ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងទៅធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ រយៈពេល ២ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅទីក្រុងវៀងចន្ទន៍ និងក៏ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយប្រទេសជិតខាងនេះផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ក្រៅពីធ្វើជាសហប្រធានជាមួយលោក សាលើមនៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងការដឹកនាំកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ លោក ប្រាក់ សុខុន «ក៏នឹងពិភាក្សាជាមួយលោក សាលើមសៃ គុំម៉ាស៊ីត លើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទាំងអស់ដែលមានសក្តានុពល»។ លោកក៏នឹងផ្លាស់ប្តូរទស្សនទានជាមួយសមភាគីឡាវ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមផងដែរ»។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងចន្ទន៍ លោក ប្រាក់ សុខុន នឹងអញ្ជើញចូល ជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោកប្រធានាធិបតី ប៊ុនញ៉ាំង វរជីត និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ។ ទស្សនកិច្ចលើកទី ៣ ទៅកាន់ប្រទេសឡាវ របស់លោករដ្ឋមន្ត្រីការបរទេសរយៈពេល ៣ ឆ្នាំកន្លងមកនឹងជួយលើកកម្ពស់ បន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរលង់រវាងប្រទេសជិតខាងទាំង ២។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា៖ «ការផ្លាស់ប្តូរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យកាន់តែល្អប្រសើរ និងជួយឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឲ្យកាន់តែប្រសើរឡើង»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមជុំវិញដំណើរទស្សនកិច្ចនេះបានទេ៕