ភ្នំពេញ: អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក ណុប សុធារិទ្ធិ បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាម​បណ្ដា​ខេត្ត​/​ក្រុង​ប្រមាណ​ ៩៨ ​ភាគរយ​ មិន​ព្រម​ឲ្យ​មាន​ការបង្រួបបង្រួម​គ្នា​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ទេ​ដោយ​គ្រោង​ដាក់​លិខិតបញ្ជាក់​ជំហរ​នេះ​ថ្វាយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។

លោក ណុប សុធារិទ្ធិ បាន​ថ្លែង​ថា​សមាជិក​សមាជិកា​ចាប់​​ពី​ថ្នាក់ឃុំ ស្រុក និង​ខេត្ត​ប្រមាណ​ ៩៨ ​ភាគរយ ​នៃ​សមាជិក​​សរុប​ចំនួន​ ៥ ​សែន​នាក់ ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ទូទាំង​ប្រទេស​ពិតជា​មិន​ពេញចិត្ត​នឹង​ផែន​ការចង់​បង្រួបបង្រួម​ ឬ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ទាំង​ ២ ​នេះ​ទេ ហើយ​បានបង្ហាញ​​ការរិះគន់​ចំពោះ​អ្នករៀបចំ​ផែនការ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់បាន​ចុះទៅ​មូលដ្ឋាន​ថ្មីៗ ហើយ​ពួកគាត់​ម្នាក់ៗ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​វាសនា​ហ៊្វុនស៊ិនប៉ិច​ដែល​កំពុងមាន​មន្ត្រី​ខិលខូច​ ១ ​ក្រុម​តូច​ រៀបចំ​ផែន​ការចង់​បង្រួបបង្រួម​ជាមួយ​បក្ស​ផ្សេង​។ ​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា លោក ញឹក ប៊ុនឆៃ មិន​អាច​ក្លាយជា​អ្នក​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​ម្ដងទៀត​បាន​ទេ ព្រោះ​លោក​ធ្លាប់ធ្វើ​បក្ស​ប្រហារ និង​ធ្លាប់មាន​រឿងក្ដី​នៅ​តុលាការ​ទៀត អ៊ីចឹង​ពួកគាត់​នឹង​មិន​យល់ព្រម​ទេ​»​។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​នេះ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

ទោះយ៉ាងណា​លោក ណុប សុធារិទ្ធិ បាន​ថ្លែងថា លោក ញឹក ប៊ុនឆៃ ធ្លាប់បាន​ទៅ​សួរសុខទុក្ខ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាធម្មតា​កាលពី​ថ្ងៃទី​ ១៣ កញ្ញា ប៉ុន្ដែ​លោក​មិន​បាន​និយាយ​អំពី​រឿង​បង្រួបបង្រួម​គណបក្ស​ឡើយ​។ រីឯ​សម្ដេចក្រុមព្រះ​ក៏​មិនមាន​បន្ទូល​ជុំវិញ​រឿងនេះ​ដែរ​។

ប៉ុន្ដែ​លោក ញឹក ប៊ុនឆៃ ត្រូវ​​បាន​សារព័ត៌មាន​រស្មី​កម្ពុជា​​ដកស្រង់​សម្ដី​កាលពី​ថ្ងៃទី​ ២១ កញ្ញា​ថា​លោក​ពិតជា​បាន​ជួប​ជាមួយ​សម្តេចក្រុមព្រះ​នៅ​ដំណាក់​វាលស្បូវ​មែន ដោយ​ជំនួប​នោះ​តាមរយៈ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ជា​អ្នក​ណាត់​ឲ្យ​មាន​ជំនួប​នេះ​។

លោក​បញ្ជាក់ថា​៖ «​សម្ដេច​ក្រុមព្រះ​ជា​អ្នកមាន​ព្រះរាជបន្ទូល​ចង់​បង្រួបបង្រួម​បក្ស​នៅពេល​ខ្ញុំ​ចូលជួប​ទ្រង់​តាមរយៈ​ម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ប៉ុន្ដែ​សម្ដេចក្រុមព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​នៅ​រង់ចាំ​ជជែក​ជាមួយ​បុត្រា​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជា​ប្រធាន​ស្ដីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​...»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា អ្នកគាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​ហត់នឿយ​នឹង​ការបង្រួបបង្រួម​គ្នា​នេះ ព្រោះ​គណបក្ស​ទាំង ២ បាន​ប្រកាស​រួបរួម​គ្នា​ច្រើនលើក​មកហើយ ប៉ុន្ដែ​គេ​មិនទាន់​ឃើញ​មាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

លោក​បន្តថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ បាន​បង្កើតឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​មិនទាន់​មាន​អ្នកគាំទ្រ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​ «​ខ្ញុំ​ថា​គណបក្ស​លោក ញឹក ប៊ុនឆៃ គួរ​រក​ដៃគូ​ផ្សេង​ដែលមាន​គោលនយោបាយ​ប្រហែល​គ្នា​ទៅ ហើយ​រាជវង្ស​នៅក្នុង​បក្ស​ហ៊្វុនស៊ិនប៉ិច​គួរ​ឈប់​ធ្វើ​នយោបាយ​ទៅធ្វើ​ការងារ​មនុស្សធម៌​ក្នុងសង្គម​យើង​វិញ​ល្អ​ជាង​»​។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បែកបាក់​គ្នា​កាលពី​ឆ្នាំ ២០០៦ ដោយ​លោក ញឹក ប៊ុនឆៃ នៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ឯ​សម្ដេចក្រុមព្រះ​ធ្លាប់​បាន​បង្កើត​គណបក្ស​ថ្មី​​ជា​បន្តបន្ទាប់​គឺ​ឈ្មោះ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​។

ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៣ គឺ​នៅ​ឆ្នាំ​ ២០១៥ សម្ដេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ បាន​បង្រួបបង្រួម​គ្នា​ឡើងវិញ​ដោយ​តែងតាំង​សម្ដេចក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាថ្មី​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៦ លោក ញឹក ប៊ុនឆៃ បាន​បែក​ពី​សម្ដេចក្រុមព្រះ​ម្ដង​ទៀត​ទៅ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រហូត​ដល់​សព្វថ្ងៃនេះ​៕