ភ្នំពេញ: លោក នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​បាន​បញ្ជា​ឲ្យ​មន្ត្រីនគរបាល​ជំនាញ​នាំខ្លួន​លោក​ ថ្លាង ភិនរ៉ា ប្រធាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ និង​ជា​មេធាវី ដើម្បី​សាកសួរ ក្រោយពី​មន្ត្រី​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ដោយ​បាន​ដក​កាំភ្លើង​ភ្ជង់ និង​គំរាម​ពលរដ្ឋ ​២ ​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​ម្ចាស់​ហាង​មួយ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។

លោក អ៊ី សុខឃី អគ្គស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាននិង​កំពុង​សាកសួរ​លោក ថ្លាង ភិនរ៉ា កាល​ថ្ងៃទី​ ២៣ ខែកញ្ញា ប៉ុន្ដែ​មិនទាន់​អាច​បញ្ជាក់បាន​ពី​លទ្ធផល​នៃ​ការសួរចម្លើយ​នោះទេ​។

ការសាកសួរ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​លោក នេត សាវឿន ចេញ​វិធានការ និង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​រូបនេះ​ដោយ​ហៅ​មក​ធ្វើ​កំណត់ហេតុ​ឱ្យ​សារភាព​ពី​ទោសកំហុស សម្របសម្រួល ឬ​សុំទោស​ចំពោះ​ជនរងគ្រោះ ប្រសិន​បើ​ពិតជា​រកឃើញ​កំហុស​មែន​។ ប៉ុន្តែ​បើ​ការសម្របសម្រួល​មិន​ត្រូវ​គ្នា​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​ដាក់ពិន័យ​តាមច្បាប់​កងកម្លាំង​។

លោក សុខឃី ថ្លែងថា​៖ «​យើង​កំពុង​ធ្វើការ​សាកសួរ​គាត់​ហើយ ប៉ុន្ដែ​មិនទាន់​មាន​លទ្ធផល​សម្រេច​ទេ​។ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នឹង​មិន​បាន​ទុក​សកម្មភាព​របស់​មន្ត្រី​នគរបាល​ដែល​ខុសឆ្គង ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល​ទេ គឺ​តែងតែ​ដាក់​ទោសទណ្ឌ​ចំពោះ​នគរបាល​ដែល​ប្រព្រឹត្ត​បទល្មើស​»​។

លោក សុខឃី បាន​អះអាង​ចំពោះ​វិធានការ​ផ្លូវច្បាប់​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​ពលរដ្ឋ​ ២ ​នាក់​ប្ដី​ប្រពន្ធ ​ដែល​ជា​ម្ចាស់​ហាង​គុយទាវ​ឈ្មោះ​ «​អង្គរជុំ​សាខា​ទួលគោក​» នៅ​សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​ប្តឹង​លោក ថ្លាង ភិនរ៉ា ទៅកាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រក​យុត្តិធម៌​។

ការប្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ថ្លាង ភិនរ៉ា បាន​ជេរប្រមាថ និង​គំរាម​បាញ់សម្លាប់​ពលរដ្ឋ​ ២ ​នាក់​ប្ដី​ប្រពន្ធ ដែល​ជា​ម្ចាស់​ហាង​នោះ ដោយ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​អាមេ​បញ្ចូល​គ្រាប់​តម្រង់​ទៅលើ​អ្នកទាំង​ ២ ដែល​កំពុង​ហូប​អាហារ​ថ្ងៃត្រង់​ជុំ​គ្នា​ជាមួយ​មិត្តភក្តិ​ចំនួន ៨ ​នាក់​នៅក្នុង​ហាង​គុយទាវ​របស់​ពួកគេ ហើយ​ម្ចាស់​ហាង​ទាំង​ ២ ​នាក់​ក៏​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​មន្ត្រី​រូបនេះ​ដែរ ប៉ុន្ដែ​គាត់​តែងតែ​មក​ហូប​គុយទាវ​នៅ​ហាង​។

អ្នកស្រី ឌីណា ជា​ម្ចាស់​បណ្ដឹង​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សម្ដេច​ក្រឡាហោម ស ខេង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​នៅ​បារម្ភ​ពី​សុវត្ថិភាព​នៅ​ឡើយ​។ គេ​មាន​លុយ មាន​អំណាច បុណ្យស័ក្ដិ​ទៀត ខ្ញុំ​គ្មាន​លទ្ធភាព​តតាំង​នឹង​គាត់​ទេ គឺ​មាន​តែ​ពឹង​លើ​ច្បាប់​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ ខ្ញុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០ ​ម៉ឺន​ដុល្លារ និង​ស្នើ​សូម​ឱ្យ​ច្បាប់​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​មិនអាច​លើកលែង​ទេ​»​។

យោង​តាម​ពាក្យបណ្ដឹង​បាន​ឱ្យ​ដឹងថា​នៅ​ថ្ងៃ​កើតហេតុ​ថ្ងៃទី​ ២០ ខែ​កញ្ញា នា​ម៉ោង​ ១២ ​ថ្ងៃត្រង់ ជនរងគ្រោះ​បាន​រៀបចំ​ការហូបចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ ៨ ​នាក់​នៅក្នុង​ហាង ព្រោះ​ហាង​មិន​បាន​ទាន់​បាន​បើក​ឱ្យ​ដំណើរការ​ទេ​នៅ​ក្រោយ​ថ្ងៃបុណ្យ​ភ្ជុំ​។

លុះ​ការហូបចុក​បាន​មួយ​សន្ទុះ​លោក ថ្លាង ភិនរ៉ា ដើរ​ចូលមក​ដោយ​គ្មាន​ការអញ្ជើញ តែ​ដោយសារ​ធ្លាប់​ស្គាល់​គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាត​ឱ្យ​គាត់​អង្គុយ​ហូប​ជាមួយ​គ្នា​។ ការហូបចុក​បាន​បន្ត​រហូត​ដល់​ម៉ោង​ប្រមាណ ២ ​រសៀល មិត្តភក្តិ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ផ្ទះ​អស់​នៅ​សល់​មនុស្ស​ប្រមាណ ៥ ​នាក់​រួមមាន ២ ​នាក់​ប្ដី​ប្រពន្ធ​។ ពេលនោះ​លោក ភិនរ៉ា មាន​អាការ​ស្រវឹងស្រា​ក៏​បាន​ចាប់ផ្តើម​ប្រើ​ពាក្យសម្តី​ព្រមាន​ពី​ការបិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​ខាង​មុខ​ហាង​គុយទាវ​។

លើស​ពី​នេះ​លោក ភិនរ៉ា ថែមទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​បិទ​ហាង​គុយទាវ​នេះ​ថែម​ទៀតផង​។ ក្រោយ​មាន​ការលើកឡើង​បែប​នេះ ជនរងគ្រោះ​ជា​ប្ដី​បាន​ឆ្លើយតប​ទៅវិញ​ដោយ​អះអាង​ថា ហាង​របស់​លោក​លក់​គុយទាវ កាហ្វេ មិន​បាន​លក់​គ្រឿងញៀន​អ្វី​នោះ​ទេ ហេតុអ្វី​ក៏​ចង់​បិទ​ហាង​?

ក្រោយពី​ប៉ះ​សម្តី​គ្នា​បែបនេះ លោក ភិនរ៉ា បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​​អាមេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅលើ​ម្ចាស់​ហាង​ ២ ​នាក់​ប្ដី​ប្រពន្ធ​។ មិន​ត្រឹមតែ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​ទេ លោក ភិនរ៉ា បាន​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​គំរាម​សម្លាប់ បើទោះបី​ជា​មាន​ការហាមឃាត់​ពី​មិត្តភក្តិ​នៅ​ទីនោះ​ក៏ដោយ​។

ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​លោក ថ្លាង ភិនរ៉ា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​៕

វីដេអូ៖