ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​ជំរុញ​ឲ្យ​កងវិស្វកម្ម​លេខ​ ៩៦៣ ​ដែល​ជា​កម្លាំង​រក្សា​សន្ដិភាព​នឹង​ត្រូវ​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​លីបង់​ត្រូវ​ឲ្យ​ប្រុងប្រយ័ត្ន​​ជានិច្ច​ចំពោះ​ការ​វាយប្រហារ​ និង​ជំងឺ​ឆ្លង​ផ្សេងៗ​។

លោក​បាន​ថ្លែង​ថា​៖ «​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះថ្នាក់​គ្រប់​ប្រភេទ​ទាំង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​រវាង​ការ​ប្រយុទ្ធ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​នានា​ដោយ​ការ​វាយប្រហារ​ពួនស្ទាក់ និង​គ្រោះថ្នាក់​ដោយ​ជំងឺ​ឆ្លង និង​ជំងឺ​កាច​សាហាវ​នានា​»​។

កាលពី​យប់​នៃ​ថ្ងៃ​ទី​ ៨ ខែ​ឧសភា​ឆ្នាំ​មុន​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​បាន​រង​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ដែល​បណ្តាល​ឲ្យ​កងកម្លាំង​កម្ពុជា ៤ ​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​។

កងកម្លាំង​រក្សា​សន្ដិភាព​កម្ពុជា​នៅ​ក្នុង​ពិធី​ពី​ម្សិលមិញ​។ហេង ជីវ័ន

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨ ខែ​មករា​ឆ្នាំ​ ២០១៨​ ​នេះ​ក្នុង​ឱកាស​លោក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូន​ដំណើរ​កងវិស្វកម្ម​លេខ​ ៩៦៣ ទៅ​ប្ដូរ​វេន​កងវិស្វកម្ម​លេខ​ ៣៦៩ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​លីបង់ និង​កងវិស្វកម្ម​លេខ​ ៤៥៩ បញ្ចប់​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​បញ្ជូន​កម្លាំង​រក្សា​សន្ដិភាព​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​នៅ​តំបន់​អាហ្វ្រិក​ មជ្ឈិមបូព៌ា​ និង​អឺរ៉ុប ហើយ​រាជរដ្ឋាភិបាល​នឹង​បន្ត​បញ្ជូន​កម្លាំង​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​រួម​វិភាគទាន​ដល់​កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្ដរជាតិ​ដើម្បី​បុព្វហេតុ សន្ដិភាព សន្ដិសុខ និង​មនុស្សធម៌​លើ​ពិភពលោក​។

លោក​ ទៀ បាញ់ ​ថ្លែង​ថា​៖ «​រាល់​លើក​យើង​តែងតែ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លង​មក​ហើយ​យើង​បាន​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ​ណាស់​»​។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា​កងវិស្វកម្ម​លេខ​ ៩៦៣ ​មាន​ចំនួន​ ១៨៤ ​នាក់​ហើយ​ក្នុង​រយៈពេល​ជិត​ ១២ ​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​រក្សា​សន្ដិភាព​ជិត​ ៥០០០ ​នាក់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​៕