ភ្នំពេញៈ ​លោក នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ថា ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​មានបំណង​តែមួយ​គឺ​កាត់បន្ថយ​គ្រោះថ្នាក់ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​ដ៏ច្រើន​លើសលប់​បាន​គោរព​ច្បាប់ ខណៈ​​ ៣ ​ថ្ងៃ​មាន​រថយន្ត​ ​និង​ម៉ូត​ជាង​ ៨ ​ពាន់​គ្រឿង​ត្រូវបាន​ផាកពិន័យ​។ រីឯ​សង្គម​ស៊ីវិល​ថា តាំងពី​មានការ​បង្កើន​ប្រាក់​ផាកពិន័យ​មក ឥរិយាបថ​អ្នក​បើកបរ​មាន​ការផ្លាស់ប្ដូរ​ដែល​បង្ហាញ​ពី​សញ្ហា​ល្អ​មួយ​។

លោក នេត សាវឿន បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា អ្នកបើកបរ​យានយន្ត​រាប់លាន​គ្រឿង​បាន​គោរព​ទៅ​តាម​ច្បាប់​ចរាចរណ៍ និង​មាន​តែ​អ្នកបើកបរ​ ១ ​ទៅ​ ២ ​ពាន់​គ្រឿង​ប៉ុណ្ណោះ ​ដែល​បើកបរ​ល្មើសច្បាប់ ហើយ​ត្រូវបាន​នគរបាល​ឃាត់​ផាកពិន័យ​នា​រយៈពេល​ ២-៣ ​ថ្ងៃ​ នៃ​ការចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​មកនេះ​។

លោក​ថា​៖ «​រឿង​សំខាន់​គឺ​ខ្ញុំ​ទទួលស្គាល់​អ្នកធ្វើ​ដំណើរ​នៅលើ​ដងផ្លូវ​យ៉ាងច្រើន​លើសលប់​គឺ​បាន​គោរព​ច្បាប់ គឺ​មាន​រាប់លាន​គ្រឿង​ដែល​គោរព​ច្បាប់ ហើយ​ ១ ​ពាន់​ ឬ​ ២ ​ពាន់ ​ដែល​បាន​ផាក​ហ្នឹង​ដើម្បី​កែតម្រូវ​គាត់ ដើម្បី​ឱ្យ​គាត់​រាងចាល ​និង​ងាក​មក​គោរព​ច្បាប់​វិញ​។ គឺ​សំខាន់​ជួយ​ដាស់​ស្មារតី​គាត់ និង​ជួយ​គាត់​កុំឱ្យ​អស់​លុយ​។ កុំ​ជិះ​ខុស​ (​ច្បាប់​)​ ទៅ វា​អត់​អស់​លុយ​ទេ កុំ​ជិះ​ខុស​ទៅ​វា​អត់​មាន​គ្រោះថ្នាក់​ទេ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ខ្ញុំ​ប្រើពាក្យ​ថា អ្នកដំណើរ​តាម​ផ្លូវ​ច្រើន​លើសលប់​គឺ​គោរព​ច្បាប់ ងាក​ទៅ​រក​សណ្ដាប់ធ្នាប់ ងាក​ទៅ​រក​សេចក្ដី​ថ្លៃថ្នូរ​។ ឥឡូវ​ហ្នឹង​!​សមត្ថកិច្ច​ប្រឹងប្រែង​ពង្រឹង​បន្ថែម​គឺ​ធ្វើ​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដើម្បី​កុំឱ្យ​ពលរដ្ឋ​ភ្លេចខ្លួន​»​។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ជាង​ ៣ ​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ដើម្បី​​ចាំ​ផាកពិន័យ​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី​ដែល​បាន​បង្កើន​ប្រាក់​ផាកពិន័យ​ឡើង​ទៅ​ដល់​ ៣ ​ឬ​ ៥ ​ដង​នៃ​ការផាក​ពិន័យ​តាម​អនុក្រឹត្យ​ចាស់​។

ការរឹតបង្កើន​ប្រាក់​ផាកពិន័យ​​នាពេល​នេះ​ត្រូវ​អ្នក​រិះគន់​ខ្លះ​បាន​លើកឡើង​ថា ជា​ការដាក់បន្ទុក​បន្ថែម​លើ​ពលរដ្ឋ និង​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​ក្នុង​ពេល​កំពុង​រង​ផលប៉ះពាល់​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​​កូវីដ​ ១៩​។

ប៉ុន្តែ​លោក នេត សាវឿន ​បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​គឺ​មាន​បំណង​តែមួយគត់​គឺ​កាត់បន្ថយ​គ្រោះថ្នាក់ ដើម្បី​កុំឱ្យ​មនុស្ស​ស្លាប់ របួស និង​កុំឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​។

លោក​ថា​៖ «​ការធ្វើ​នេះ​មិនមែន​ធ្វើ​ទូទៅ​ទេ​គឺ​ធ្វើ​តែ​រថយន្ត​ដែល​ល្មើស ហើយ​ល្មើស​នេះ​ទៀត​មិនមែន​ធ្វើ​តាម​អនុក្រឹត្យ​ថ្មី​ទាំងអស់​ទេ គឺ​ធ្វើ​តែ​ចំណុច​ (​ល្មើស​) ​ធំៗ​តែ​ប៉ុន្មាន​ចំណុច ដូចជា ឧទាហរណ៍​បើក​ម៉ូតូ​ត្រូវមាន​មួក ត្រូវគោរព​ស្លាក​សញ្ញា ត្រូវគោរព​ភ្លើងស្ដុប កុំ​និយាយ​ទូរស័ព្ទ​»​។

លោក នេត សាវឿន អះអាង​ទៀត​ថា ចំពោះ​ករណី​ប៉ូលិស​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង​ដែល​បានធ្វើ​លើសពី​តួនាទី ដោយ​បាន​ចាប់​វ៉ៃខ្នោះ​ពលរដ្ឋ​នៅពេល​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គឺ​ត្រូវ​បាន​សម្រេច​ឱ្យ​ផ្អាក​ពី​ការងារ​ដើម្បី​កែ​កំហុស និង​ឱ្យ​អង្គភាព​ត្រូវ​សុំទោស​ចំពោះ​ពលរដ្ឋ​វិញ​។

លោក​បញ្ជាក់ថា អគ្គស្នងការ​នគរបាលជាតិ​កំពុង​តាមដាន​គ្រប់ពេលវេលា​អំពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​របស់​កងកម្លាំង​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស ហើយ​លោក​ព្រមាន​ថា ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ខុស​នឹង​ត្រូវ​ទទួលរង​ការពិន័យ​តាមច្បាប់​កងកម្លាំង​តិច​ ឬ​ស្រាល ហើយ​បើ​មាន​កំហុស​ធ្ងន់ធ្ងរ​ចំពោះមុខ​ច្បាប់ នឹង​ត្រូវយក​ច្បាប់​ទៅធ្វើ​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានបញ្ជាក់​កាលពី​រសៀល​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មកនេះ​ មាន​យានយន្ត​ជាង​ ៨ ពាន់​គ្រឿង​ ត្រូវបាន​ផាកពិន័យ​ក្នុង​​នោះ​ម៉ូតូ​មាន​ជាង​ ៦ ​ពាន់​គ្រឿង ​រីឯ​រថយន្ត​មាន​ជិត​ ២ ​ពាន់​គ្រឿង​។

ចំណែក​លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើង​ដែរ​ថា លោក​បានឃើញ​សញ្ញា​វិជ្ជមាន​ ២ ​នៃ​ការរឹតបន្តឹង​ច្បាប់​នៅពេលនេះ​។

លោក​ថា​៖ «​អ៊ីចឹង​! សម្រាប់​ខ្ញុំៗ​មើលឃើញ​ថា ពលរដ្ឋ​ភាគច្រើន​ដែល​ខ្លាច​ច្បាប់ គឺ​គាត់​ងាក​មក​គោរព​ច្បាប់​វិញ​។ យើង​ឃើញ​ថា ការបើកបរ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​នៅ​តាម​ស្ដុប ពលរដ្ឋ​បាន​ព្យាយាម​ឈប់​គោរព​ទៅតាម​គំនូស​សញ្ញា ភ្លើង​សញ្ញា ហើយ​ការបើកបរ​ក៏​មិនសូវ​មាន​រូបភាព​ច្រងេងច្រងាង​ដែរ​នេះ​គឺជា​សញ្ញា​ល្អ​មួយ​»​។

លោក​បន្តថា​៖ «​សញ្ញា​ល្អ​ទី​ ២ គឺ​ឃើញ​បងប្អូន​ពលរដ្ឋ​ដែល​ខ្លាច​ច្បាប់​គឺ​បាន​យក​យានយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស និង​មួយចំនួន​ទៀត​បាន​ទៅ​ពន្យារ​​បណ្ណបើកបរ គឺមាន​ភាព​ផុសផុល​មែនទែន​។ ខ្ញុំ​គិតថា អានេះ​គឺជា​ជោគជ័យ​មួយ​ប៉ុន្តែ​បើ​យើង​ចង់​បាន​ជោគជ័យ​ពិតប្រាកដ​នោះ​គឺ​ត្រឹមតែ​ផាកពិន័យ​តែ​មួយ​មុខ​គឺ​អត់​ទាន់​គ្រប់គ្រាន់​ទេ គឺ​ត្រូវតែ​មាន​ការអប់រំ និង​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ និង​ត្រូវ​កែលម្អ​ផ្លូវ​ដោយ​ត្រូវ​ឱ្យមាន​គំនូស​សញ្ញា និង​ស្លាក​សញ្ញា​ឱ្យ​​បាន​ច្បាស់លាស់ អាហ្នឹង​ខ្ញុំ​គិត​​ថា វា​មាន​ជោគជ័យ​ជាង​»​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​លើក​​ឡើង​ទៀតថា ឥរិយាបថ​បើកបរ​របស់​ពលរដ្ឋ​បាន​ត្រឹមត្រូវ​តាមច្បាប់​គឺ​នៅពេល​ដែលមាន​នគរបាល​ឈរ​ពង្រឹង​ច្បាប់​នៅតាម​ដងផ្លូវ​ប៉ុណ្ណោះ​។ លោក​សង្ឃឹម​ថា នៅពេល​មាន​សមត្ថកិច្ច​រឹតបន្តឹង​ច្បាប់​ជាប់​ជាប្រចាំ​បែបនេះ​រហូត​នោះ​ឥរិយាបថ​បើកបរ​ខុសឆ្គង​មួយចំនួន​របស់​ពលរដ្ឋ​នឹង​អាច​កែប្រែ​បាន​ច្រើន​នាពេល​ខាង​មុខ​។

លោក​បន្តទៀតថា ចំពោះ​អ្នក​ដែល​រិះគន់​នៅតាម​បណ្ដាញសង្គម​ហ្វេសប៊ុក​ដែលថា រដ្ឋាភិបាល​រឹតបន្តឹង​ច្បាប់ ដោយសារ​ចង់បាន​លុយ​ពី​ពលរដ្ឋ​នោះ​គឺ​មិនមាន​ចំនួន​ច្រើន​លើសលប់​​នោះទេ ប៉ុន្តែ​លោក​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ដែរ ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៅកាន់​ប្រជាពលរដ្ឋ​។

លោក ឈួន វ៉ន់ មន្ត្រី​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានលើក​ឡើង​ដែរ​ថា​ចាប់ពី​ថ្ងៃទី​ ២៧ ខែមេសា​មក​គឺ​នៅ​​ទូទាំង​ប្រទេស​មាន​ពលរដ្ឋ​ដែល​បាន​សម្រុក​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​ ឬ​ឆៀក​គឺ​ក្នុង​ ១ ​ថ្ងៃ​ប្រហែល​ ៤ ​ពាន់​គ្រឿង​ដែល​ខុសពី​ថ្ងៃ​មិនទាន់​ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គឺមាន​ប្រហែល​ ១ ​ពាន់​គ្រឿង​ប៉ុណ្ណោះ​។

លោក​បន្តថា ចំពោះ​នៅ​តាម​កន្លែង​ប្រឡង​យក​បណ្ណ​បើកបរ​ក៏​នៅតែ​មាន​មនុស្ស​សម្រុក​ទៅ​ប្រឡង​ច្រើន​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

លោក​ថា​៖ «​ទាំង​កន្លែង​ប្រឡង​យក​បណ្ណ​បើកបរ និង​នៅតាម​កន្លែង​ឆៀក​គឺ​នៅតែ​មាន​មនុស្ស​ច្រើន​នៅឡើយ បើ​ទោះបី​ជា​ថ្ងៃនេះ​ (​ថ្ងៃទី​ ៣ ​ឧសភា​) ​សង្កេត​ឃើញ​នៅតែ​មាន​មនុស្ស​ច្រើន ប៉ុន្តែ​​បើ​ប្រៀបធៀប​ទៅនឹង​ប៉ុន្មាន​ថ្ងៃមុន គឺ​ចាប់ផ្ដើម​ថមថយ​វិញ​ខ្លះ​ហើយ​»៕

វីដេអូ៖