ភ្នំពេញៈ ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ណែនាំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ផែនការ​សកម្មភាព​បន្ទាន់ ដើម្បី​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការលួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទខ្ទប់ ដោយ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​អប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ទៅតាម​ស្ថានភាព​ជាក់ស្តែង។

លោក នេត សាវឿន កាលពី​ថ្ងៃទី ២៩ ខែ​មេសា​នេះ​បាន​ណែនាំ​ឲ្យ​អគ្គស្នងការរង ប្រធាន​នាយកដ្ឋាន អង្គភាព និង​ស្នងការ​រាជធានី​ខេត្ត ត្រូវ​កសាង​ផែនការ​សកម្មភាព និង​ចាត់តាំង​អនុវត្ត​ជាបន្ទាន់​ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ប្រកប​ដោយ​ប្រសិទ្ធភាព ទាន់ពេលវេលា នូវ​រាល់​សកម្មភាព​នៃ​ការនាំ​មនុស្ស​ចេញចូល​ឆ្លងដែន​ដោយ​ខុសច្បាប់​រួមទាំង ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទខ្ទប់ ឬក៏​ចល័ត​បំពាន​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​វិធាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​របស់​រាជរដ្ឋាភិបាល។

លោក​ថ្លែងថា៖ «ផែន​សន្តិសុខ ផែន​យុត្តិធម៌ ផែន​ការពារ​ព្រំដែន និង​ផែន​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​កសាង​ផែនការ​ជំនាញ​សំដៅ ចូលរួម​ចំណែក​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ និង​អំពើ​រត់ពន្ធ​មនុស្ស ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»។

តាមរយៈ​សេចក្តី​ណែនាំ​ស្តីពី​ការអនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការលួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទខ្ទប់ លោក នេត សាវឿន បាន​ប្រាប់​ទៅ​ស្នងការ​នគរបាល​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ពិគ្រោះ​យោបល់ កំណត់​បែងចែក​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ​ក្នុង​ការពង្រាយ​កម្លាំង​ត្រួតពិនិត្យ ការរៀបចំ​កម្លាំង​ឈរជើង បន្ថែម​លើ​គោលដៅ​ក្នុងភូមិ​សាស្ត្រ ស្មុគស្មាញ ការរាំងខ្ទប់​ និង​លុបបំបាត់​ច្រក​ក្រៅផ្លូវការ។ សកម្មភាព​ទាំងនេះ​គឺ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​លួច​នាំ​មនុស្ស​ចេញ ចូល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ និង​បទល្មើស​នានា​ឆ្លងតាម​ព្រំដែន ព្រមទាំង​សហការ​ស្រាវជ្រាវ បង្ក្រាប តាម​ចាប់​មេក្លោង មេខ្យល់ ក្នុង​ប្រទេស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ។

លោក​ នេត សាវឿន ​បញ្ជាក់ថា៖ «ក្នុង​ករណី​រកឃើញ​ការជ្រៀតចូល​របស់​ជនបរទេស​ដោយ​ខុសច្បាប់​នៅត្រង់​ចំណុច​ណាមួយ​នៃ​ខ្សែបន្ទាត់​ព្រំដែន ត្រូវធ្វើការ​បណ្តេញចេញ​នៅ​ហ្នឹង​កន្លែង​ត្រង់ចំណុច​នោះ។ ប៉ុន្តែ​ក្នុងករណី​រកឃើញ​នៅតាម​ភូមិសាស្ត្រ​ខាងក្នុង​នៃ​ទឹកដី​កម្ពុជា​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​ស្រប​តាម​វិធាន​សុខាភិបាល​ព្រមទាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមច្បាប់»។

ជាមួយ​គ្នា​នោះ គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ត្រូវ​ពង្រឹង​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា ត្រូវ​ធ្វើ​សេនាធិការ​ជូន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការជំរុញ​ការងារ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង និង​ចូលរួម​ក្នុង​ការបង្ការ ទប់ស្កាត់​សកម្មភាព​នាំ​មនុស្ស ឆ្លងដែន​ដោយ​ខុសច្បាប់ និង​លួច​នាំ​ជនបរទេស​ចល័ត​ចូល​នៅ​មូលដ្ឋាន បំពាន​ទៅនឹង​វិធានការ​បង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​វិធានការ​បិទខ្ទប់​ភូមិសាស្ត្រ។

សេចក្តី​ណែនាំ​សរសេរថា៖ «នគរបាល​រាជធានី​ខេត្ត​ត្រូវ​គ្រប់គ្រង ត្រួតពិនិត្យ​ចំពោះ​ការស្នាក់នៅ ការចល័ត​ចេញ ចូល របស់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន សំដៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​បំពាន​ទៅនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ»។

ក្រៅពីនេះ លោក នេត សាវឿន ​ក៏បាន​បញ្ជា​អគ្គ​ស្នងការរង​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ទទួលខុសត្រូវ​មុខព្រួញ​ទិស​ភូមិភាគ ត្រូវ​ធ្វើជា​សេនាធិការ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ការចង្អុល​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ដោយ​ត្រូវ តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ការចាត់តាំង​អនុវត្ត​ផែនការ​សកម្មភាព ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បេសកកម្ម​នាំ​មនុស្ស ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ការលួច​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទខ្ទប់។ ប៉ុន្តែ​សកម្មភាព​នេះ​មិន​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របរ​ទទួលទាន​ស្របច្បាប់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ឡើយ៕

សេចក្តីប្រកាស ៕ រូបថត អគ្គស្នងការ​នគរបាល​ជាតិ

សេចក្តីប្រកាស ៕ រូបថត អគ្គស្នងការ​នគរបាល​ជាតិ

សេចក្តីប្រកាស ៕ រូបថត អគ្គស្នងការ​នគរបាល​ជាតិ