ភ្នំពេញៈ លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​ថ្លែង​ថា ការ​លាប​ពណ៌​គឺ​ជា​មូល ហេតុ​ចម្បង​ដែ​ល​ធ្វើ​ឲ្យ​មាន​ការ​ស្អប់​ខ្ពើមគ្នា​ យក​គ្នា​ជា​សត្រូវ និង​ការ​សង​សឹក​ព្រម​ទាំង​ធ្វើ​ឲ្យ​ជាតិ​បែក​បាក់ ខណៈ​​​ការ​លាប​ពណ៌​កំពុង​តែ​បន្ត​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។

លោក​បាន​សរ​សេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​រប​ស់​​លោក​ថា៖ «ការលាប​ពណ៌​ជាមូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ ប្រជា​ជាតិ​យើង​ស្អប់​គ្នា យក​គ្នា​ជា​សត្រូវ និង​សង​សឹក​គ្នា​រហូ​ត​​ឈាន​ដល់​ការ​កកើត​សង្គ្រាម ​ដែល​មិន​នឹក​ស្មាន​ដល់។ ខ្ញុំ​សង្ឃឹ​ម​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់​រូប នឹង​ស្វែង​យល់​អំពី​រូប​ភាព ​និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​ និង​រួម​គ្នា​ទប់​ស្កាត់​ឱ្យ​ខាង​តែ​បាន​នូវ​រាល់​សកម្មភាព​លាប​​ពណ៌​នៅ​ក្នុង​សង្គម​កម្ពុជា»។

នៅ​ពេល​ទាក់ទងតាម​ទូរស័​ព្ទ​​កាល​ពី​ម្សិល​មិញ លោ​ក​​​ ទៀ បាញ់ ​ថ្លែង​ថា លោក​គ្រាន់​តែ​បាន​យក​ចំណុច​ខ្លះ ​ស្រង់​ពី​សៀវភៅ​ ស្ដី​ពី​សន្តិភាព ​និង​នយោបាយ​ឈ្នះៗ មក​ចែក​រំលែ​ក​ឲ្យ​សាធារណជន​បាន​ដឹង ដោយ​សារ​តែ​ការ​លាប​ពណ៌​ នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន។

លោក​ថ្លែង​ថា៖ «កាល​ពី​មុន​គេ​តែង​និយាយ​ថា​ អាយ៉ង​យួន អី​ជា​ដើម។ ពួក​គេ​ចេះ​តែ​ថា​ទៅ​ ឲ្យ​មា​ន​ការ​បែក​បាក់»។

លោក​បន្ត​ថា៖ «ការ​លាប​ពណ៌​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​យើង​ ដូច​​ជា​ការ​ចោទ​ថា លទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់​បាត់​ហើយ ហើយ​ថា​ យើង​មិន​គោរព​សិទ្ធិ​មនុស្ស​អី​ជាដើម។ ទាំង​អស់​នេះ ​គឺ​ជា​ការ​លាប​ពណ៌​ មួល​បង្កាច់​ខុស​ពី​ការ​ពិត​លើ​ស្ថាន​ការណ៍​ពិត។ តើ​លទ្ធិ​ប្រជា​ធិប​​តេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុ​ស្ស​​បច្ចុ​ប្បន្ននេះ​វា​យ៉ាង​ម៉េច​ បើ​ប្រៀបធៀប​ទៅ​នឹង​ពីមុន? តើ​សេរី​ភា​ព​ឥឡូវ​វា​យ៉ាង​ម៉េច? ពួក​គេ​ចេះ​តែ​និយាយ​ថា ​កម្ពុជា​មិន​មាន​សេរីភាព។ វា​យ៉ាង​ម៉េច?»។​

ទោះ​យ៉ាង​ណាលោក​រដ្ឋ​មន្ត្រី​​ការពារ​ជាតិ មិន​បាន​លើក​ចំ​ឈ្មោះ​ អ្នក​ដែល​​លោក​ថា កំពុង​លាបពណ៌​លើ​កម្ពុជា​ទេ ប៉ុន្តែ​លោក​ថា ការ​លាប​ពណ៌​ តែង​កើត​មាន​ឥត​ឈប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោកបាន​​បញ្ជាក់​​ថា៖​ «តែ​សភាពការណ៍​ពិត​ គឺ​វា​ខុស​ពី​អ្វី​ដែល​ពួក​គេ​និយាយ​ឆ្ងាយ​ណាស់​។ប្រទេស​រប​ស់​យើង​កំពុង​មាន​សន្តិភាព ​និង​សុខ​សប្បាយ។ អ្នក​ដែល​ពិបា​ក​ គឺមាន​តែ​អ្នក​​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ»។​

នៅ​ពេល​សួរ​ថា​ តើ​​ការលាប​ពណ៌​អាច​នឹង​ត្រូវ​លុប​បំបាត់​បាន​​ដោយ​វិធី​ណា​នោះ លោក​និយាយ​ថា៖ «គ្មាន​អ្នក​ណា​អាច​បញ្ឈប់​ការ​លាប​ពណ៌​បាន​ទេ ក្រៅ​ពី​សតិ​សម្បជញ្ញៈ​របស់​មនុស្ស​ម្នាក់ៗ​ដែល​ឃើញ​ជាក់​ស្ដែង​​ ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ដោយ​ខ្លួនឯង។ មនុស្ស​​ និង​ការ​ចង់​បាន​របស់​មនុស្ស​គ្មាន​ទីបញ្ចប់​ទេ។ ជា​ពិសេស​គឺ​ថា​គេ​តែង​និយាយ​ថា ពួក​​ជនអគតិ​វា​អត់​មាន​ភ័ស្តុតាង​ទេ​ វា​និយាយ​គ្រប់​រឿង​គ្រប់​យ៉ាង​គ្រប់​ពេលវេលា»។

លោកបាន​​បញ្ជាក់​ថា រដ្ឋាភិបាល​ និង​គណ​បក្ស​ប្រជាជន​កម្ពុជា​ មិន​ដែល​លាប​ពណ៌​អ្នក​ណា​ទេ។

អ្នក​វិភាគ​នយោបាយ​ លោក ឡៅ​ ម៉ុង​ហៃ ថ្លែង​ថា៖ «វា​ជា​ចំណុច​ល្អ​មួយ ​ដែល​ថ្នាក់​ដឹក​នាំ​របស់​យើង​បាន​ទទួល​ស្គាល់​ពី​សភាព​នៃ​អរិភាព​នៅ​ក្នុង​សង្គម​របស់​យើង។ លោកអាច​និង​គួរ​តែ​អនុវត្ត​ជំនាញ​ក្នុង​ការដឹកនាំ​កិច្ច​ការ​សាធារណៈ​ ហើយ​ប្រព្រឹត្ត​ប្រកប​ដោយ​សីលធម៌ ហើយ​ច្រាន​ចោល​ការ​លាប​ពណ៌​នោះ»។

អ្នកវិភាគ​ម្នាក់​ទៀត​ គឺ​លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ការ​លាប​ពណ៌​ត្រូវ​បាន​គេ​ប្រើ​ប្រា​ស់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ នៅ​ក្នុងសង្គម​កម្ពុជា ហើយ​វា​ក៏​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​ដែរ គឺ​ការ​លាបពណ៌​ក្នុង​បក្ស​កាន់​អំណាច​ ក៏​ដូច​ជា​បក្ស​ប្រឆាំង ឬ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ។

លោក​ថា ការ​លាបពណ៌​ភាគ​ច្រើន​កើត​មាន​នៅ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​សមាជិក​បក្ស​ ដែល​មិន​សូវ​សកម្ម​ហើយ​ចោទ ពួក​គេ​ថា​ ជា​ពួក​ពណ៌​ខ្មៅ​ឬ​ប្រផេះ ដែល​មាន​និន្នាការ​ទៅ​បក្ស​ប្រឆាំង។

ចំពោះគណ​​បក្ស​ប្រឆាំង​វិញ ការ​លាបពណ៌​ គឺ​ការ​ចោទ​ទៅ​លើ​សមាជិក​បក្ស​ណា​មួយ​ ដែល​មិន​យល់​ស្រប​ជាមួយ​គេ ហើយ​ត្រូវ​បាន​គេ​ចោទ​ថា លម្អៀង​ទៅ​បក្ស​កាន់​អំណាច។

លោក​និយាយ​ថា៖ «និន្នាការ​នៃ​ការ​លាប​ពណ៌​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​ធ្វើ​ឲ្យ​សង្គម​របស់​យើង​ឈាន​ទៅ​រក​ការ​បែក​បាក់»៕