ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ប្រកាស​ថា ក្រសួង​នឹង​ផ្ដល់​ម៉ាស់​ចំនួន​ ៣ ​សែន​បន្ទះ និង​សម្លៀកបំពាក់​ការពារ​ឆ្លង​មេរោគ​មួយចំនួន​ទៅ​ក្រសួង​ការពារជាតិ​ប្រទេស ​ចិន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបង្ការ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ ឬ​ Covid-19​។

គេហទំព័រ​ក្រសួង​ការពារជាតិ​បាន​ចុះផ្សាយ​ថា ការប្រកាស​របស់​លោក ទៀ បាញ់ ដើម្បី​ផ្ដល់​ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​ឆ្លង​មេរោគ​ទៅ​កាន់​ប្រទេស​ចិន​នេះ គឺ​ធ្វើ​ឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល ហ្វឹកហ្វឺន និង​បើក​វគ្គ​សិក្សា​ឆ្នាំ​ ២០២០ ​និង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ ១ ​ខ្នង ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​តែ​យើង​ឃើញ​នូវ​ទុក្ខ​ធុរៈ​របស់​មិត្ត​ចិន​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ ក្រសួង​ការពារជាតិ​យើង​នៅ​ថ្ងៃ​នេះ​បាន​ជូនដំណឹង​ទៅ​ស្ថានទូត​ចិន​នៅ​កម្ពុជា​ហើយ ដោយ​យើង​បាន​សម្រេច​ប្រមូលបាន​ម៉ាស់​មួយ​ចំនួន​ហើយ ទោះបី​ជា​វា​មិន​ច្រើន​មែន​សម្រាប់​ប្រទេស​ចិន​ចំពោះ​ម៉ាស់​ចំនួន ៣ ​សែន​នេះ តែ​វា​ជា​ទឹកចិត្ត​របស់​យើង​ក្នុង​ការចូលរួម​ជាមួយ​មិត្ត​របស់​យើង​»​។

លោក ទៀ បាញ់ ក៏​បាន​អំពាវនាវ​ឱ្យ​នាយទាហាន​ទាំងអស់​រួមទាំង​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ដោយ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ លោក​ក៏បាន​ចាត់ទុក អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ក្លែងក្លាយ​កន្លង​មក​ថា កម្ពុជា​កំពុង​ឆ្លង​វីរុស​នេះ​ថា​ភាគច្រើន​ជា​ក្រុម​អ្នក​ក្បត់ជាតិ​ និង​ក្រុមប្រឆាំង​។

លោក ទៀ បាញ់ និង​លោក ឈុំ សុជាតិ មន្ត្រី​នាំពាក្យ​​ក្រសួង​ការពារជាតិ មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

យោងតាម​សារព័ត៌មាន​ BBC ​បាន​ចុះផ្សាយ​ថា កាលពី​ដើម​ខែកុម្ភៈ​នេះ មន្ត្រី​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោកស្រី Hua Chunying បាន​លើកឡើង​ថា អ្វីដែល​ប្រទេស​ចិន​ត្រូវការ​ជាបន្ទាន់​នៅពេល​នេះ​គឺ​ម៉ាស់​វេជ្ជសាស្ដ្រ ឈុត​សម្លៀកបំពាក់​ការពារ និង​វ៉ែនតា​ការពារ​សុវត្ថិភាព​។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ប្រទេស​ ចិន ​បាន​ប្រកាស​ថា អ្នកស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ឬ​ Covid-19 គឺ​កើន​ដល់​ចំនួន​ ២ ៦៦៣ ​នាក់​ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ ៧៧ ៦៥៨ ​នាក់​។ គិត​មកដល់​ពេល​នេះ​ប្រទេស​ជាង​ ៣០ ​ហើយ ដែល​បាន​រាយការណ៍​ថា​បាន​រកឃើញ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី និង​កំពុង​រាតត្បាត​ដោយ​វីរុស​នេះ បន្ទាប់ពី​បាន​ផ្ទុះឡើង​ដំបូង​កាលពី​ខែធ្នូ​ឆ្នាំ​ ២០១៩ ស្ថិត​ក្នុង​ទីក្រុង​វ៉ូហាន ខេត្ត​ហឺប៉ី​ប្រទេស​ចិន​។ កម្ពុជា​មិន​ទាន់​មាន​ការរាតត្បាត​នៃ​វីរុស​នេះ​នៅ​ឡើយ​ទេ ក្រៅពី​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​មួយ​ករណី​លើ​ជនជាតិចិន​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ​៕