ភ្នំពេញៈ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋន្ដ្រី​ក្រសួង​ការពារ​ជាតិ​កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ​ចំពោះ​ការ​បោកប្រាស់​របស់​ជន​ខិលខូច​មួយ​ចំនួន​ដែល​​អាច​ធ្វើ​ឲ្យ​មាន​​ជាប់​ពាក់ព័ន្ធ​នឹង​​​អំពើ​ល្មើស​ច្បាប់​ចូលរួម​ប៉ុនប៉ង​​​​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់។

ការ​អំពាវនាវ​របស់​លោក ទៀ បាញ់ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ពួក​គេ​ថា ពួក​គេ​នឹង​រង់ចាំ​​ទទួល​ស្វាគមន៍​ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ថ្នាក់​ដឹកនាំ​បក្ស​នេះ​នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក ទៀ បាញ់​ បាន​ថ្លែង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា៖ «​សូម​បង​​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ មេត្តា​​​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​បោកប្រាស់​របស់​ជន​ខិលខូច​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​បងប្អូន​ជាប់​ពាក់ព័ន្ធ ជា​ពិសេស​ការ​ចូលរួម​ប៉ុនប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត»។

លោក ស៊ឹង សែនករុណា​ អ្នក​​​នាំពាក្យ​​សមាគម​ការពារ​សិទ្ធិ​​មនុស្ស​អាដហុក ​លើក​ឡើង​​ថា សារ​របស់​លោក ទៀ បាញ់ គឺ​ជា​​ការ​ឆ្លើយ​តប​ ទៅ​នឹង​សារ​របស់​លោក សម រង្ស៊ី ដែល​ថា​លោក​​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​​កម្ពុជា​​វិញ។

លោក​បន្ត​ថា​៖ ​«ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ ជា​សិទ្ធិ​​របស់​ពួក​គាត់​ហើយ​បើ​គាត់​យល់​​ថា គាត់​ចង់​ចូល​ ឬ​មិន​ចូល​ជា​សិទ្ធិ​​របស់​​ ពួក​គាត់​ ដូច្នេះ​ការ​លើក​ឡើង​របស់​​ថ្នាក់​ដឹកនាំ​ណា​មួយ​ដែល​រារាំង ​ឬ​រំលោភ​សិទ្ធិ​​របស់​​ពួក​គាត់ វា​ជារឿង​មិន​ត្រឹមត្រូវ​នឹង​រំលោភ​គោលការណ៍​សិទ្ធិ​​សេរីភាព​មូលដ្ឋាន​របស់​​ប្រជាពលរដ្ឋ​​ក្នុង​ការ​ចូលរួម​សិទ្ធិ​ផ្នែក​នយោបាយ​»។

លោក​ សែនករុណា ក៏​បាន​សម្តែង​នូវ​​ការ​ព្រួយ​បារម្ភ​ចំពោះ​​ស្ថានភាព​ដែល​​អាច​ប្រឈម​មុខ​​ដាក់​គ្នា​ រវាង​កម្លាំង​ប្រជាពលរដ្ឋ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​​ប្រសិន​បើ​លោក ​សម រង្ស៊ី ​ពិត​ជា​វិល​ត្រឡ​ប់​​មក​កម្ពុជា​វិញ​ដោយ​ពុំ​មាន​ការ​សម្រប​សម្រួល​នយោបាយ​។

លោក ​សម រង្ស៊ី បាន​ប្រកាស​កាល​ពី​​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី ៩​ ខែ ​វិច្ឆិកា​ខាង​មុខ ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស​​ ឲ្យ​រួម​ដំណើរ​វិល​ត្រឡប់​មក​ជាមួយ​រូប​លោក និង​ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​​រង់ចាំ​ទទួល​ស្វាគមន៍​ផង​ដែរ​​។

អាជ្ញាធរ​កម្ពុជា បាន​​ប្រកាស​យ៉ាង​ដាច់​ណាត់​​ជា​ច្រើន​លើក​មក​ហើយ​ថា ពួក​គេ​នឹង​ចាប់​ខ្លួន​លោក សម រង្ស៊ី ភ្លាមៗ​ទៅ​តាម​សាលដីកា​របស់​តុលាការ​នៅ​ពេល​ដែល​មេ​បក្ស​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ មក​ជាន់​​ទឹក​ដី​កម្ពុជា។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ នៃ​​អតីត​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ចាត់​ទុក​ការ​លើក​ឡើង​​របស់​លោក ទៀ បាញ់​ថា ​ជា​ការ​​​រំឭក​ដល់​ប្រជាពលរដ្ឋ​​កុំ​ឲ្យ​​មាន​ការ​ពាក់ព័ន្ធ​ទៅ​​នឹង​សកម្មភាព​នានា​របស់​លោក សម រង្ស៊ី ដោយ​បារម្ភ​ខ្លាច​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​តវ៉ា​ផ្សេងៗ ដែល​នាំ​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​។

ប៉ុន្តែ​លោក​ថា ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​ចូលរួម ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។ លោក​បញ្ជាក់​ថា៖ «ការ​តវ៉ា​អាច​​កើត​ឡើង ​ឬ​ក៏​ផ្ទុះ​ឡើង​​នូវ​ចលនា​ណា​មួយ​ ដូច្នេះ​​វា​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន​របស់​រាជរដ្ឋាភិបាល។

ការ​លើក​ឡើង​នេះ​វា​ត្រឹមត្រូវ​​ហើយ​ដែល​គេ​រំឭក​ដល់​ប្រជាពលរដ្ឋ ​និង​ត្រៀម​​ខ្លួន​ដើម្បី​ទប់ស្កាត់​ តែ​បើ​កម្លាំង​សមត្ថកិច្ច​ចាប់​អ្នក​ដែល​ចូលរួម វា​ជា​កា​រឹត​ត្បិត​សេរីភាព​»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា ​សារ​របស់​លោក ទៀ បាញ់ ​គឺ​សំដៅ​ថា​ រាជរដ្ឋាភិបាល​នឹង​ចាត់​​វិធានការ​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​មាន​​ចលនា​ណា​មួយ​ដែល​បង្ក​ចលាចល​នៅ​ក្នុង​សង្គម ដោយសារ​តែ​រាជ​រដ្ឋាភិបាល​មាន​ភារកិច្ច រក្សា​សន្តិសុខ និង​សន្តិភាព សុវត្ថិភាព​សង្គម។

លោក​ថា៖ «ពេល​ពលរដ្ឋ​ចូលរួម​នូវ​ចលនា​ណា​មួយ​ ដែល​វា​មិន​ស្រប​​ច្បាប់​យើង​មិន​គាំទ្រ ហើយ​យើង​គាំទ្រ​ការ​លើក​ឡើង​​របស់​សម្តេច​ពិជ័យ​សេនា។ តែ​ប្រសិន​បើ​ការ​តវ៉ា​របស់​ សម រង្ស៊ី​ ធ្វើ​តាម​ច្បាប់​លទ្ធិប្រជាធិបតេយ្យ វា​ពុំ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ​ លើកលែង​តែ​ការ​តវ៉ា​នោះ​វា​រំលោភ​គោលការណ៍​ច្បាប់»។

កាល​ពី​ថ្ងៃទី ១៤ ខែ សីហា លោក ស ខេង ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​​ធ្វើ​ការ​អំពាវនាវ​​ផង​ដែរ​ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ ជឿ​​ទៅ​តាម​​ការ​ឃោសនា​អូស​ទាញ​របស់​អ្នក​នយោបាយ​ខ្លះ​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ។

សូម​បញ្ជាក់​ថា​ ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​បាន​ជួប​ប្រជុំ​គ្នា​​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​​ត្រៀម​កម្លាំង​អនុវត្ត​​ដីកា​របស់​តុលាការ ដើម្បី​​ចាប់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​​មក​កាន់​ប្រទេស ​កម្ពុជា​៕