាលដែលមានងារជាឯកឧត្តមបានកៀរគរប្រជាពលរដ្ឋប្រមាណ ១៥០ គ្រួសារចូលទៅកាប់ទន្ទ្រាន រុករានដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បុគ្គល យឿន យឿត បានរត់ការក្លែងបន្លំឯកសារខុសច្បាប់ដែលមិនមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន ដោយបានភូតកុហកប្រជាពលរដ្ឋឱ្យចូលទៅកាប់ទន្ទ្រានដីព្រៃនោះ ហើយខ្លួនជាអ្នកធានារ៉ាប់រងពីក្រោយប្រជាពលរដ្ឋ។ ដូច្នេះលោកស្នើទៅអភិបាលខេត្ត ដើម្បីដកហូតដីទាំងនេះទុកជាសម្បត្តិរដ្ឋវិញ។
លោក ជា ហ៊ាន បញ្ជាក់ថា៖ «ខ្ញុំមានគម្រោងដាក់ពាក្យបណ្ដឹងទៅតុលាការដែរ ប៉ុន្ដែរាល់ពាក្យបណ្ដឹងរបស់ខ្ញុំ គឺតុលាការមិនទទួលយកទេ គឺគាត់រុញទៅស្ថាប័នផ្សេងៗទៅវិញ អ៊ីចឹងខ្ញុំសម្រេចចិត្តដាក់ទៅរដ្ឋបាលខេត្តសិន បើសិនរដ្ឋបាលខេត្តគ្មានចំណាត់ការអ្វីទេ ខ្ញុំនឹងបន្តដាក់លិខិតទៅសម្ដេចក្រឡាហោម ស ខេង ទៀត ដើម្បីធ្វើយ៉ាងណាដកហូតដីនោះជាសម្បត្តិរដ្ឋវិញ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកអះអាងថា កំពុងជាប់រវល់ខ្លាំងមិនទាន់អាចនិយាយទូរស័ព្ទបានទេ។
លោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា លោកមិនទាន់បានទទួលដំណឹងពីការស្នើឱ្យដកដីព្រៃរបស់លោក ជា ហ៊ាន នៅឡើយ ប៉ុន្ដែដីនៅតំបន់នោះមិនទាន់មានអ្នករំលោភយកធ្វើជាកម្មសិទ្ធិទេ ពីព្រោះសមត្ថកិច្ចតែងតែចុះបង្ក្រាប ដោយមិនអនុញ្ញាតឱ្យកាន់កាប់ដីព្រៃជាឯកជនទេ។
លោកបញ្ជាក់ថា៖ «អាជ្ញាធរមិនមានចេញលិខិតបញ្ជាក់ឱ្យមានការគ្រប់គ្រងដីហ្នឹងទេ ព្រោះកន្លងមកយើងបង្ក្រាបជាបន្តបន្ទាប់។ ដីតំបន់ហ្នឹង គឺមានពលរដ្ឋយើងរំលោភយកខ្លះដែរ ដែលគាត់មានដីចម្ការក្បែរៗហ្នឹង ហើយគាត់លួចរំកិលព្រំដីគាត់ម្ដងបន្ដិចៗចូលមកដីព្រៃ តែបើទ្រង់ទ្រាយធំ គឺមិនមានទេ»។
លោក យឿន យឿត ត្រូវបានគេស្គាល់ជាម្ចាស់ដីចំនួន ១ ៥០០ ហិកតា រស់នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោក ឌុល សុខុម មេឃុំតាសាល ស្រុកឱរ៉ាល់បានថ្លែងពីម្សិលមិញថា មួយរយៈចុងក្រោយនេះមានក្រុមជនខិលខូចកាប់រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ បើទោះបីជាអាជ្ញាធរបានបង្ក្រាបជាច្រើនលើកមកក៏ដោយ។
លោក ឌុល សុខុម បញ្ជាក់ថា៖ «ដីនេះខ្ញុំអត់បានស៊ីញ៉េទទួលស្គាល់ ឬចេញលិខិតអនុញ្ញាតឱ្យបុគ្គលណាម្នាក់ទេ ព្រោះជាដីរបស់រដ្ឋ មានព្រះរាជក្រឹត្យការពារ ហើយខ្ញុំបានប្រកាសប្រាប់ពលរដ្ឋក្នុងមូលដ្ឋានខ្ញុំហើយ គឺកុំទៅទន្ទ្រានយកដីហ្នឹង តែពួកគាត់មិនស្ដាប់អាជ្ញាធរ។ ឥឡូវលោក ជា ហ៊ាន គាត់ប្ដឹងបែបនេះខ្ញុំគាំទ្រឱ្យដកហូតដីហ្នឹងមកវិញ»៕
វីដេអូ៖