ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ខែ​មុន នឹង​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​បក្ស​នេះ​វិញ​នៅ​ក្នុង​សមាជ​ដែល​នឹង​រៀបចំ​ធ្វើ​នា​ចុង​សប្តាហ៍​នេះ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​នៅ​ចុង​ខែ​ក្រោយ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ថា​លោក​ ប៊ុនឆៃ ត្រូវតែ​ចូល​មក​ប្រឈម​នឹង​ផ្លូវច្បាប់​វិញ ក្នុង​ករណី​តុលាការ​បន្ត​នីតិវិធី​។

លោក​ សឹង្ហ គីរី ប្រធាន​គណបក្ស​ខែ្មរ​រួបរួម​ជាតិ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​បាន​ប្រជុំ​សម្រេច​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​នឹង​ធ្វើ​សមាជ​នា​ថ្ងៃទី​ ៩ ​ខែ​មិថុនា​ដើម្បី​ផ្លាស់ប្តូរ​រូប​លោក​ដែល​ជា​ប្រធាន​បក្ស​បច្ចុប្បន្ន​ចេញ​ហើយ​តែងតាំង​លោក​ ញឹក ប៊ុនឆៃ ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ​ឲ្យ​លោក​ធ្វើ​ជា​ប្រធាន​បក្ស​វិញ ក្រោយពី​លោក​ ញឹក ប៊ុនឆៃ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយសារ​ថា​លោក​គ្រាន់តែ​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ហើយ​ថា​ការចោទប្រកាន់​នោះ​មិន​ទាន់​រកឃើញ​អ្វី​ធំដុំ​នៅ​ឡើយ​ទេ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ក៏​មិន​ជំទាស់​នឹង​បេក្ខភាព​លោក​ ញឹក ប៊ុនឆៃ ក្នុង​ការ​ឈរ​ជា​ប្រធាន​បក្ស​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​នោះ​ដែរ​។

លោក​ថា​លោក​ ញឹក ប៊ុនឆៃ មាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ និង​អាចមាន​ជ័យជម្នះ​ក្នុង​ការ​ដឹកនាំ​របស់​លោក​។

លោក​ សឹង្ហ គីរី ថ្លែង​ថា​៖ «​បើ​តាម​ខ្ញុំ​យល់ បើ​គេ​យល់​ព្រម​ឲ្យ​ឈរ​ជា​បេក្ខភាព​ហើយ ខ្ញុំ​ថា​ដូច​ជា​អត់​អី​ទេ​។ ខ្ញុំ​ដាក់​បេក្ខភាព​ (​លោក​ ញឹក ប៊ុនឆៃ​) ​ទៅ​ឈរ​ជា​តំណាងរាស្ត្រ​ហើយ គ.ជ.ប. យល់​ព្រម​មិន​មាន​បញ្ហា​អី​ទេ​មាន​ន័យ​ថា​មិន​មាន​ទោស​អី​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​សង្ឃឹម​ខ្លះ​ដែរ តែ​យើង​ក៏​មិន​ទាន់​ស្មាន​ថា យើង​អាច​ឈាន​ទៅ​រក​កៅអី​ក្នុង​រដ្ឋសភា​បាន​ប៉ុន្មាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថា សមាជិក​សមាជិការ​បស់​យើង ហើយ​ប្រជាពលរដ្ឋ​មាន​ការ​គាំទ្រ​ច្រើន​»​។

បើ​តាម​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យ​ដឹង​ថា​ទោះបី​លោក​ ញឹក ប៊ុនឆៃ ត្រូវ​បាន​ទទួល​ស្គាល់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន តំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្ស​ក៏ដោយ ប៉ុន្តែ​ប្រសិន​បើ​តុលាការ​ចាប់ផ្តើម​បន្ត​នីតិវិធី​រឿងក្តី​របស់​គាត់​ពេល​ណា​ឡើង​វិញ​លោក​ ញឹក ប៊ុនឆៃ ត្រូវ​ទៅ​បំពេញ​កាតព្វកិច្ច​ទៅ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​។

លោក​ ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា​៖ «[​បើ​តុលាការ​បន្ត​នីតិវិធី​កោះ​ហៅ​] គាត់​ត្រូវ​ចូលខ្លួន​ទៅ​ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​របស់​តុលាការ​។ បើ​កាលណា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​បាន​ន័យ​ថា​គាត់​ជាប់​ខាង​ផ្លូវ​ច្បាប់ គាត់​មិន​អាច​ធ្វើ​ជា​បេក្ខជន​បាន​ទេ​។ បើសិន​ជា​ត្រូវ​កាត់ទោស​ហើយ​គាត់​ត្រូវ​វិលត្រឡប់​ទៅ​ពន្ធនាគារ​វិញ​»​។

លោក​បន្ត​ថា​ការទទួលស្គាល់​លោក​ ប៊ុនឆៃ ជា​បេក្ខភាព​គឺ​ដោយសារ​តែ​លោក​មិន​ទាន់​មាន​ការសម្រេច​ពី​សាលក្រម​របស់​តុលាការ​កំពូល​នៅ​ឡើយ បើ​ទោះបី​ជា​នីតិវិធី​របស់​តុលាការ​ដំបូង​បាន​និង​កំពុង​បន្ត​ក៏ដោយ​។

លោក​ ជិន ម៉ាលីន​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​ថា លោក​ ញឹក ប៊ុនឆៃ អាច​នឹង​ត្រូវ​កោះ​ហៅ​មក​សួរ​ចម្លើយ​ឡើង​វិញ នៅពេល​ណា​ក៏​បាន​ឲ្យ​តែ​តុលាការ​រកឃើញ​ថា​លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដូច​ការចោទ​ប្រកាន់​។

លោក ជិន ម៉ាលីន បាន​ថ្លែង​ថា​៖ «​ដំណាក់កាល​ចោទប្រកាន់​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​។ អ៊ីចឹង​ចៅក្រម​ស៊ើបសួរ​ដាក់​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ ក្នុង​ដំណាក់កាល​ហ្នឹង តុលាការ​អាច​កោះ​ហៅ​គាត់​មក​វិញ ឬ​បន្ត​នីតិវិធី​ទៀត​បាន​គ្រប់​ពេលវេលា​ទាំងអស់​»​។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ថា​លោក​បាន​ឃុបឃិត​ក្នុង​ការ​បង្កើត​ទីតាំង​ និង​ផលិត​គ្រឿងញៀន​ដ៏ធំ​នៅ​តំបន់​ត្រែងត្រយឹង ខេត្ត​កំពង់ស្ពឺ​ដែល​ករណី​នេះ​បាន​កើតឡើង​តាំង​ពី​ប្រមាណ ១០ ឆ្នាំ​មុន​មក​ម្ល៉េះ​។ ក៏ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​សើរើ​បន្ត​នីតិវិធី​កាលពី​ឆ្នាំ​មុន​ក្រោយពី​លោក​ ញឹក ប៊ុនឆៃ ត្រូវ​បាន​សង្ស័យ​ថា​លួច​ទាក់ទង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​របស់​លោក កឹម សុខា ដែល​ក៏​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​អំឡុងពេល​បោះឆ្នោត​ឃុំ សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​។ កាល​នោះ​អតីត​បក្សប្រឆាំង​បាន​ឈ្នះ​កៅអី​ឃុំ​សង្កាត់​ជិត ៥០០ ​កៅអី និង​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥០០០ កៅអី​។ ដោយ​ឡែក គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ឈ្នះ​បាន​កៅអី​មេឃុំ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​កៅអី​ក្រុមប្រឹក្សា ឃុំ សង្កាត់​ជាច្រើន​ទៀត​។

លោក​មេធាវី សុក សំអឿន ចាត់ទុក​ការជាប់​ពន្ធនាគារ​របស់​លោក​ ញឹក ប៊ុនឆៃ គឺ​គ្រាន់តែ​ជា​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្រោយ​ពី​លោក​ត្រូវ​បាន​ចោទប្រកាន់​តែប៉ុណ្ណោះ ហើយ​ថា​លោក​នៅ​មាន​សិទ្ធិ​គ្រប់​បែបយ៉ាង​៕