ភ្នំពេញ: អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​រំឭក​មន្ត្រីនគរបាល​គ្រប់​ជាន់ថ្នាក់​ឲ្យ​ទប់ស្កាត់ និង​ប្រឆាំង​សកម្មភាព​នានា​ដែល​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ជម្រក​ ឬ​ធ្វើ​ជា​ទីតាំង ដើម្បី​ប្រឆាំង​ប្រទេស​ជិតខាង ជាពិសេស​ត្រូវ​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ និង​កាត់បន្ថយ​ឥទ្ធិពល​រីករាលដាល​គ្រឿងញៀន ខណៈ​សង្គម​ស៊ីវិល​គាំទ្រ​ចំណាត់ការ​នេះ​។

ការថ្លែង​របស់លោក​បែប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២០ ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ប្រកាស​តែងតាំង​មុខតំណែង​អគ្គស្នងការរង​នគរបាល​ជាតិ​ ១ ​រូប​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​ និង​អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី-ខេត្ត​នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ដកស្រង់​សម្ដី​លោក នេត សាវឿន ថា​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ត្រូវ​​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ធានា​ឲ្យ​បាន​សុវត្ថិភាព សន្តិភាព សន្តិសុខ​ផ្ទៃក្នុង ជាពិសេស​ទប់ស្កាត់​ឲ្យ​បាន​ការវិលត្រឡប់​នៃ​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​ការប្រឆាំង​នានា​ដែល​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ជម្រក​ ឬ​ធ្វើជា​ទីតាំង​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​ប្រទេសជិតខាង​។

ក្រៅពីនោះ​លោក​បាន​ជំរុញ​ឲ្យ​កាត់បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ ការរីក​រាលដាល​នៃ​គ្រឿងញៀន និង​ការទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​ក៏ដូចជា​រំដោះ​ជនរងគ្រោះ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ផ្លូវភេទ ជាពិសេស​ស្ត្រី និង​កុមារ​។

ទន្ទឹម​នឹងនេះ​លោក​ក៏បាន​ជំរុញ​ឲ្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផងដែរ ដោយ​ត្រូវ​ផ្តោតលើ​ការអប់រំ​បណ្តុះបណ្តាល​មន្ត្រី ការកែប្រែ​ឥរិយាបថ​នៃ​ការធ្វើ​ការងារ​របស់​មន្ត្រី ក្រមសីលធម៌​របស់​មន្ត្រី និង​ជំរុញ​យ៉ាង​តឹងរ៉ឹង​បំផុត​ក្នុង​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ការពិន័យ​អន្តរការណ៍​បទល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

លោក នេត សាវឿន បាន​បន្ថែមថា​ពាក់ព័ន្ធ​នឹង​ការងារ​ពង្រឹង​ស្ថាប័ន​នគរបាល​សំខាន់ គឺ​ផ្តោតលើ​ការពង្រឹង​ក្រុមប្រឹក្សា​វិន័យ ការងារ​ប្រឡង​ប្រណាំង​ក្នុងនោះ​មាន​ការបង្កើន​ និង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​ដោយ​រៀបចំ​ឲ្យ​មាន​វគ្គប​ណ្តុះបណ្តាល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាដើម​។ ជាមួយ​គ្នា​នោះ​លោក​ក៏បាន​ជំរុញ​ឲ្យ​មាន​ការលើកកម្ពស់​គុណភាព សមត្ថភាព​របស់​សមាគម​មិត្ត​នគរបាល​ផងដែរ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក​នៅពេល​មានធុរៈ ឈឺថ្កាត់ ផ្សេងៗ​។

លោក ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​ដោយ​លោក​មិន​បាន​ទទួល​ទូរស័ព្ទ​ទេ​កាលពី​ថ្ងៃ​អង្គារ​។ រីឯ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា លោក​គ្មាន​មតិយោបល់​អ្វី​ក្រៅតែ​ពី​គោរព​តាម​បទបញ្ជា​ថ្នាក់លើ​ទេ «​ខ្ញុំ​អត់​មាន​អ្វី​និយាយ​ទេ ធ្វើ​តាមតែ​ថ្នាក់លើ ហើយ​សួរ​ទៅ​អគ្គស្នងការរង​នគរបាល​ជាតិ​ទៅ​»​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ព្រោះ​កម្ពុជា​មាន​អធិបតេយ្យ ឯករាជភាព​របស់​ខ្លួន​ពេញលេញ​ហើយ​ប្រសិនបើ​មាន​ក្រុម​ណា​មានបំណង​ ឬ​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ខ្នងបង្អែក​សម្រាប់​ប្រឆាំង​ប្រទេស​ផ្សេងទៀត​នោះ​គឺ​មន្ត្រីនគរបាល ឬ​រដ្ឋាភិបាល​ត្រូវតែ​ចាត់​វិធានការ​ទៅតាម​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​យើង​គឺជា​រដ្ឋ​ឯករាជ្យ​មាន​អធិបតេយ្យ ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រឆាំង​ប្រទេស​ដទៃ​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា គឺ​កម្ពុជា​ត្រូវតែ​មាន​កាតព្វកិច្ច​ការពារ អនុវត្ត​ច្បាប់​ឲ្យ​បាន​ព្រោះ​កម្ពុជា​យើង​ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​ពេញលេញ​ដោយ​មិនអាច​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​បែប​នេះ​បានទេ​»​។

លោក​បន្ថែម​ថា បញ្ហា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម​គឺជា​កាតព្វកិច្ច​របស់​កងកម្លាំង​ប្រដាប់អាវុធ​ដែល​មាន​​សមត្ថកិច្ច​ថែរក្សា និង​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​។ ដូច្នេះ​ពួកគាត់​ក៏ត្រូវ​មាន​ជំនាញ​មាន​វិន័យ​ល្អ ឥរិយាបថ ក្រម​សីលធម៌ របៀបរៀបរយ និង​ត្រូវមាន​យន្តការ​លើ​ការងារ​ដែរ​។

ទោះយ៉ាងណា​នៅក្នុង​ឱកាស​នោះ​លោក នេត សាវឿន បាន​ក្រើនរំឭក​មន្ត្រីនគរបាល​ឲ្យ​លើក​កម្ពស់​កិត្យានុភាព​របស់​ខ្លួន​ដោយ​ធ្វើយ៉ាងណា​​ឲ្យ​ក្លាយជា​កងឯកភាព​មួយ​សមរម្យ​មាន​កិត្តិយស ថ្លៃថ្នូរ​​ជាពិសេស​ត្រូវ​ពង្រឹង​ទាំង​វិន័យ ឥរិយាបថ របៀបរៀបរយ ឯកសណ្ឋាន​ធ្វើ​ការងារ ទាំង​វិន័យ​សីលធម៌ និង​ត្រូវមាន​យន្តការ​ដើម្បី​ឆ្លើយតប​ចំពោះ​ការទិតៀន​ពី​សាធារណជន ហើយ​ប្រសិនបើ​ព័ត៌មាន​ណា​ដែល​មាន​លក្ខណៈ​បំពុល​ត្រូវ​បកស្រាយ​បន្សាប​ព័ត៌មាន​នោះ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស​អង្គភាព និង​កិត្តិយស​របស់​នគរបាល​ជាតិ​៕