ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ បាញ់ បានថ្លែងថា លោកមិនយល់ពីគម្រោងរបស់សហរដ្ឋអាមេរិក ដែលចង់មកជួយជួសជុលអគារបញ្ជាការសន្តិសុខលំហសមុទ្រនៅទីតាំងចាស់ ដោយអាមេរិកអាចមានបំណងអ្វីមួយផ្សេងទៀត ហើយថា កម្ពុជាស្វាគមន៍បើអាមេរិក ចង់ជួយកសាងអគារបញ្ជាការសន្តិសុខលំហសមុទ្ររាមថ្មី។
ការលើកឡើងរបស់លោក ទៀ បាញ់ធ្វើឡើងបន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្នើភាគីកម្ពុជា ឲ្យពន្យល់ជុំវិញមូលហេតុដែលកម្ពុជា ផ្លាស់ប្តូរជំហរ មិនព្រមទទួលយកសំណើរបស់ភាគីអាមេរិក ក្នុងការជួយជួសជុលអគារបញ្ជាការសន្តិសុខលំហសមុទ្ររាមនិងបានធ្វើការកាត់ស្មានថា ប្រទេសកម្ពុជា អាចនឹងមានផែនការអនុញ្ញាតឲ្យមានទីតាំងយោធារបស់ប្រទេសចិននាពេលអនាគត។
លោក ទៀ បាញ់ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងការពារជាតិបានជូនដំណឹង និងពន្យល់យ៉ាងច្បាស់លាស់ជាច្រើនដងមកហើយទៅភាគីអាមេរិកជុំវិញករណីនេះ តែលោកថា ភាគីសហរដ្ឋមេរិកនៅតែមិនពេញចិត្ត និងមិនទទួលយកការបំភ្លឺទាំងនោះហើយនៅតែបន្តចោទប្រកាន់ប្រទេស កម្ពុជា ថាមានផែនការអនុញ្ញាតឲ្យប្រទេសចិន សាងសង់មូលដ្ឋានកងទ័ពទៅវិញ។
លោកបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះ យើងចង់រើទៅកន្លែងផ្សេង ដោយសារកន្លែងនេះត្រូវមានការរៀបចំ អភិវឌ្ឍក្នុងមូលដ្ឋានរាមរបស់យើងនេះ ដើម្បីឲ្យកងទ័ពជើងទឹកឲ្យមានសមត្ថភាពឡើងវិញមួយកម្រិត។គេ (អាមេរិក) មានគម្រោងថា ចង់មកជួយជួសជុលតែតាមការពិតគេមានបំណងយ៉ាងណាក៏យើងមិនដឹងដែរ ដូច្នេះគេមកចោទថា យើងច្រានចោលសំណើរបស់គេ តែតាមការពិតយើងបានឆ្លើយទៅហើយថា ឥឡូវមិនចាំបាច់ជួសជុលទេ យើងនឹងត្រៀមរើទៅកន្លែងផ្សេងហើយ»។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «គេមិនចង់បានរឿងដែលខ្ញុំបំភ្លឺរបៀបហ្នឹងទេ គេចង់បានអ្វីដែលគេនិយាយសាចុះ សាឡើងរាប់ឆ្នាំមកហើយ ថាកម្ពុជា (មានផែនការអនុញ្ញាតឲ្យចិនសាងសង់មូលដ្ឋានកងទ័ព) ហើយគេធ្វើលិខិតស្នាមមកហើយយើងបានឆ្លើយជាបន្តបន្ទាប់ថា រដ្ឋធម្មនុញ្ញរបស់យើងគ្មានអនុញ្ញាតឲ្យទ័ព បរទេសមកតាំងមូលដ្ឋានទេតែគេមិនស្តាប់ទេ ហើយគេនៅតែគិតថា (មានផែនការអនុញ្ញាតឲ្យចិនសាងសង់មូលដ្ឋានកងទ័ព) ហើយគេថា យើងរើទៅហ្នឹងដើម្បីទទួលទ័ពចិនអីណាយើងបានឆ្លើយជាបន្តបន្ទាប់ហើយ តែគេនៅតែមិនអស់ចិត្តទេ គេនៅតែចិញ្ចឹមមហិច្ឆតារបស់គេ»។
លោក ទៀ បាញ់ ក៏បានបដិសេធព័ត៌មានដែលបានលើកឡើងថា មានការសាងសង់មូលដ្ឋានទ័ពរបស់ចិន នៅខេត្តកោះកុង ថាជាព័ត៌មានមិនពិត ដោយសារតែរដ្ឋធម្មនុញ្ញប្រទេស កម្ពុជា មិនអនុញ្ញាតឲ្យបរទេសមកតាំងមូលដ្ឋានទ័ពឡើយ។
លោកបញ្ជាក់ដូច្នេះថា៖ «គេចោទគេប្រមូលរឿង ហើយគេចោទយ៉ាងនេះ ហើយយ៉ាង នោះដល់ថ្នាក់គេចោទថា ក្រុមហ៊ុន ញូញៀនដែលធ្វើព្រលានយន្តហោះ និងកំពុងធ្វើកំពង់ផែថា បានបិទបាំងមិនឲ្យគេទៅមើលខ្ញុំបានប្រាប់ហើយ សូមអញ្ជើញអស់លោកទាំងឡាយណាចង់ទៅមើលទៅចុះ»។ លោកសង្កត់ធ្ងន់ថា៖ «យើងមិនដឹងត្រូវធ្វើយ៉ាងម៉េចទេហើយយើងមិនអាចបង្ខំឬប្រដៅគេ (អាមេរិក) បានទេ»។
លោកបន្តថា ក្រសួងការពារជាតិកម្ពុជារង់ចាំទទួលស្វាគមន៍ចំពោះជំនួយសាងសង់អគារបញ្ជាការសន្តិសុខលំហសមុទ្រថ្មី ដែលគ្រោងនឹងផ្លាស់ប្តូរទៅទីកន្លែងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍តំបន់រាមនេះដោយលោកលើកឡើងថា កន្លែងថ្មីនោះ នឹងមានលក្ខណៈល្អសមស្របមានការរីកចម្រើន និងមានប្រសិទ្ធភាពល្អក្នុងការបំពេញការងារ»។
លោក ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «បើអស់លោកចង់មានសមានចិត្តចង់ជួយលើកម្រិតហ្នឹង សូមអញ្ជើញមកចុះ យើងសូមស្វាគមន៍»។
លោកក៏បានឲ្យដឹងទៀតថា ទីបញ្ជាការរបស់សន្តិសុខលំហសមុទ្រ ពីមុន គឺជាអគារចាស់ពីដើម របស់កងទ័ពជើងទឹក ហើយទីនោះត្រូវបានប្រើប្រាស់ក្នុងទីបញ្ជាការសន្តិសុខលំហសមុទ្រ ហើយរយៈពេលកន្លងមកហ្នឹងអាមេរិកក៏បានជួយបំពាក់ឧបករណ៍សម្ភារមួយចំនួនផងដែរ។
យ៉ាងណាក្តីលោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញបន្ថែមលើលិខិតរបស់លោក Joseph Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដាក់ជូនក្រសួងការពារជាតិកម្ពុជាថា ព្រឹត្តិការណ៍ថ្មីៗនេះ បានធ្វើឲ្យមានការកាត់ស្មាន អំពីផែនការទៅពេលអនាគត របស់ប្រទេស កម្ពុជា សម្រាប់មូលដ្ឋានកងទ័ពជើងទឹករាម ដោយរួមមានលទ្ធភាពនៃការអនុញ្ញាតឲ្យមានទីតាំងយោធារបស់ប្រទេស ចិន។
លោកស្រីបន្តថា រឿងនេះ ពិតជាគួរឲ្យមានកង្វល់ ដោយសារប្រទេសចិនមានឥទ្ធិពលទាំងសេដ្ឋកិច្ច និងនយោបាយច្រើននៅកម្ពុជា ដែលយើងសូមអំពាវនាវឲ្យមេដឹកនាំកម្ពុជា រក្សាការប្តេជ្ញាចិត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការប្រកាន់យកនយោបាយការបរទេសឯករាជ្យ ហើយការពារយ៉ាងសកម្មនូវឯករាជភាពរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយៗ ។
លោកស្រីបានបញ្ជាក់តាមសារអេឡិចត្រូនិកមកកាន់ភ្នំពេញប៉ុស្តិ៍ថា៖ «រាល់ជំហានដែលធ្វើឲ្យខ្សោយដល់ឯករាជភាពរបស់ប្រទេសកម្ពុជាឬបើកទ្វារចំហសម្រាប់វត្តមាននៃយោធាបរទេសនៅកម្ពុជា គឺជាកង្វល់មួយយ៉ាងធំ សម្រាប់សហរដ្ឋអាមេរិក ហើយអាចគំរាមកំហែងដល់ភាពទុកចិត្ត និងឥទ្ធិពលស្នូលរបស់សមាគមអាស៊ាន»។
កាលពីថ្ងៃចន្ទ សារព័ត៌មាន Reuters ព្រមទាំងសារព័ត៌មានបរទេស Nikkei Asian Review បានចេញផ្សាយអត្ថបទមួយ ពាក់ព័ន្ធនឹងក្រសួងការពារជាតិសហរដ្ឋអាមេរិក បានស្នើឱ្យកម្ពុជាពន្យល់ពីមូលហេតុដែលកម្ពុជាបដិសេធ មិនឱ្យសហរដ្ឋអាមេរិក ជួយជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាមូលដ្ឋានកងទ័ពជើងទឹកធំបំផុតរបស់ប្រទេសនេះ។
សេចក្តីរាយការណ៍នោះ បានដកស្រង់សម្តីលោក Michael Stelzig អ្នកប្រឹក្សាផ្នែកការពារជាតិអាមេរិកប្រចាំនៅភ្នំពេញ (The U.S. Department of Defence and Army Attache in Phnom Penh) ដោយបង្ហាញពីការព្រួយបារម្ភរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកអំពីលទ្ធភាពដែលប្រទេសកម្ពុជាកំពុងរៀបចំមូលដ្ឋានទ័ពចិននៅទីនេះ។
លោក Michael Stelzig បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា លិខិតដែលអាមេរិកបានដាក់ទៅនេះ គឺត្រូវបានផ្ញើទៅកាន់លោក ទៀ បាញ់ តាំងពីថ្ងៃទី ២៤ ខែ មិថុនា។
កាលពីខែមករា លោក Felter បានចុះទៅមើលមូលដ្ឋានកងទ័ពជើងទឹករាម បន្ទាប់ពីបានទទួលសំណើសុំជំនួយពីរដ្ឋាភិបាលកម្ពុជា។ កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានបដិសេធផងដែរចំពោះការសន្និដ្ឋានរបស់អាមេរិកដែលថា ប្រទេស កម្ពុជា អនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅក្នុងខេត្តកោះកុង។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការកាត់ស្មាន របស់អាមេរិកដែលថា ប្រទេស កម្ពុជា មានផែនការអនុញ្ញាតឲ្យមានទីតាំងយោធារបស់ប្រទេសចិននាពេលអនាគត គឺជាការបំផ្លើស និងជាការលាបពណ៌ និងជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ប្រទេស កម្ពុជា គឺជារដ្ឋដែលមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស នៅប្រទេសយើងទេ ហើយប្រទេសកម្ពុជាក៏មិនចាំបាច់ត្រូវការមូលដ្ឋានទ័ពបរទេសមកដាក់ក្នុងប្រទេសរបស់ខ្លួនដែរដោយសារតែការដាក់កងទ័ពបរទេសនៅកម្ពុជា មិនបានផលចំណេញមកកម្ពុជានោះទេ ផ្ទុយទៅវិញគឺជាការយកភ្លើងមកដាក់ក្នុងផ្ទះខ្លួនឯង»។
លោកបន្ថែមថា កម្ពុជាមានសិទ្ធិច្រានចោលឬមិនច្រានចោលសំណើក្នុងការជួសជុលអគារយោធារបស់ខ្លួនដោយសារប្រទេស កម្ពុជា ជាប្រទេសមានអធិបតេយ្យ និងឯករាជភាព ហើយមិនមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ ដោយសារកម្ពុជាមិនមែនជារដ្ឋមួយរបស់សហរដ្ឋអាមេរិកនោះឡើយ៕
រាយការណ៍បន្ថែមៈឡុង គីមម៉ារីតា