
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងចូលរួមកិច្ចសន្ទនាត្រីភាគីបើកចំហ (Open-Ended Troika Dialogue) រវាងថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដើម្បីពង្រឹងទំនាក់ទំនង និងការដោះស្រាយបញ្ហាប្រឈមសកលនៃជំងឺកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលផ្សព្វផ្សាយពីម្សិលមិញបានឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ ២០២២ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីបើកចំហ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
ក្រសួងបន្តថា កិច្ចសន្ទនានេះរំពឹងថា នឹងគ្របដណ្តប់លើការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសក្នុងការដោះស្រាយសេចក្តីបារម្ភរួមគ្នា ផ្នែកសុខភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការរាតត្បាតជំងឺកូវីដ ១៩។
ក្រសួងបញ្ជាក់ថា៖«ការពង្រីកទំនាក់ទំនង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងរឹងមាំ និងការលើកកម្ពស់ការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា យល់ថា តាមរយៈកិច្ចសន្ទនាត្រីភាគីជារឿងល្អសម្រាប់ប្រទេសសមាជិកអាស៊ានដែលមានដៃគូសន្ទនាជាមួយក្នុងចំណោមប្រទេសមហាអំណាច។ លោកថា៖ «ខ្ញុំយល់ថា វាជារឿងល្អសម្រាប់អាស៊ានដែលមានប្រទេសមហាអំណាចធំៗរួមមានអង់គ្លេស ចាប់អារម្មណ៍ និងមានកិច្ចសហប្រតិបត្តិការ ដែលធ្វើឱ្យទម្រង់ និងយន្តការអាស៊ានកាន់តែល្អប្រសើរសម្រាប់ដោះស្រាយបញ្ហាធំនៅក្នុងតំបន់»។
ដោយឡែកទាក់ទងកម្ពុជាវិញលោក គិន ភា យល់ថា ទំនាក់ទំនងទ្វេភាគីនឹងកាន់តែប្រសើរមួយកម្រិតទៀត ខណៈប្រទេសទាំង ២ ធ្លាប់មានទំនាក់ទំនងល្អរួចមកហើយនាពេលកន្លងមក។ «ពីមុនប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅអឺរ៉ុប មួយផ្នែកធំក៏នាំទៅអង់គ្លេសដែរ ឥឡូវនេះនៅពេលអង់គ្លេសផ្តាច់ចេញពីសហភាពអឺរ៉ុបទៅគាត់បានប្រកាសថា នៅរក្សា EBA ក្នុងក្របខ័ណ្ឌដែលធ្លាប់មានកន្លងមកគឺបន្តមានសុពលភាពសម្រាប់កម្ពុជា។ «ដូច្នេះទំនាក់ទំនងកម្ពុជា និងអង់គ្លេស ខ្ញុំយល់ថាការជួយជ្រោមជ្រែងណាមួយរបស់កម្ពុជា ដើម្បីដំឡើងឋានៈនៃដៃគូសន្ទនាអង់គ្លេស-អាស៊ានគឺកាន់តែមានសារៈសំខាន់ និងផលប្រយោជន៍សម្រាប់កម្ពុជាក្នុងក្របខ័ណ្ឌយន្តការពហុភាគីផង និងយន្តការទ្វេភាគីផង»។
លទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស កាលពីថ្ងៃទី ៣០ ខែ កញ្ញា ២០២០ បានពិភាក្សាអំពីអាទិភាពផ្សេងៗទៀតនៃវិស័យ កិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងចក្រភពអង់គ្លេស ដើម្បីដោះស្រាយការបង្អាក់ចង្វាក់ផ្គត់ផ្គង់ គាំទ្រសេដ្ឋកិច្ចសកលតាមរយៈពាណិជ្ជកម្មបើកចំហសម្រួលកំណើនសេដ្ឋកិច្ចអន្តរជាតិប្រកបដោយបរិយាប័ន្ន និងចីរភាព និងស្តារឡើងវិញនូវទំនុកចិត្តធុរកិច្ចនៅក្នុងតំបន់៕