ភ្នំពេញៈ លោក​ ទៀ ​បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​យោធា​ និង​មន្ត្រី​នៃ​​​គណ​បក្ស​កាន់​អំណាច​ដោ​យ​បាន​ប្រៀប​ធៀប​អំ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ និង​ការ​ដាក់​សម្ពាធ​ពី​ប្រ​ភព​ខាង​ក្រៅ​ មក​លើរាជ​រដ្ឋា​​​ភិបាល​បច្ចុ​ប្បន្ន​​ថា វា​មិន​ធ្ងន់​ធ្ងរ​ ដូច​ការ​រស់​នៅ​ក្នុង​របប​ ​ប៉ុល ពត​ នោះ​ទេ។​

​ក្នុង​ពិធី​​អប​អរ​សាទរ​​​ខួប ​៤២​ ឆ្នាំ ទិ​វា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុ​ល ​ពត​ ២០​ ​មិថុនា ១៩៧៧-​២០ ​មិថុនា​ ២០១៩​ នៅ​ភូមិ​កោះ​ថ្ម ​ឃុំ​ទ​ន្លូង​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ ​លោក​ ទៀ ​បា​ញ់​ ​ថ្លែង​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​ការ​ដាក់​សម្ពា​​ធ​យ៉ាង​ណា​ក៏​ដោយ​ គឺ​មិន​មាន​ស្អី​ហួស​ពី​សម័យ​ដែល​ ប៉ុល​ ព​ត វា​បង្កើត​គុក​ឥត​ជញ្ជាំង​ ហើយ​ដំ​ណើរ​ការ​របស់​វា​ គឺ​ដល់​អាយុជីវិត​ចាំ​តែ​ម៉ោង​ណា ​ពេល​ណា ​វេលា​ណា ​យក​ទៅ​វ៉ៃចោល​ តែ​ប៉ុ​ណ្ណឹង​»​។​

​ដោយ​មិន​បាន​លើក​ចំ​ឈ្មោះ លោក​​បាន​លើក​ឡើង​ពីការព្យាយាម​និយាយ​ខុស​ពី​ការ​ពិត​អំពី​កម្ពុជា ដោយ​លោក​ថ្លែងថា​៖ «នា​ពេល​បច្ចុប្បន្ន​នេះ តាម​រយៈ​សារ​ឆ្លង​ទ្វីប ឆ្លង​តំបន់​ ឆ្លង​ប្រទេស គឺ​មិន​មាន​ពេលណា​វេលា​ណា​ដែល​គេ​បង្អង់​ទេ ពោល​ពាក្យ​ញុះ​ញង់​បង្ក មួលបង្កា​ច់​។ ប្រវត្តិសាស្ត្រ​ពិត​អត់​មាន​លើក​ឡើង​ទេ លើក​ឡើង​ហៅ​ថា កម្ពុជាកំពុង​តែ​លិចលង់ គួប​ផ្សំជាមួយ​នឹង​មហិច្ឆ​​តា​របស់​បរទេស​ខ្លះ​ដែល​ជឿ​ស៊ុប​ក្រុម​តូច​មួយ​នោះ ​(ដែល​)​​ តែង​តែ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ទាំង​អស់ អាង​អី​គឺ​ដាក់​ទណ្ឌក​ម្ម​ អាង​អី​គឺ​ដាក់​សម្ពាធ សូម​យើង​ទាំង​អស់​គ្នា​ចង​ចាំ​ឲ្យ​ច្បាស់»​។

​លោក​ ទៀ ​បាញ់​ ក៏​បាន​អំ​ពាវ​​​​នាវ​ផង​ដែរ​ ដល់​នាយ​ទា​ហាន​ និង​ពល​ទាហាន​ត្រូវ​ពង្រីក​ពង្រឹ​ង​ការ​យល់​ដឹង​ ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ភាព​រឹង​មាំ​ក្នុង​ការ​បំ​ពេញ​​ភារ​កិច្ច​ ​ប្រឈម​ជា​មួយ​នឹ​ងទិដ្ឋ​​ភាព​ថ្មី​ នៃ​គ្រោះ​ថា្នក់​ដែល​អាច​កើត​មាន​ដោយ​ក្រុម​អគតិ​ និង​សត្រូវ​ដែល​មាន​បំណង​ធ្វើ​ឲ្យ​ប្រែ​ក្រឡាស់​នូវ​ការ​ដឹក​នាំ​រប​ស់​គណ​បក្ស​ប្រជា​ជន​ក៏​ដូច​ជា​ការដឹកនាំ​របស់​នាយក​រដ្ឋ​មន្ត្រី​នា​ពេល​បច្ចុ​ប្បន្ន​។​

លោក​ថា ការ​ធ្វើ​បែប​នេះ​ គឺ​​ដើម្បី​ពង្រឹង​សុខ​សន្តិភាព​ពង្រឹង​សមិទ្ធ​ផល​ទាំ​ង​​​ឡាយ​ដែល​កម្ពុជា​​មាន​សព្វ​ថ្ងៃ​។

លោក​​ថ្លែង​បន្ត​ថា​៖ «និយាយ​ពី​ជីវភាព គេចាត់ទុក​ថា ក្រ​ទៅៗ​ហើយ​ហៅ​ថា មិន​​អាច​ទុក​របៀ​​​​​​​ប​នេះ​បាន​ទេ ចាំបាច់​ណាស់​​គេ​ហៅ​ថា ​ត្រូវ​ដូរ​ចេញ ចាំ​បាច់​ណាស់​ ត្រូវ​តែ​ដូរ​របប​នេះ​ចេញ ដូរៗ ពី​មុន​ហ្នឹង​ស្រែក​ដូរៗ​ពេញ​ទឹក​ពេញ​ដី តាំង​ពី​ក្មេង​ក៏​បំផុស​ឲ្យ​គ្នា​ស្រែក​ដូរ​ដែរ។ វា​យ៉ាង​ម៉េច​នោះ? វាយ៉ាង​ម៉េច ខ្ញុំ​ចង់​សួរ​មើល? ពី​មុន​នោះ ​មាន​ស្អី​បាន​តែ​ចាន​ដាក់​បបរ​មួយ​មិន​ទាំង​មាន​ផង​។ ឥឡូវ​នេះ​យ៉ាង​ហោច​ណាស់​មាន​នេះ​ មាន​នោះ​អី​គ្រាន់​បើ​ដែរ មាន​ច្រើន​រឿង​ដែរ បាន​ប៉ុណ្ណឹង​ហើយ ចង់​ឲ្យ​ដូរ​ម៉េច​ទៅ​ទៀត»។

លោក ហ៊ុន សែន (ស្តាំ) នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៧៧​​។ មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ​/VNA

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​យល់ឃើ​​ញ​ថា អ្វី​ដែល​លោក​ ទៀ បាញ់ លើក​ឡើង ​ពាក់​ព័ន្ធ​​ក្រុម​ដែល​លើក​ឡើង​ថា ​កម្ពុជា​ក្រ​ ហើយ​ចង់​ផ្លាស់​ប្ដូរ​របប​នោះ គឺ​ចង់​សំដៅ​ទៅ​លើ​​មនុស្ស​ ២​ ក្រុម​ គឺ​អតីត​គណបក្ស​ប្រឆាំង​ CNR​P ដែល​ភៀស​ខ្លួន​ទៅ​បរទេស​ និ​ង​​​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដែល​មិន​បាន​ដឹង​ពី​ស្ថា​​ន​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា​។​

លោក​ គិន ភា ក៏​យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​លោកទៀ បាញ់ដែល​ថា​ សម្ពា​​ធ ​​ឬ​ទណ្ឌកម្ម​ពី​បរទេស មិន​ធ្ងន់​ដូច​គុក​ឥត​ជញ្ជាំង​របស់​ខ្មែរ​ក្រហម។ ទោះយ៉ាង​ណា​លោក​ថា អ្នក​នយោបាយ​ខ្មែរ គួរ​ឈប់​យក​ជីវភាព​របស់ពលរដ្ឋ​ និង​ការ​រីក​ចម្រើន​របស់ប្រទេស​​នា​ពេល​បច្ចុប្បន្ន​ ទៅ​ធៀប​នឹង​របប​ខ្មែរ​ក្រហម ហើយ​ថា ​បាន​ប៉ុណ្ណឹង​ចង់​បាន​អី​ទៀត។

លោក​ថា ការ​ប្រៀប​ធៀប​បែប​នេះ ​មិន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ទៀត​ទេ។ លោក​ថ្លែង​ថា៖ «សូម​អ្នក​នយោបាយ​ឈប់​ប្រៀប​ធៀប​​ទៅ​ឆ្ងាយ​ពេក គួរ​តែ​ប្រៀប​ធៀប​លក្ខណៈ​បច្ចុ​​ប្បន្ន​របស់​ប្រទេស​យើង​ទៅ​នឹ​ង​ប្រទេស​ផ្សេង​ទៀត​ ដែល​ពី​អតី​តកាល​គេ​មាន​ស្ថាន​ភាព​ដូច​យើ​ង​ ហើយ​ឥឡូវ​គេ​ដើរ​ដល់​ណា​ហើ​យ ហើយ​​យើង​ត្រូវ​នាំ​គ្នា​ឈាន​ជំហា​ន​ទៅមុខ​ទៀត​ដោយ​របៀប​​ណា។ កុំ​នាំ​គ្នា​មើល​តែ​របប​ ៣ ឆ្នាំ ៨ ខែ ២០​ ថ្ងៃ ហើយ​យក​មក​ធ្វើ​ទុន​នយោបាយ​ដ​ល់​​​ណា​ទៀត គួរ​តែ​មាន​គំនិត​ថ្មី​ឲ្យ​យុវជន​គិត​គំនិត​ថ្មីដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន »។

ក្រៅ​ពី​វាយ​ប្រហារ​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង លោក ទៀ បាញ់ ក៏​បាន​ស្នើ​ឲ្យ​​លោក​គ្រូ អ្នក​គ្រូ ឲ្យ​បង្រៀន​ខ្លឹម​សារ​ប្រវត្តិសាស្ត្រ​ពិតរបស់​កម្ពុជា។ លោក​ក៏​ស្នើ​​ផ្នែក​វប្បធម៌​ សិល្ប:​​ឲ្យ​បញ្ចូល​ប្រវត្តិសាស្ត្រ​ពិត​ឲ្យ​អ្នក​ដែល​មិន​ទាន់​ដឹង​បាន​ជ្រួតជ្រាប ចំណែក​​ព្រះ​សង្ឃ និង​អាចារ្យ​​ក៏​គួរ​តែ​បញ្ចូល​ប្រវត្តិ​​សាស្រ្តក្នុង​ការ​អប់​រំ​ដល់​ពុទ្ធសាស​​និក ផង​ដែរ។

លោក ទៀ បាញ់ ក៏​បាន​ប្រា​ប់​​ឲ្យ​ក្រុម​ស្រាវជ្រាវ​​​នៅ​វិទ្យាស្ថាន​ប្រវត្តិ​សាស្រ្ត​យោធា​ បន្ត​ស្រាវ​ជ្រាវ​ និង​ចង​ក្រង​ប្រវត្តិ​របស់​លោ​ក ហ៊ុន សែន ចាប់​ពីថ្ងៃ​ទី​​​ ២១ មិថុនា ១៩៧៧​ ដល់​​​ថ្ងៃ​ទី ​១២ ខែ ​ឧសភា ១៩៧៨ នៅ​ពេល​ដែល​លោក ហ៊ុន សែន​ ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម។

លោក​ថា៖ «ការរៀប​ចំ​ត្រូវ​បន្ត​ទៅ​ទៀត​ ដើម្បី​យើ​ង​រៀប​រាប់​រឿង​ពិត ប្រវត្តិសា​​​​ស្ត្រ​ពិត​កុំ​ឲ្យ​វង្វេងអ្នក​ជួយ​សង្គ្រោះ ​បែ​រទៅ​ជា​អ៊ីចេះ​អ៊ីចុះ អាហ្នឹង​គឺ​អត់​បាន​ទេ ខុស​ការ​ពិត»។

លោក ឆាំង​ យុ នាយក​​មជ្ឈ​មណ្ឌល​​ឯក​សារ​​កម្ពុជា ​ថ្លែង​ថា​ ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ ដែល​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរក្រហម ត្រូវ​តែ​បង្ហាញ​ឲ្យ​គេ​​ឃើញ និង​ត្រូវ​ថែ​រក្សាឲ្យ​បា​នល្អ​។

លោក​បានថ្លែង​ថា៖ «ការ​បក​​ស្រាយ​ប្រវត្តិសាស្ត្រ​បែប​នេះ គឺ​ជា​ដំណើរ​ការ​នៃ​ការ​ព្យាបាល​របួស។ វា​ជា​ដំណើរ​ដ៏​មាន​អត្ថ​ន័យ​ឆ្ពោះ​ទៅ​រក​​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ ហើយ​វា​មាន​សារៈ​សំខាន់​សម្រាប់​​មនុស្ស​ទាំង​អស់​គ្នា និង​ជាតិ​ផង​ដែរ»។

លោក​បន្ត​ថា ប្រវត្តិសាស្ត្រ​ចំណុច​នេះ ​មិន​ត្រូវ​បាន​សរសេ​រ​​លម្អិត​ពី​មុន​មក​ទេ ដោយ​សារ​​​តែវា​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វៀត​​ណាម។ ទោះ​យ៉ាង​ណា​លោក​ថា គេ​មិន​អាច​និយាយ​អំពី​រឿង​ខ្មែរ​ក្រហម​ ដោយ​មិន​​មាន​​ការ ពិភាក្សា​ដោយ​ឥត​លម្អៀង​​រឿ​ង​វៀតណាម និង​ចិន​នោះ​ទេ៕