ភ្នំពេញៈ ​លោក ​ឌី ​វិជ្ជា ​អគ្គស្នង​ការរង​នគរ​បាល​ជាតិ​ និង​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ​ បាន​ផ្ដល់​បទ​សម្ភាស​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ​សម្ទុះ​នៃ​បទ​ល្មើស​សម្អាត​ប្រាក់​ចូល​មក​កម្ពុជា​មាន​ការ​កើន​ឡើង​ដោយ​ប្រ​ទាក់​ក្រឡា​គ្នា​ស្មុគស្មាញ​តាម​រយៈ​ការ​នាំ​ចូល​លុយ​សុទ្ធ​ ​បច្ចេក​វិទ្យា​ទំនើប​ហិរញ្ញវត្ថុ​និង​តាមរយៈ​ធនាគារ។​

​លោក​​ វិជ្ជា​ ថ្លែង​ថា​៖​ ​«​(​បទល្មើស​សម្អាត​ប្រាក់)​ ថា​វា​ថ្មី​ក៏​បាន​ ថា​ចាស់​ក៏​បាន​ ប៉ុន្តែ​ដោយ​សារ​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ​ និង​បច្ចេក​វិទ្យា​ទំនើប​​ផង​ យើង​ត្រូវ​មាន​ការ​បណ្តុះ​បណ្តាល​ម​ន្ត្រី​របស់​យើង​ឲ្យ​ដើរ​ឲ្យ​ទាន់ ​(​ការ​រីក​ចម្រើន​ទាំង​នោះ)។​ បង​ប្អូន​មន្ត្រី​របស់​យើង​មិន​មែន​មិន​មាន​ជំនាញ​លើ​រឿង​ហ្នឹង​ទេ ​តែ​យើង​ឃើញ​ថា​ សម្ទុះ​នៃ​បទ​ល្មើស​ហ្នឹង​វា​កើន​ឡើង​ ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​ចង់​ឲ្យពួក​​គាត់​ចាប់​អារម្មណ៍​ ព្រោះ​រាល់​ថ្ងៃ​ការ​បង្ក្រាប​បទ​ល្មើស​ទាំងអស់ ប៉ុន្តែ​មិន​បាន​ដឹង​ថា ​បទល្មើស​មួយ​ណា ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់»។

​លោក ​ឌី​ វិជ្ជា​​ បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ​ ២០១៩​ អាជ្ញាធរ​កម្ពុជា​ បាន​ឃាត់​ខ្លួន​ និង​បង្ក្រាប​បាន​នូវ​ការ​នាំ​ចូល​សាច់​ប្រាក់​ផ្ទាល់​ដ៏​ច្រើន​លើសលប់​តាម​ព្រលាន​យន្ត​ហោះ​ប្រ​មាណ​ជា​ជាង​ ៤ លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ហើយ​​សាច់​ប្រាក់​ទាំង​នោះ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចោទ​ប្រកាន់​ពី​បទល្មើស​សម្អាត​ប្រាក់។​ ​ក្នុង​រយៈពេល​ដូច​គ្នានេះ​​ដែរ​ក៏មាន​បទ​ល្មើស​សម្អាត​ប្រាក់ ​តាម​រយៈ​លំហូរ​ចេញ​ចូល​នៃ​បច្ចេក​វិទ្យា ​ឬ​តាម​រយៈ​ធនា​គារ​ក្នុង​ខ្ទង់​ទឹកប្រា​ក់​ជិត​ ១០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​រក​ឃើញ​ថា​ ​ជា​លុយ​កខ្វក់។​ ​

​លោក​ វិជ្ជា​ ថ្លែង​ថា​ ក្រោយ​ពី​បង្ក្រាប​បាន​ករណី​សម្អាត​ប្រាក់​នៅ​ដើម​ខែ​នេះ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​បើក​វគ្គបណ្តុះ​បណ្តាល​បន្ថែម​​ជា​បន្តបន្ទាប់​ដល់​មន្ត្រី​នគរ​បាល​ជំ​នាញ​ ដោយ​មាន​​ការ​ធ្វើ​បទបង្ហាញ​ស្តី​ពី​ សញ្ញាណ​ទូទៅ​នៃ​បទ​ល្មើស​ និង​ការ​ស៊ើ​ប​អង្កេត​បទ​ល្មើស​សម្អាត​ប្រាក់ ​ក្នុង​គោល​បំណង​បង្កើន​ស្មារតី​យក ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ក្នុង​ប្រតិ​បត្តិ​ការ​ស៊ើប​អង្កេត​ប​ទ​ល្មើស​សម្អាត​ប្រាក់​នៅ​កម្ពុជា។​

លោក​ ឌី​ វិជ្ជា​ ថ្លែង​ថា ​ការបិទបាំង​ ការ​ក្លែង​សភាវៈ​ពិត​ ប្រភព​ ទី​តាំង​ សិទ្ធិ​ចាត់​ចែង​ និង​ការ​ធ្វើ​លទ្ធ​កម្ម​ ឬ​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ ​ដើម្បី​ឲ្យ​បុគ្គល​នោះ​គេច​ផុតពី​ផល​វិបាក​តាម​ផ្លូវ​ច្បាប់ ក៏​ស្ថិត​ក្នុង​បទ​ល្មើស​នៃ​ការ​សម្អាត​ប្រាក់​ផង​ដែរ​ ហើយ​ដោយ​សារ​តែ​បទ​ល្មើស​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្ប​ទាន​ភេរវ​កម្ម​ គឺ​ជា​បទ​ល្មើស​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ ដូ​ច្នេះ​នាំ​ឲ្យ​វិធាន​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ច្រើន​ជា​មួយ​នឹង​បទ​ល្មើស​ដទៃ​ទៀត​ ដែល​នាំ​​ឲ្យ​មាន​ការ​ភាន់​ច្រឡំ។​

​​លោក ​ឌី​ វិជ្ជា ថ្លែង​ថា​៖ ​«​បទ​ល្មើស​សម្អាត​ប្រាក់ ​ក្នុង​ពេល​បច្ចុប្បន្ន​ ច្រើន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​បទ​ល្មើស​ដទៃ​ទៀត​ដូច​ជា​បទ​ល្មើស​បច្ចេក​វិទ្យា​ ឬ​ការឆក​បោក​តាម​ប្រព័ន្ធ​អីុនធឺណិត ការ​ទទួល​ផល​ចោរក​ម្ម ​បទល្មើស​គ្រឿង​ញៀន​ជា​ដើម ​ហើយ​ក្រុម​ឧក្រិដ្ឋ​ជន​ បាន​ប្រើប្រាស់​មធ្យោ​បាយ​ជា​ច្រើន​ ដើម្បី​ធ្វើ​យ៉ាង​ណា​បំប្លែង​ប្រាក់​ទាំង​នេះ​ឲ្យ​ស្របច្បាប់​តាម​មធ្យោ​បាយ​ទុ​ច្ចរិត​របស់​ពួក​គេ​ ជា​ពិសេស​ការ​បំប្លែង​ប្រាក់​កខ្វក់​តាមរយៈ​ធនាគារ​»។​

​លោក​ វិជ្ជា​ ថ្លែង​ថា ​មន្ត្រី​នគរ​​បាល​ជំ​នាញ​កំពុង​ប្រមូល​ស្ថិតិ​ពលរដ្ឋ​​ខ្មែរ​ដែល​​កំពុង​ចាញ់បោក​បទ​ល្មើស​ទាំង​នោះ ​ដោយ​ចុះ​សហ​ការ​បន្ថែម​ទៀត​ជា​មួយ​ ក្រុម​ធនា​គារ​ ក្រុម​ហ៊ុនវេរ​លុយ​។ ​យោង​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញ​ប្ប​ទាន​ ភេរ​វកម្ម​ មាត្រា​ ២៩ បទ​ល្មើស​សម្អាត​ប្រាក់ គឺ​អាច​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ​៦ ​ថ្ងៃ ​ដល់ ​១ ឆ្នាំ ​និង​ពិន័យ​ជា​ប្រាប់​ចន្លោះ​ពី ១​ សែន​រៀល ​ដល់ ​៥ លាន​រៀល​ ដោយ​ពុំទាន់​គិត​ដល់​ បទ​ល្មើស​ទាំង​ឡាយ​ណា​ដែល​មាន​បញ្ញតិ្ត​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។​

​លោក ​ព្រាប​ កុល​ នាយកប្រតិ​បត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ជា​ទូទៅ​បទ​ល្មើស​សម្អាត​ប្រាក់ វា​ខុស​ទៅ​នឹង​​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ទៀត​ ដែល​ទាម​ទារ​នូវ​ចំណេះ​ដឹង​និង​ជំនាញ​ខ្លាំង។

លោក​ ​កុល​ ​ថ្លែង​ថា​៖​ «​ (ខ្ញុំ)​ យល់​ថា​ ជា​ការ​ពិត​អាជ្ញា​ធរ​កម្ពុជា​គួរ​ស្វែង​រក​អ្នក​ជំនាញ​ការ ដើម្បី​បង្រៀន​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ និង​សមត្ថកិច្ច​ដែល​មាន​មុខ​ងារ​បង្ក្រាប​បទ​ល្មើស​នេះ (ព្រោះ)​ ការ​យល់​របស់​មន្ត្រី​មាន​សមត្ថ​កិច្ច​ ពិត​ជា​នៅ​មាន​កម្រិត​នៅ​ឡើយ»។

​អង្គការ​ឃ្លាំ​មើល​ការ​លាងលុយ​កខ្វក់​អន្តរ​ជាតិ​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ពណ៌​ប្រផេះ​​​សាជា​ថ្មី​ ដើម្បី​ត្រួត​ពិនិត្យ​លំហូរ​ហិរញ្ញ​វត្ថុ​ វិនិ​យោគ​ និង​ពាណិជ្ជ​កម្ម​ ចេញ​ និង​ចូល​ប្រទេស​ កម្ពុជា​ ដោយ​អះអាង​ថា​ ​កម្ពុជា​ងាយ​ស្រួល​ក្នុង​ការ​ប្រព្រឹត្ត​សកម្មភាព៕​ ​