ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការរុះរើ​អគារ​នៅ​ទីបញ្ជាការ​ជួរមុខ​សន្តិសុខ​លម្ហ​សមុទ្រ​នៃ​មូលដ្ឋានទ័ព​រាម ដោយ​លើកឡើង​ថា ធ្វើ​ឡើង​ដើម្បី​រើ​ទៅ​ទីតាំង​ថ្មី​ល្អ​ជាង​មុន និង​បើកផ្លូវ​សម្រាប់​ការអភិវឌ្ឍ​នៅ​ឆ្នេរសមុទ្រ​រាម​។

ការពន្យល់​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​សិក្សា​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បានបង្ហាញ​រូបភាព​ពី​ផ្កាយរណប​ថា កម្ពុជា​បាន​រុះរើ​អគារ​ដែល​កសាង​ដោយ​សហរដ្ឋ​អាមេរិក​។

អង្គការ​មួយ​ឈ្មោះថា ការសិក្សា​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ហៅ​កាត់ CSIS មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​ ២ ​ខែ​តុលា​ បាន​ចេញ​ផ្សាយ​នូវ​រូបភាព​ថត​ពី​ផ្កាយរណប​មួយ ដោយ​អះអាង​ថា កម្ពុជា​បាន​រុះរើ​អគារ​មួយ​ដែល​សាងសង់​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​ ២០១២ ​នៅ​មូលដ្ឋាន​ទ័ពជើង​ទឹករាម​ក្នុង​ខេត្ត​ព្រះសីហនុ​។

CSIS អះអាង​ថា អគារ​នោះ​ត្រូវបាន​រុះរើ​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ១០ ខែកញ្ញា​។ អគារ​នេះ​ត្រូវ​ប្ដូរ​ទីតាំង​បន្ទាប់ពី​មាន​ការរាយការណ៍​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ដែល​អនុញ្ញាត​ឱ្យ​ [​ទ័ព​] ​ចិន​ចូលមក​ឈរជើង​នៅទីនេះ​។

ក្រៅពី​បង្ហាញ​រូបភាព​ដែល​បង្ហាញ​អគារ​ដែល​បាត់បង់​នោះ អង្គការ CSIS បាន​ស្រង់​ការចុះផ្សាយ​របស់​កាសែត The Wall Street Journal ដែល​បាន​លើកឡើង​កាលពី​ឆ្នាំមុន​ថា កម្ពុជា​ធ្លាប់​បាន​បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការជួសជុល​អគារ​ ១ ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម​នេះដែរ​។

បើ​តាម​គេហទំព័រ​របស់ CSIS ក្នុង​ចំណោម​គណៈ​គ្រប់គ្រង​អង្គការ CSIS មាន​អតីតមន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ដូចជា លោក Hengry A. Kissinger អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​ជា​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​, លោក William H. Frist អតីត​មេដឹកនាំ​មតិ​ភាគច្រើន​នៃ​ព្រឹទ្ធសភា​លោកស្រី Carla A. Hill អតីត​តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Howard Leach អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​បារាំង​លោក Sam Nunn និង​លោក John Warner ដែល​អ្នក​ទាំង​ ២ ​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។

ជា​ការឆ្លើយតប​នឹង​ការលើកឡើង​របស់​ CSIS ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ទីតាំង​ដែល CSIS បានលើកឡើង​នោះ គឺជា​ទីបញ្ជាការ​ជួរមុខ​លម្ហសមុទ្រ​ដែល​ជា​ផ្នែកមួយ​សម្រាប់​ប្រចាំការ​តែ​ទីបញ្ជាការ​ធំ​របស់​មូលដ្ឋានទ័ព​រាម​ស្ថិតនៅ​ខាងលើ​។ ប៉ុន្តែ​ដោយសារ​តែ​គម្រោង​ពង្រីក​ផែ និង​អូរ​និង​ការអភិវឌ្ឍ​នៅ​កំពង់ផែរាម​បាន​មក​ដល់​ទីតាំង​តូច​មួយ​នេះ មិនអាច​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​បានទេ​។ ដូច្នេះហើយ​ទើប​ទីតាំង​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ទីតាំង​ថ្មី​នៅ​កោះព្រាប​ដែល​មាន​ទំហំ​ធំ​ជាង​។

ចំពោះ​ការបដិសេធ​ជំនួយ​សហរដ្ឋអាមេរិក​ក្នុង​ការជួសជុល​អគារ​មួយ​ចំនួន​នៅ​បញ្ជាការ​ជួរមុខ​នៅ​ឆ្នេររាម​លោក ទៀ បាញ់ បាន​មានប្រសាសន៍​ថា ការបដិសេធ​នោះ​ធ្វើ​ឡើង​ដោយសារ​តែ​កម្ពុជា​បាន​មាន​ផែនការ​រួចហើយ​ក្នុង​ការរើ​ទីបញ្ជាការ​ជួរមុខ​ទៅ​ទីតាំង​ថ្មី​នៅ​កោះព្រាប​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា បើ​មាន​សន្ដាន​ចិត្ត​ចង់​ជួយ​គឺ​ទៅ​ជួយ​ឱ្យបាន​ខ្លាំងក្លា​នៅ​កន្លែង​ថ្មី​។ យើង​រៀបចំ​កន្លែង​នោះ​ឱ្យ​ទំនើប​តែម្ដង​គឺ​ជួយ​នៅ​កន្លែង​នោះ​វិញ​។ កន្លែង​នេះ​យើង​នឹង​អភិវឌ្ឍ​ផ្សេង​ហើយ ដូច្នេះ​យើង​រើ​ទៅ​កន្លែង​ថ្មី ធ្វើឱ្យ​វា​ល្អ​។ យើង​បាន​និយាយ​អ៊ីចឹង ហើយ​យើង​បាន​បញ្ជាក់​ទៀតថា យើង​មិន​ជួសជុល​ទៀត​ទេ​កន្លែងចាស់​នេះ​»​។

ការរុះរើ​អគារ​នេះ​លោក​ថា មិនមែន​ជា​រឿង​អ្វី​ធំដុំ​ទេ ប៉ុន្តែ​អ្នក​ដែល​ចោទប្រកាន់​ចេះតែ​ពង្រីក​ឱ្យ​វា​ទៅ​ជា​រឿង​ធំ ដោយ​ចោទ​ថា កម្ពុជា​រុះរើ​អគារ និង​បដិសេធ​ជំនួយ​ជា​ហូរហែ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នៅក្នុង​ដែន​អធិបតេយ្យ​របស់​យើង​មាន​សិទ្ធិ​ចាត់ចែង​ចង់​ទៅ​ដាក់​កន្លែង​ណា​វា​សមស្រប​ជាង កន្លែង​នោះ​វា​មិន​សមស្រប យើង​លើក​ទៅ​ដាក់​កន្លែង​ផ្សេង​។ វា​ហាក់​ដូចជា​មិន​មាន​អី​ត្រូវ​ជ្រៀតជ្រែក​ខ្លាំងក្លា​ពេក​ទេ ព្រោះ​វា​ក្នុង​អធិបតេយ្យ​របស់​យើង​។ យើង​ត្រូវធ្វើ​អី​ក៏​ធ្វើ​បាន​ដែរ​។ ដូច្នេះ​បាន​ជា​យើង​មិន​ទទួល​យក​ការជួសជុល​ទេ គឺ​យើង​ទៅធ្វើ​ថ្មី​។ ដូច្នេះ​បើ​មាន​សន្ដាន​ចិត្ត​ចង់​ជួយ ទៅ​ជួយ​កន្លែង​ថ្មី​ចុះ​»​។

កាលពី​ថ្ងៃទី​ ៣ ខែ​តុលា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​បញ្ជាក់​អំពី​រឿងនេះ​ជាមួយ​នឹង​សារព័ត៌មាន​មួយ​ថា តាមពិត​សហរដ្ឋអាមេរិក​មិន​បាន​កសាង​អគារ​ដែល​បាន​លើក​ឡើង​នេះ​ទេ ប៉ុន្តែ​បាន​ជួសជុល​បន្តិចបន្តួច​អគារ​ចាស់​របស់​កងទ័ព​ជើងទឹក និង​បាន​បំពាក់​ឧបករណ៍​បន្តិចបន្តួច​ដើម្បី​បម្រើ​ការឱ្យ​ទីបញ្ជាការ​ជួរមុខ​របស់​សន្តិសុខ​លម្ហសមុទ្រ​នោះ​។ លោក​ថា​ការចោទប្រកាន់​នេះ​គឺជា «​សារជាតិ​របស់​មហាអំណាច​ដែល​មាន​គោលបំណង​រារាំង​អ្វីមួយ​»​។

ការសាងសង់​ទីបញ្ជាការ​ជួរមុខ​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន និង​មាន​តម្លៃ​លើស​កន្លែងចាស់​រាប់រយ​ដង ដោយមាន​ទាំង​កន្លែង​ចត​នាវា កន្លែង​សម្រាក និង​ងាយស្រួល​ចេញ​ប្រតិបត្តិការ​។ កម្ពុជា​ស្វាគមន៍​ការចូល​មកជួយ​បន្ថែម​ទៀត ដោយ​ផ្អែកលើ​ផលប្រយោជន៍​ទៅវិញទៅមក ដោយ​គ្មាន​ការគំរាម​កំហែង​។ ប៉ុន្តែ​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា កម្ពុជា​អាច​ធ្វើ​បាន​អ្វីដែល​ចង់​ធ្វើ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ ទៀ បាញ់​។

កាលពី​ខែ​កក្កដា​ឆ្នាំ​មុន មន្ត្រី​សហរដ្ឋអាមេរិក​មិន​បញ្ចេញឈ្មោះ​បាន​លើក​ឡើង​នូវ​ការចោទប្រកាន់​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន​ដែល​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើង​ទឹក​កម្ពុជា​នៅ​រាម​។ មន្ត្រី​ទាំងនោះ​បាន​អះអាង​ថា តាមរយៈ​កិច្ចព្រមព្រៀង​សម្ងាត់​នោះ យោធា​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​រាម​រយៈពេល​ ៣០ ​ឆ្នាំ ហើយ​កុងត្រា​នោះ​នឹង​ត្រូវ​បន្ត​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ ក្រោយពី​កុងត្រា ៣០ ឆ្នាំ​បាន​បញ្ចប់​។ កុងត្រា​នោះ​អាច​អនុញ្ញាត​ឱ្យ​យោធា​ចិន​ឈរជើង ស្តុក​ទុក​នូវ​អាវុធ និង​ចត​នាវាចម្បាំង​។

យ៉ាងណា​ក៏ដោយ​កម្ពុជា​បាន​ច្រានចោល​ការចោទប្រកាន់​បែប​នេះ​ជា​បន្តបន្ទាប់​។

ក្រសួង​ការពារជាតិ​កម្ពុជា​នៅ​ចុងខែ​កក្កដា​ឆ្នាំ​មុន ក៏បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន រ៉យទ័រ អេភី និង​អាអេហ្វប៉េ និង​សារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន​ទៀត​ទៅ​ទស្សនា​មូលដ្ឋាន​ទ័ពជើងទឹក​រាម​។ អ្នកកាសែត​ជាច្រើន​បាន​អះអាង​នៅពេល​នោះ​ថា ពួកគេ​មិនបាន​ឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា មាន​វត្តមាន​ទ័ព​បរទេស​នៅ​ទីនោះ​ទេ​។

លោក​រដ្ឋមន្ត្រី ទៀ បាញ់ ថ្លែង​បញ្ជាក់​ពី​ម្សិលមិញ​ថា លោក​បាន​ស្វះស្វែង​ចរចា រក​ជំនួយ​មក​អភិវឌ្ឍ​មូលដ្ឋានទ័ព​រាម​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​ហើយ​។ លោក​មានប្រសាសន៍​ថា​៖ «​ថា​ចង់​ជួយ​អ៊ីចេះ ជួយ​អ៊ីចុះ តែ​តាមពិត​គ្មានទេ​។ ដូច​ខ្ញុំ​និយាយ​ច្រើន​ហើយ ដូច​សន្តិសុខ​លម្ហសមុទ្រ​ដែល​បាន​ជួយ​បន្តិច​នោះ បើ​មានចិត្ត​ចង់​ជួយ​ទៀត ជួយ​មក​ឱ្យបាន​ទំនើប​បំពាក់​ឱ្យបាន​ណា​ណី​ម្ដង​។ មិន​ត្រឹមតែ​មិន​ [​ឱ្យ​] ទេ ជំនួយ​ដែល​បាន​ព្រមព្រៀង​ហើយ ប្រកាស​ហើយ កាត់​ទៅទៀត​ផង ដូចជា​នាវា​តូចៗ​នោះ​មិន​យកមក​ទៀតផង​»​។

លោក​បន្តថា​៖ «​គោលដៅ​របស់គេ គេ​ថា កំពង់ផែ​រាម​ធ្វើ​សម្រាប់​ចិន​អី​ជាដើម តាម​តែ​គេ​ចោទ​។ ដូច្នេះ​កម្ពុជា​ហាក់​ដូចជា​គេ​មិន​ឱ្យមាន​សិទ្ធិ​អី​ក្នុង​ការអភិវឌ្ឍ កុំ​ឱ្យ​មាន​សិទ្ធិ​ក្នុង​ការស្ថាបនា ឬ​ស្វះ​ស្វែងរក​ជំនួយ ដើម្បី​ការពារជាតិ​ការពារ​មាតុភូមិ​របស់ខ្លួន​នោះទេ​។ គេ​គិតគូរ​ថា អ៊ីចឹង​។ គេ​ចោទ​ថា ឱ្យទៅ​អ្នកនេះ អ្នកនោះ​ជាដើម​តាមតែ​គេ​ចោទ​»​។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ស្ថានទូត​បានឃើញ​មាន​ការរាយការណ៍​គួរឱ្យ​ជឿជាក់​ថា អគារ​សន្តិសុខ​សមុទ្រ​ផ្ដល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋានទ័ព​រាម​ត្រូវបាន​រុះរើ​ដោយ​ផ្នែក​។ ទោះយ៉ាងណា​លោក​បង្វែរ​សំណួរ​ឱ្យ​សួរ​ទៅ​កងទ័ព​កម្ពុជា​វិញ អំពី​ការអភិវឌ្ឍ​ «​គួរឱ្យ​បារម្ភ​» ​នេះ​។

លោក Roedemeier ថ្លែង​ដូច្នេះ​ថា​៖ «​យើង​នៅតែ​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ប្រើប្រាស់​អគារ​យោធា​ដោយ​ផ្ដាច់មុខ​នៅក្នុង​ព្រំដែន​របស់ខ្លួន​។ ការសម្របសម្រួល​ឱ្យ​ដៃគូ​របស់​កម្ពុជា​ទាំងអស់​ចូល​ទៅ​រាម ដូចដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ហើយ​គ្មាន​ប្រទេស​ណាមួយ​មាន​វត្តមាន​ផ្ដាច់មុខ ឬ​ជា​អចិន្រៃ្តយ៍​នោះ​គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ​ដើម្បី​ចៀសវាង​ការសឹក រេចរឹល​នៃ​ស្ថិរភាព​ក្នុង​តំបន់​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​នាពេល​លោក​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វ៊ីស​កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិនអនុញ្ញាត​ឱ្យមាន​វត្តមាន​ទ័ព​បរទេស​នៅ​លើ​ដី​កម្ពុជា ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យមាន​ទ័ព​កម្ពុជា​នៅលើ​ទឹកដី​ប្រទេស​ដទៃ​នោះដែរ​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បញ្ជាក់​ជា​ឱឡារិក មិន​ថា​ [​ទ័ព​] ​ចិន ឬ​ក៏​នរណា​ [​ទ័ព​ប្រទេស​ណា​] ​ទេ គឺ​មិន​ត្រូវមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​ទេ​»៕

វីដេអូ៖