
លោក ប៉ែន កុសល្យ ថ្លែងទៅកាន់អ្នកកាសែតម្សិលមិញ។ ហេង ជីវ័ន
ឧត្តរមានជ័យៈ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា មិនមានពលរដ្ឋខ្មែរវិលត្រឡប់ទៅប្រទេសថៃ វិញដោយខុសច្បាប់តាមច្រកព្រំដែនទាំង ៣ នៅក្នុងខេត្តនេះនោះទេក្នុងចំណោមពលករខ្មែរសរុបជា ១៥ ៥០០ នាក់ ដែលបានវិលត្រឡប់មកវិញត្រឹមថ្ងៃទី ១៨ ឧសភា។
ការអះអាងនេះបានធ្វើឡើងនៅសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដឧត្ដរមានជ័យ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃអង្គារ ទី ១៩ ខែឧសភា នៅទីស្តីការគណៈរដ្ឋមន្ត្រីដែលមានមន្ត្រីគ្រប់ស្ថាប័ននៃខេត្តឧត្តរមានជ័យប្រមាណ ៣០ នាក់ចូលរួម។
លោក ប៉ែន កុសល្យ អភិបាលខេត្តនេះបានឲ្យដឹងនៅក្នុងសន្និសីទនោះថា ក្នុងខេត្តឧត្តរមានជ័យមានច្រកព្រំដែនចំនួន ៣ ដែលជាប់នឹងព្រំប្រទល់ប្រទេសថៃនោះគឺច្រកអូរស្មាច់ ច្រកជាំ និងច្រកជប់គិរីដែលច្រកទាំង ៣ នោះត្រូវបានបិទជាស្ថាពរកាលពីអំឡុងខែមីនា។ ប៉ុន្តែក្រោយការចរចារវាងអាជ្ញាធរនៃប្រទេសទាំង ២ ជាលទ្ធផលគឺច្រកអូរស្មាច់ និងច្រកជាំ បានបើកដំណើរការក្នុងការដោះដូរទំនិញឡើងវិញ។
លោកបានថ្លែងថា៖ «ពលរដ្ឋចំណាកស្រុកចូលតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យដែលមាន ២ ច្រកគឺមាន ១៥ ៥៥៤ នាក់ ក្នុងនោះមានស្រី ៧ ០២៤ នាក់នេះ យើងនិយាយដែលចូលតាមច្រកអន្តរជាតិអូរស្មាច់ និងជាំ។ តែប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឧត្តរមានជ័យដែលជាពលករចំណាកស្រុកមកពីខេត្តផ្សេងៗក៏ដូចជាចូលតាមច្រកនេះមាន ៤ ៤១៨ នាក់»។
លោកអះអាងថា ករណីពលរដ្ឋខ្មែរដែលវិលត្រឡប់ទៅប្រទេសថៃ ដោយខុសច្បាប់តាមច្រកទាំង ៣ នោះគឺមិនមាននោះទេ ហើយករណីដែលពលរដ្ឋអាចឆ្លងតាមច្រកទាំងនោះបានគឺតាមរយៈការព្រមព្រៀងដោយមានការអនុញ្ញាតពីភាគីទាំង ២ តែប៉ុណ្ណោះក្នុងករណីដែលត្រូវទៅពិនិត្យព្យាបាល ឬមានសំបុត្របញ្ជាក់ពីមន្ទីរពេទ្យត្រឹមត្រូវ។
លោកបានឲ្យដឹងថា៖ «ពលករត្រឡប់ទៅវិញ គឺអត់មានទេ និយាយអ៊ីចេះ ខេត្តឧត្តរមានជ័យអត់មានច្រករបៀងដូចគេទេ។ ចង់និយាយថា ខេត្តយើងមានតែច្រកបី ហើយច្រក ១ បិទឈឹង ហើយច្រកអន្តរជាតិ ២ ទៀតគឺអត់ឲ្យចេញទេ។ លើកលែងតែករណី ឈឺ ដែលរាយការណ៍ពីខាងថៃ។ ហើយបើពួកគាត់លួចចូលទៅឡើងភ្នំមានតែជាន់មីន ព្រោះយើងមានភ្នំដងរែកបាំងជិតតែម្តង មិនមានអ្នកណាហ៊ានឡើងទេ»។
ចំណែកឯការងារធ្វើចត្តាឡីស័កដល់ពលករចំណាកស្រុកនៅក្នុងខេត្តឧត្តរមានជ័យវិញលោក ប៉ែន កុសល្យ បានអះអាងថា ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ហើយក្នុងនោះសំណាកពលករចំណាកស្រុកចំនួន ២៣៤ សំណាកត្រូវបានយកទៅពិសោធ និងមានចំនួន ៧ សំណាកប៉ុណ្ណោះដែលមិនទាន់ទទួលបានលទ្ធផល ខណៈការធ្វើតេស្តទាំងអស់រកឃើញថា អវិជ្ជមាន។
លោក ស្រី ណារ៉េន មន្ដ្រីសម្របសម្រួលអង្គការអាដហុកនៅខេត្តឧត្តរមានជ័យបានឲ្យដឹងថា៖ «តាំងពីថៃបិទច្រកមកគឺពលរដ្ឋយើងអាចចូលមកខ្មែរវិញបាន ប៉ុន្តែរឿងចូលទៅប្រទេសថៃវិញ គឺពិបាកខ្លាំងណាស់ ទាំងការដោះដូរទំនិញអីក៏ពិបាកជាងភាគីថៃដែរ ព្រោះខាងថៃ គេអាចចូលយើងបាន ហើយដើរទិញដំណាំកសិផលពីយើងបាន តែយើងវិញគឺមិនអាចទេ បានត្រឹមតែកុម្ម៉ង់ គេដឹកមកឲ្យ»៕