ព្រះវិហារៈ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកាលពីម្សិលមិញថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬការប្រឈមមុខដាក់គ្នាដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ ហើយថាស្ថានភាពនឹងវិលត្រឡប់មករកភាពធម្មតាវិញឆាប់ៗនេះ។
ការថ្លែងបញ្ជាក់របស់ប្រមុខក្រសួងការពារជាតិកម្ពុជារូបនេះបានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា មានការប្រឈមមុខដាក់គ្នាជាថ្មីរវាងកងទ័ពកម្ពុជា និងឡាវ នៅចំណុចទន្លេពៅក្នុងតំបន់មុំ ៣ ក្នុងខេត្តព្រះវិហារ ហើយថាភាគីកម្ពុជាបានបង្កើនកម្លាំងកងទ័ព និងត្រៀមជម្លៀសប្រជាជនចំនួន ៤ ភូមិស្ថិតនៅក្នុងឃុំចំនួន ២ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ទៀ បាញ់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹងប្រឈមមុខដាក់គ្នាដូចការចុះផ្សាយនោះទេ ហើយថាបន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសទាំង ២ បានពិភាក្សាគ្នារកដំណោះស្រាយ ស្ថានភាពនឹងវិលត្រឡប់មករកសភាពធម្មតាវិញឆាប់ៗ។
លោកបញ្ជាក់ថា៖ «វានឹងវិលទៅរកសភាពប្រក្រតីវិញយ៉ាងលឿននាពេលខាងមុខនេះ។ វាមានការប្រទ្រូសប្រទ្រះគ្នាបន្តិចបន្តួចដោយសារតែការចេញផ្សាយផ្សេងៗដែលហួសហេតុ ហើយថ្នាក់លើបានជួបពិភាក្សាគ្នា ហើយរកដំណោះស្រាយ និងឯកភាពរួចជាស្រេចទៅហើយ ដូច្នេះមិនមានអ្វីទេ»។
លោកបានបន្ថែមថា បញ្ហាព្រំដែន កម្ពុជា-ឡាវ នេះ កើតឡើងដោយសារតែតំបន់នោះជាតំបន់មិនទាន់បោះបង្គោលព្រំដែនដាច់ស្រេចនៅឡើយ ហើយប្រជាជនខ្មែរបានឃើញដីនោះទំនេរក៏ទៅបង្កបង្កើនផលទីនោះ ហើយកងទ័ពឡាវបានមកដកដំណាំរបស់ពួកគាត់ ទើបប្រជាជនបានរាយការណ៍ដល់កងកម្លាំងយោធារបស់កម្ពុជាដែលធ្វើឲ្យមានការយល់ច្រឡំ។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «ពេលដំបូងវាមានការយល់ច្រឡំគ្នាបន្តិចបន្តួច។ បន្តិចទៀតវានឹងវិលមករកប្រក្រតីភាពវិញហើយ ហើយវាមិនមានបញ្ហាធំដំទេ។ អត់មានស្អីទេឥឡូវនេះ មិនដូចការចុះផ្សាយមួយចំនួនហើយឥឡូវយើងបានកំពុងជួបពិភាក្សាគ្នាហើយ យើងបាននិងកំពុងតែរុញសភាពការណ៍ឲ្យទៅជាធម្មតា»។
ទន្ទឹមនេះដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យព្រួយបារម្ភចំពោះបញ្ហារវាងកងទ័ពកម្ពុជា និងឡាវនៅតាមព្រំដែនដោយលោកបានថ្លែងថា កងទ័ពកម្ពុជា និងឡាវបានដកថយរៀងៗខ្លួន ហើយបន្ទាប់ពីលោកជួបផ្ទាល់តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលោក ថងលូន ស៊ីស៊ូលីត។
លោកនាយករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មាន Fresh News ថា៖ «នៅព្រឹកមិញ វេលាម៉ោង ៩ (ព្រឹកថ្ងៃសៅរ៍) ខ្ញុំបានជួបផ្ទាល់តាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ពនៃប្រទេសទាំង ២ ដកចេញពីតំបន់មុំបីដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះមិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទាំង ២ នៅជាមួយគ្នាស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋរបស់យើងទាំងអស់កុំមានការបារម្ភឲ្យសោះ»។
លោក មាស នី អ្នកវិភាគនយោបាយបានថ្លែងថាមានការលំបាកក្នុងការវាយតម្លៃស្ថានការណ៍ព្រំដែនកម្ពុជា-ឡាវ ដោយសារតែមានសារព័ត៌មានខ្លះបានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រៀមជម្លៀសប្រជាជនចំនួន ៤ ភូមិ ស្ថិតនៅក្នុងឃុំចំនួន ២ នៃស្រុកជាំក្សាន្តក្នុងករណីដែលមានការផ្ទុះអាវុធ ខណៈពេលដែលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានអះអាងថាពុំមានភាពតានតឹងនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំពីស្ថានភាពពិតប្រាកដ។
លោកបញ្ជាក់ថា៖ «បើយើងមើលទិដ្ឋភាពនៃព័ត៌មានដែលយើងបានឃើញ និងឯកសាររបស់មន្ត្រីមូលដ្ឋានវាទំនងជាធ្ងន់ធ្ងរ ខណៈពេលដែលព័ត៌មានពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកនាយករដ្ឋមន្ត្រីឃើញថាវាមិនធ្ងន់ធ្ងរ ដែលផ្ទុយគ្នា។ យើងកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាមានភាពខុសគ្នាបែបនេះដូច្នេះយើងមានការលំបាកក្នុងវាយតម្លៃពីរឿងនេះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានលើកឡើងថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ បានស្ងប់ស្ងាត់ទៅវិញ ដោយសារតែប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហើយលោកមើលឃើញបញ្ហាព្រំដែននេះអាចបណ្តាលមកពីភាគីប្រទេសឡាវ ដោយសារតែប្រទេសកម្ពុជាប្រកាន់យកការរស់នៅដោយសុខសន្តិភាព និងមិនបង្កជម្លោះជាមួយប្រទេសជិតខាងឡើយ។
លោកបញ្ជាក់ថា៖ «បញ្ហានេះត្រូវបានស្ងប់ស្ងាត់ទៅវិញដោយការចរចាសន្តិវិធីពីព្រោះប្រទេសកម្ពុជាមិនបង្ករឿងជាមួយប្រទេសណាបើទោះបីជាប្រទេសនោះខ្លាំង ឬក៏ខ្សោយជាងយើង ដោយសារតែយើងចង់រស់នៅដោយសុខសន្តិភាពជាមួយអ្នកជិតខាងរបស់យើង។ យើងត្រូវការពេលវេលាអភិវឌ្ឍន៍ជាតិ ហើយយើងមិនមានបំណងឈ្លោះ និងដណ្តើមទឹកដីពីប្រទេសណាមួយទេ»។
កាលពីខែសីហា ឆ្នាំ ២០១៧ កងទ័ពកម្ពុជាបានប្រឈមមុខនឹងកងទ័ពឡាវមួយរយៈពេលខ្លី នៅពេលដែលឡាវបានបញ្ជូនកងទ័ពចូលមកទាមទារកាន់កាប់នៅតំបន់ព្រៃធម្មជាតិលើបន្ទាត់ព្រំដែនប្រទេសទាំង ២ ក្នុងខេត្តស្ទឹងត្រែង។ ប៉ុន្តែទោះយ៉ាងណាបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី ដោយពុំមានការផ្ទុះអាវុធឡើយ៕