
មន្ត្រីនគរបាលបញ្ជាររថយន្តអែបខាងដើម្បីត្រួតពិនិត្យ។ ហ៊ាន រង្សី
ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំជាថ្មីម្ដងទៀតដល់មន្ត្រីនគរបាលថ្នាក់ក្រោមនៅទូទាំងប្រទេសត្រូវបន្តរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) រថយន្ត ដើម្បីបន្តកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
យោងតាមសេចក្ដីណែនាំស្ដីពីការបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ ដែលចុះហត្ថលេខាដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៥ ខែមីនា បានណែនាំដល់មន្ត្រីនគរបាលជំនាញត្រូវបង្កើនការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
លោក នេត សាវឿន បានឱ្យដឹងនៅក្នុងសេចក្ដីណែនាំរបស់លោកថា៖ «គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមយូរអង្វែង កំពុងបង្កហានិភ័យជារៀងរាល់ថ្ងៃដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង»។
យោងតាមសេចក្ដីណែនាំដដែលនេះបានឱ្យដឹងថា មន្ត្រីនគរបាលនៅទូទាំងប្រទេសត្រូវមានវិធានការដែលត្រូវបង្កើនបន្ថែមទៀតក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវ រថយន្តមានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់ដែលបានកំណត់។
យោងតាមសេចក្ដីណែនាំបានឱ្យដឹងថា៖ «ត្រូវផ្អែកលើបទពិសោធល្អដែលសម្រេចបានក្នុងឆ្នាំ ២០២០ នៅតាមភូមិសាស្ត្ររាជធានី ខេត្តនីមួយៗដោយធ្វើការកំណត់ឱ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលាបង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើដែលល្មើសច្បាប់»។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដោះអាសន្នក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បានឱ្យដឹងថា ចំនួនហេតុគ្រោះថ្នាក់ចរាចរណ៍ ៨០៨ លើកបានសម្លាប់មនុស្សជាង ៤០០ នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា កម្លាំងជំនាញនៅតែបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនបន្ធូរដៃឡើយ ប៉ុន្តែបន្ថែមវិធានការដោយផ្តល់ការណែនាំដល់អ្នកធ្វើដំណើរត្រូវពាក់ម៉ាស់ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
លោកថា៖ «ការអនុវត្តច្បាប់ចរាចរណ៍យើងនៅតែរឹតបន្តឹងអត់មានបន្ថយដៃទេ យើងនៅតែអនុវត្តជាបន្តបន្ទាប់ដល់បច្ចុប្បន្ននេះ គ្រាន់តែយើងបន្ថែមទៅលើច្បាប់ចរាចរណ៍គឺណែនាំគាត់ឱ្យពាក់ម៉ាស់ត្រូវមានអាល់កុល ណែនាំកិច្ចការពារបញ្ហាកូវីដ ហើយពេលយើងត្រួតពិនិត្យក៏មានការចែកម៉ាស់ឱ្យគាត់ផង យើងមានម៉ាស៊ីនវាស់កម្តៅនៅតាមគ្រប់គោលដៅនគរបាលចរាចរណ៍នៅខេត្តព្រះសីហនុ និងបញ្ជ្រាបតាមការណែនាំរបស់រដ្ឋាភិបាល ៣ កុំ ៣ ការពារ»។
លោក ជួន ណារិន្ទ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុមួយរយៈចុងក្រោយនេះមានការកាត់បន្ថយច្រើនបើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន។
លោកថា៖ «គ្រោះថ្នាក់ចរាចណ៍នេះមានការកាត់បន្ថយច្រើន ហើយគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតនេះ ដោយសារការប្រើប្រាស់មធ្យោបាយមិនគោរពច្បាប់ ហើយមិនគោរពផ្លូវ ច្រើនតែជិះលឿន ជិះវ៉ា និងជិះចូលទៅមធ្យោបាយធំៗ ហើយភាគច្រើនបង្កដោយខ្លួនឯង»។
លោកឱ្យដឹងដែរថា បើទោះបីជាដកកម្លាំងមួយចំនួនដើម្បីទប់ស្កាត់កូវីដក្តី ប៉ុន្តែកម្លាំងជំនាញនៅតែឈរប្រចាំការ ដើម្បីត្រួតពិនិត្យអ្នកបើកបរដឹកលើសទម្ងន់ និងអ្នកបើកបរមិនគោរពច្បាប់។
លោកថា៖ «គឺយើងធ្វើការណែនាំត្រួតពិនិត្យជាប្រចាំ សំខាន់បំផុតផ្លូវជាតិលេខ ៤ ខាងជំនាញនាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ គឺគាត់មានគោលដៅ ដើម្បីល្បាតត្រួតពិនិត្យ ដោយសារយើងផ្លូវវែង ពេលខ្លះពួកគាត់ច្រើនតែភ្លេចខ្លួន អះអាងថា ស្ងាត់ យើងបានរៀបចំក្រុមចល័តដើម្បីឆ្មក់ត្រួតពិនិត្យតាមពាក់កណ្តាលទី ដើម្បីត្រួតពិនិត្យជាតិស្រវឹង និងសារជាតិញៀនផង ព្រោះចុងទី ដើមទី យើងមានហើយ»៕