ភ្នំពេញៈ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប​និង​ឧបនាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក​បង្ហាញ​ក្ដីបារម្ភ​ជាថ្មី​អំពី​លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រំឭក​ថា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​ការ​ចង់​បាន។

លោក ប្រាក់ សុខុន ឧ​បនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​អាស៊ាន កាល​ពី​ថ្ងៃ​ចន្ទ។ ក្នុង​ឱកាស​នោះ​លោក​បាន​ឆ្លៀត​ជួប​ទ្វេភាគី​ជាមួយ​លោកស្រី Cecilia Malmström ស្នងការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​និង​ឧបនាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក។ ក៏​ប៉ុន្តែ​ក្រសួង​ការបរទេស​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​កិច្ច​ប្រជុំ​ទាំង ២ នោះ​ទេ ក្រៅពី​បង្ហោះ​ព័ត៌មាន​ខ្លី​ស្ដីពី​ជំនួប​ទ្វេភាគី​នោះ ខណៈ​ដែល​អ្នក​នាំពាក្យ​ក្រសួង លោក កេត សោ​ផាន់ មិន​អាច​ទាក់ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

ក៏ប៉ុន្តែ​លោកស្រី Cecilia Malmström បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​ធ្វីធើរ​របស់​លោកស្រី​ថា​លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ប្រាក់ សុខុន អំពី​ក្តីបារម្ភ​និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ EBA។

លោកស្រី​សរសេរ​ថា៖ «យើង​បាន​ពិភាក្សា​ពី​កិច្ច​ព្រម​ព្រៀង EBA និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​នេះ។ យើង​បាន​បញ្ជាក់​សាជា​ថ្មី​អំពី​ក្តីបារម្ភ​របស់​យើង​អំពី​លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។ សហភាព​អឺរ៉ុប​បន្ត​រក្សា​ផ្លូវ​សម្រាប់​ការ​ពិភាក្សា​ដោយ​បើក​ចំហ»។

លោកស្រី​ស្នងការ​ពាណិជ្ជកម្ម​សហ​ភាព​អឺរ៉ុប​រូបនេះ កាលពី​ខែតុលា​ឆ្នាំ ២០១៨ បាន​ជូន​ដំណឹង​ដល់​កម្ពុជា​ថា សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​នីតិ​វិធីដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​សារ​តែ​មាន​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​បក្ស​ប្រឆាំង CNRP ការ​ចាប់​លោក កឹម សុខា និង​ការ​ដក​ហូត​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពី​បក្ស​ប្រឆាំង រួម​ទាំង​ការ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី CNRP ១១៨ នាក់។

ស្រដៀង​គ្នា​នេះ ឧបនាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក​លោក Didier Reynders ក៏បាន​ជួប​ជាមួយ​លោក ​ប្រាក់ សុខុន ដែរ។ លោក Reynders បាន​សរសេរ​លើ​ធ្វីធើរ​ថា៖ «(ខ្ញុំ) មាន​ការ​ពិភាក្សា​ជាមួយ​សម​ភាគី​កម្ពុជា ដោយ​ខ្ញុំ​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ស្ដារ​នីតិរដ្ឋ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​សហភាព​អឺរ៉ុប​កាន់​តែ​ស៊ី​ជម្រៅ»។

អ្នកសិក្សា​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​ម្នាក់​បាន​អះអាងថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​រង​ផល​ប៉ះពាល់ ហើយ​អាច​នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពាក់ព័ន្ធ​នឹង​ប្រជាធិ​បតេយ្យ​និង​សិទ្ធិ​មនុស្ស។

អ្នកស្រី Cindy Cao អ្នកស្រាវជ្រាវ​ថ្នាក់បណ្ឌិត​ផ្នែក​នយោបាយ​សកល​នៅ​សាកល​វិទ្យាល័យ Leicester និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​ការ​សិក្សា​អាស៊ី ហៅ​កាត់​ថា EIAS បាន​បោះពុម្ព​ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៨ ដោយ​ដាក់​ចំណង​ជើង​ថា «ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​លើ​កម្ពុជា៖ ការ​ពិភាក្សា​លើ​ក្រម​សីលធម៌»។

របាយការណ៍​ស្រាវជ្រាវ​បាន​សេរ​សេរ​ថា ការដក EBA ពី​កម្ពុជា​ប្រៀប​បាន​នឹង​អាវុធ​មុខ ២ ដោយ​អ្នក​ស្រី​លើក​ឡើង​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេភាគី​អឺរ៉ុប​និង​កម្ពុជា ធ្វើ​ឲ្យ​រោងចក្រ​ប្រមាណ ៥០ ភាគរយ​ដក​ខ្លួន​ចេញ​ពី​កម្ពុជា​ក្នុង​រយៈពេល ១៨ ខែ​នៃ​នីតិ​វិធីដក។ ការ​ដក EBA នឹង​ធ្វើ​ឲ្យ​មាន​គម្លាត​ភាព​ក្រីក្រ​កាន់​តែ​ធំ ធ្វើ​ឲ្យ​ស្ត្រី សហគមន៍​ជន​ជាតិ​ភាគ​តិច និង​ជន​ដែល​ងាយ​រង​គ្រោះ​ទទួល​រង​ខ្លាំង​ជាង​គេ។

របាយការណ៍​សរសេរ​ថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ត្រូវបាន​គេ​រកឃើញថា​មាន​ជោគ​ជ័យ​តែ​ចន្លោះ​ពី ៥ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ការ​សម្រេច​អ្វីដែល​គេ​ចង់បាន ប៉ុន្តែ ពី ៦៥ ទៅ ៩៥ ភាគរយ​គឺ​ទទួល​បរាជ័យ។

អ្នកស្រី Cindy បាន​ស្រង់​សម្ដី​លោក John Harley Breen អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​នៅ​ទីក្រុង​ឡុងដ៍ ដោយ​លោក​បាន​ថ្លែង​ថា៖ «វា​ពិបាក​មើល​ឃើញ​ថា ការ​ដាក់​ទណ្ឌកម្ម​នឹង​មាន​ផល​រយៈពេល​យូរ។ ទណ្ឌកម្ម​ជាទូទៅ​ជា​ឧបករណ៍​មិន​មុត​ស្រួច ហើយ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ជ្រើស​រើស​យក​វិធានការ​នេះ​សម្រាប់​កម្ពុជា ពួកគេ​ទំនង​ជា​មិន​មាន​ឥទ្ធិពល​សំខាន់​ផ្នែក​នយោបាយ​ទេ»។

អ្នកស្រី​បន្តថា វិធានការ​បែប​បង្ខំ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា អាចធ្វើ​ឲ្យ​ទទួល​ផល​ផ្ទុយ​ដោយ​រដ្ឋាភិបាល​អាច​នឹង​ឆ្លើយ​តប​ក្នុង​រូបភាព​ការពារ​អធិប​តេយ្យភាព​ជាតិ។ អ្នកស្រី​អះអាង​ថា កម្រិត​នៃ​ភាព​ជឿ​ទុក​ចិត្ត​គ្នា​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​បាន​ខូចខាត​ដោយ​កត្តា​ផ្សេងៗ ហើយ​ទំនាក់​ទំនង​នេះ​គួរតែ​ស្ដារ​ឡើង​វិញ។

អ្នកស្រី​សរសេរថា៖ «សហភាព​អឺរ៉ុប​គួរតែ​ជ្រើស​រើសយក​ការដាក់​ទណ្ឌកម្ម​ដោយ​ផ្នែក​ណាមួយ​និង​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ចៀស​វាង​ការ​ប៉ះពាល់​ដល់​ឧស្សា​ហកម្ម​សំខាន់ៗ​ដូចជា​កាត់ដេរ​និង​ស្បែក​ជើង ដែល​មាន​ប្រមាណ ៧៥ ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប»។

ជាការ​ផ្ដល់​អនុសាសន៍ អ្នកស្រី​បាន​ថ្លែងថា សហភាព​អឺរ៉ុប​គួរ​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់​និង​ជាក់​លាក់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ។ ចំណុច​ជា​អនុ​សាសន៍​ខ្លះ​រួម​មាន​ការ​ដាក់​ក្នុង​រយៈពេល​ខ្លី បន្តិច​ម្ដងៗ និង​ដោយ​ផ្នែក និង​ត្រូវ​មាន​ក្តី​រំពឹង​ទុក​ជាក់​លាក់​ពី​ទណ្ឌ​កម្ម​នេះ។ លោក George Edgar ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​តាម​អ៊ីមែល​កាល​ពី​ម្សិលមិញ​ថា សហភាព​អឺរ៉ុប​បាន​ស្វាគមន៍​ចំពោះ​សកម្មភាព​កាល​ពី​ពេល​ថ្មីៗ​របស់​កម្ពុជា រួម​មាន​ការ​ដោះ​លែង​អ្នក​នយោបាយ​កាល​ពី​ខែ​សីហា និង​កញ្ញា ក៏​ដូចជា​ការ​ដោះលែង​សកម្មជន​សង្គម​ស៊ីវិល និង​អ្នក​សារ​ព័ត៌មាន។

អឺរ៉ុប​បាន​ស្វាគមន៍​ដល់​ការ​ការ​ធ្វើ​វិសោធ​នកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ សហភាព​អឺរ៉ុប​ក៏​ស្វាគមន៍​ដល់​វិធានការ​ក្នុង​ដំណោះ​ស្រាយ​ការ​រឹត​ត្បិត​សង្គម​ស៊ីវិល​និង​សកម្មភាព​របស់​សហជីព​ការងារ។

លោក​ថា៖ «ទាំងនេះ​ជា​ដំណើរការ​វិជ្ជមាន ហើយ​យើង​សង្ឃឹមថា​នឹង​ឃើញ (រដ្ឋាភិបាល) បន្ត​ការងារ​នេះ។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​រក្សា​ឲ្យ​មាន​ការ​សន្ទនា​ជាមួយ​កម្ពុជា​ដោយ​បើក​ចំហ»៕