ភ្នំពេញៈ អគ្គស្នងការ​នគរបាលជាតិ​លោក​ នេត សាវឿន បញ្ជា​ឲ្យ​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ ស្រាវជ្រាវ​រក​អ្នក​បន្ត​លួច​បើក​ហ្គេម​អនឡាញ​ប្រព្រឹត្ត​ខុស​នឹង​សារាចរ​របស់​រដ្ឋាភិបាល ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ក្រោយពី​ក្រសួង​ប្រៃសណីយ៍ និង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បិទ​ចោល​គេហទំព័រ​បើក​ហ្គេម​អនឡាញ​ចំនួន​ ៦​។

អគ្គស្នងការដ្ឋាន​នគរបាលជាតិ ផ្សព្វផ្សាយ​នៅ​ចុងសប្ដាហ៍​មុន​ថា គេហទំព័រ​ចំនួន​ ៦ ដូចជា​គេហទំព័រ www.v89bet.comwww.ibc2888.com www.sbc369.net www.asb365.com www.a28bet.com និង www.afb1188.com ត្រូវ​បាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សហការ​គ្នា​បិទ​ចោល ដោយសារ​បាន​បើក​ឱ្យ​លេងល្បែង​តាម​អនឡាញ​ខុសច្បាប់​។ ការបិទ​ល្បែង​តាម​អនឡាញ​នេះ គឺ​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម​។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បន្ត​ថា លោក​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ​ក៏​បាន​បញ្ជា​ឱ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​នៅ​ពីក្រោយ​នៃ​ការបើក​ហ្គេម​អនឡាញ​ទាំងនោះ​ផងដែរ​។

រដ្ឋាភិបាល​បានចេញ​សារាចរ​ហាម​ការបើក​ហ្គេម​អនឡាញ​គ្រប់​ប្រភេទ​ដោយ​អះអាង​ថា ហ្គេម អនឡាញ​ផ្ដល់​ផលប្រយោជន៍​តិចតួច​ដល់​សេដ្ឋកិច្ចជាតិ​។ ប៉ុន្តែ​បាន​ផ្ដល់​ប្រយោជន៍​ធំធេង​សម្រាប់​ការលាង​លុយកខ្វក់ ក្រុម​ម៉ាហ្វីយ៉ា និង​ក្រុម​ភេរវករ​ជាដើម ខណៈ​ការបើក​ហ្គេម​អនឡាញ​ទាំងនោះ គឺ​ភាគច្រើន​ជា​អ្នកវិនិយោគ​ជនជាតិ​ចិន​។

កាលពី​ថ្ងៃទី​ ២៨ ​មិថុនា លោក​ ឆាយ គឹមខឿន មន្ត្រី​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បញ្ជាក់ថា ការបើក​ហ្គេម​អនឡាញ​ភាគច្រើន គឺ​មាន​មេ​កើយ​នៅ​ក្រៅ​ប្រទេស និង​មាន​បណ្ដាញ​នៅក្នុង​ប្រទេស​។ លោក​ថា នៅពេល​អាជ្ញាធរ​រកឃើញ​បណ្ដាញ​ទាំងនោះ មន្ត្រី​នឹង​ចេញផ្សាយ​ព័ត៌មាន​បន្ថែម​ជាមិនខាន​។

លោក​ថា​៖ «​អាហ្គេម​អនឡាញ​នេះ​ប្រសិន​បើ​គ្មាន​បណ្ដាញ​នៅក្នុង​ប្រទេស​ក៏​រកស៊ី​អត់​បានដែរ​។ វា​អាចមាន​មេខ្លោង​នៅ​ក្រៅ​ប្រទេស​ និង​បណ្ដាញ​នៅក្នុង​ប្រទេស អាហ្នឹង​វា​សហការ​គ្នា​អ៊ីចឹង​»​។

លោក​ អ៊ឹម វុត្ថា សមាជិក​និយតករ​ទូរគមនាគមន៍​កម្ពុជា​នៃ​ក្រសួង ប្រៃសណីយ៍​ថ្លែងថា គេហទំព័រ​បើក​ហ្គេម​អនឡាញ​ទាំងនោះ គេ​បើក​នៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​លោក​មិន​ដឹងថា នៅ​ប្រទេស​ណាមួយ​ឡើយ​ហើយ​គេហទំព័រ​ទាំង​ ៦ ​នោះ​ត្រូវបាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ស្នើ​មក​ឱ្យ​ក្រសួង ប្រៃសណីយ៍​បិទ​កុំឱ្យ​បើក​មើលឃើញ​នៅ​កម្ពុជា​ទៀត​។ ប៉ុន្តែ​គេហទំព័រ​ទាំងនោះ​នៅតែ​អាច​មើលឃើញ​នៅក្រៅ​ប្រទេស​ដដែល​។

លោក​បញ្ជាក់ថា​៖ «​ប្រតិបត្តិករ​នីមួយៗ​បាន​ធ្វើ​ការងារ​ហ្នឹង​កាលពី​អាទិត្យ​មុននេះ​ទេ អ៊ីចឹង​បិទ​ជា​បណ្ដើរៗ​ហើយ យើង​បិទ​មិនទាន់​អស់​ទេ​។ យើង​គ្មាន​សិទ្ធិ​ទៅ​បិទ​គេហទំព័រ​ទាំង​ហ្នឹង​ទេ ដោយសារ​ជា​គេហទំព័រ​បរទេស​»​។

លោក​ ង៉ែត ម៉ូសេ ទីប្រឹក្សា​ផ្នែក​សន្ដិសុខ​ឌីជីថល​និយាយ​ថា ថ្វីដ្បិត រដ្ឋាភិបាល​បិទ​មិនឱ្យ​អាសយដ្ឋាន អ្នកលេង​នៅ​កម្ពុជា​អាច​បើក​ចូល​ទៅក្នុង​វេបសាយ​ហ្គេម​អនឡាញ​ទាំងនោះ​បាន​មែន ប៉ុន្តែ​អ្នកលេង​មួយ​ចំនួន​នៅក្នុង​ប្រទេស​នៅតែ​អាចមាន​បច្ចេកទេស​ចូលទៅ​កាន់ វេបសាយ​នោះ​ដដែល ដោយ​ប្រើប្រាស់​ឧបករណ៍​មួយចំនួន​។

លោក​ថ្លែងថា​៖ «​វេបសាយ​មិនមែន​បើក​នៅ​ស្រុក​យើង​ទេ គឺ​គេ​បើក​នៅ​កន្លែង​ណា​ក៏​បាន​ដែរ ប៉ុន្តែ​អ្នកលេង​នៅ​យើង​ដែល​ចង់​ចូល​ទៅលេង​នៅក្នុង​វេបសាយ​ហ្នឹង គឺ​ត្រូវ​ប្រើប្រាស់​ឧបករណ៍ ឬ Software មួយចំនួន ដើម្បី by past គឺ​ [​ការរំលង​អាការ​រាំងខ្ទប់​] ​មិន​ឱ្យ​បើក​ [​វេបសាយ​] ​នៅក្នុង​ស្រុក​យើង​ហ្នឹង​»​។

លោក​ទីប្រឹក្សា​រូបនេះ​បាន​បន្តថា រដ្ឋាភិបាល​ពិបាក​ក្នុង​ការបិទ​មិន​ឱ្យ​មាន​ការលេងល្បែង​តាម​អនឡាញ​ទាំងស្រុង​នៅក្នុង​ប្រទេស ហើយ​ការបិទ​មិន​ឱ្យ​មាន​វេបសាយ​ទាំងនោះ គឺ​ត្រូវការ​ស៊ើបអង្កេត​រយៈពេល​យូរ​។

លោក​ ង៉ែត ម៉ូសេ បាន​បញ្ជាក់ថា​៖ «​ការបិទ​រាំងខ្ទប់​មិន​ឱ្យ​ចូល​ទៅ​វេបសាយ​ទាំងនោះ ជាទូទៅ​គឺ​យើង​ធ្វើ​តែឯង​អត់​កើត​ទេ​។ ឧទារហណ៍​គេ​បង្ហោះ​វេបសាយ​ហ្នឹង​នៅ​កន្លែង​ណា​ [​យើង​] ​ត្រូវ​ទៅដល់​ប្រទេស​ហ្នុង ហើយ​ត្រូវ​មើល​ច្បាប់​ក្នុង​ប្រទេស​ហ្នុង ថា តើ​គេ​បិទ​វេបសាយ​គឺ​បិទ​យ៉ាងម៉េច ព្រោះ​ជួនកាល​ហ្គេម​ហ្នឹង​យើង​មិន​ឱ្យ​លេង តែ​គេ​ឱ្យ​លេង​»​។

កាលពី​ថ្ងៃទី​ ២២ ​មិថុនា​នៅពេល​ជួបពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និយាយ​ថា​ចាប់ពី​ខែ​មីនា ឆ្នាំ​ ២០១៩ ដែល​ប្រទេស​ទាំង​ ២ ​មាន​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ល្បែងស៊ីសង​លើ​បណ្ដាញ​អ៊ីនធឺណិត​មក​នោះ ការឆបោក​លើ​បណ្ដាញទូរស័ព្ទ ការអន្តរាគមន៍​ចាប់​អ្នក​រត់គេច និង​ការប្រឆាំង​គ្រឿងញៀន​ជាដើម​ទទួល​បាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​។

លោក​បន្ថែមថា ការបិទ​មិន​ឱ្យ​មាន​អាជីវកម្ម​ល្បែងភ្នាល់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ទៅ​ដល់​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​នេះ​៕

វីដេអូ៖