ភ្នំពេញៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។
លោក ម៉ាលីន ថ្លែងដោយឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការជាតិ និងអន្តរជាតិចំនួន ២៨ ធ្វើកិច្ចការផ្នែកសិទ្ធិមនុស្សដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីសប្ដាហ៍មុន។
របាយការណ៍នោះជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើសេចក្ដីសម្រេចមួយដោយស្នើឲ្យឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ «ធ្វើការឃ្លាំមើល និងរាយការណ៍អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។ ក្រុមអង្គការបានថ្លែងថា ការដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស «គឺដើម្បីជាការពញ្ញាក់ស្មារតីឲ្យ អ.ស.ប. គិតដល់អំពីវិបត្តិសិទ្ធិមនុស្សដែលកំពុងបន្តនៅកម្ពុជា»។
របាយការណ៍បានលើកឡើងពីកង្វល់លើទិដ្ឋភាពសិទ្ធិមនុស្សជាច្រើនរួមមានករណីលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមធ្វើនយោបាយលើសមាជិកគណបក្ស សេរីភាពសារព័ត៌មាន ការកោះហៅអតីតសមាជិកគណបក្សសង្គ្រោះជាតិដោយសមត្ថកិច្ច និងតុលាការ និងការចាប់ខ្លួនសកម្មជន។ ក្រុមអង្គការនេះក៏បានបង្ហាញក្ដីបារម្ភអំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសេរីភាពនៃការជួបជុំ និងច្បាប់សហជីពផងដែរ។
របាយការណ៍បញ្ជាក់ថា ចាប់តាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានធ្វើសេចក្ដីសម្រេចកាលពីខែកញ្ញា ឆ្នាំ ២០១៧ មក ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាបាន «ធ្លាក់ចុះយ៉ាងគំហុក»។ «សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាពីមុន និងចាប់ពីការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ បានបង្ហាញឲ្យឃើញនូវយុទ្ធនាការយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាក្នុងការប្រើអំពើហិង្សា ការគំរាមកំហែង និងតុលាការដែលខ្វះឯករាជភាព ដើម្បីបំបិទមាត់ ឬបំបាត់អ្នកជំទាស់ផ្នែកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលដែលរិះគន់រដ្ឋាភិបាល»។
អង្គការទាំង ២៨ ក៏បានស្នើឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើការថ្កោលទោស «ការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជា» លើក្រឹត្យក្រមសិទ្ធិមនុស្ស និងចាត់វិធានការដោះស្រាយការវាយប្រហារទាំងនោះ។
របាយការណ៍សរសេរថា៖ «ដោយឈរលើមូលហេតុនេះ យើងស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សឲ្យធ្វើសេចក្ដីសម្រេចមួយដោយស្នើឲ្យឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្វើការឃ្លាំមើល និងរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងដាក់ចេញនូវវិធានការដែលរដ្ឋាភិបាលគួរធ្វើ ដើម្បីដើរតាមកាតព្វកិច្ច (គោរព) សិទ្ធិមនុស្សអន្តរជាតិ»។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន បានច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស។ លោកបានថ្លែងថា រដ្ឋាភិបាលគ្រាន់តែអនុវត្តច្បាប់ដែលជាការអនុវត្តសាមញ្ញនៅក្នុងប្រទេសប្រជាធិបតេយ្យ។
លោកថា៖ «អ្វីដែលអង្គការបានលើកឡើងពីព្រោះតែពួកគេមិនសប្បាយចិត្តនឹងការអនុវត្តច្បាប់លើក្រុមដែលពួកគេគាំទ្រ»។
ចំពោះការស្នើសុំឲ្យមានចេញសេចក្ដីសម្រេចធ្វើឡើងស្របទៅនឹងការស្នើសុំរបស់ប្រទេសមួយចំនួន ហើយស្របទៅនឹងការដាក់របាយការណ៍ចុងក្រោយរបស់លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសបញ្ហាសិទ្ធិមនុស្សកម្ពុជា នៅពេលលោកស្រីផុតអាណត្តិ។
លោក ម៉ាលីន ថ្លែងថា៖ «បើសិនមានការចេញសេចក្ដីសម្រេចនោះ យើងគិតថាមួយផ្នែកនឹងនិយាយអំពីក្ដីបារម្ភដូចដែលអង្គការបានលើកឡើង។ ប៉ុន្តែយើងជឿជាក់ថា មួយផ្នែកទៀតនៃសេចក្ដីសម្រេចនោះនឹងនិយាយអំពីចំណុចវិជ្ជមាននៃកិច្ចប្រឹងប្រែងដែលកម្ពុជាបានធ្វើ»។
លោកថ្លែងថាកម្ពុជាបានធ្វើការជាមួយយន្តការអង្គការសហប្រជាជាតិ ការិយាល័យឧត្តមក្រុមប្រឹក្សា អ.ស.ប. និងដៃគូសន្ទនាផ្សេងទៀតផ្នែកសិទ្ធិមនុស្សដើម្បីនិងពន្យល់ពួកគេអំពីការអនុវត្តច្បាប់នៅកម្ពុជា។
លោកស្រី Marie-Dominique Parent អនុប្រធានការិយាល័យ OHCHR នៅកម្ពុជាថ្លែងថា លោកស្រី ស្ម៊ីត ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសកាលពីខែមីនា ២០១៥ ហើយលោកស្រីត្រូវបានបន្តអាណត្តិនៅឆ្នាំ ២០១៧។
លោកស្រីបញ្ជាក់ថា តួនាទីជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជារបស់លោកស្រី ស្ម៊ីត នឹងត្រូវពិនិត្យនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញានេះ។ ស្របពេលជាមួយគ្នានេះលោកស្រី ស្ម៊ីត កាលពីថ្ងៃចន្ទបានដាក់របាយការណ៍បន្ថែមពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព «មិនទុកអ្នកណាម្នាក់ចោល» ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ក្នុងរបាយការណ៍ ២០ ទំព័រលោកស្រីបានលើកឡើងពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុវត្តរបៀបវារៈ ២០៣០ របស់ អ.ស.ប។
របាយការណ៍បន្ថែមបានលើកឡើងនូវក្រុមដែលអាចនឹងរងហានិភ័យដោយការ «ទុកចោល» នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្រុមទាំងនោះរួមមាន កុមារ មនុស្សមានពិការភាព ជនជាតិភាគតិច មនុស្សដែលមានជីដូនជីតាជនជាតិវៀតណាម មនុស្សចាស់ អ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមស្ដ្រី។
របាយការណ៍ឲ្យដឹងថា៖ «អ្នករាយការណ៍ពិសេសបានជំរុញឲ្យរដ្ឋាភិបាល ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិដែលទទួលខុសត្រូវក្នុងការផ្ដល់សេវាសង្គម និងសាធារណៈ យកចិត្តទុកដាក់លើសិទ្ធិជនជាតិភាគតិចដោយយកចិត្តទុកដាក់បំផុត» និងអនុសាសន៍ចំនួន ៩ ចំណុចផ្សេងទៀត៕