ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីអឺរ៉ុប (ASEM) លើកទី ១៤ នៅទីក្រុងម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែធ្នូ ដោយលោកនឹងលើកពីបញ្ហាសមភាព យេនឌ័រ និងតួនាទីស្ត្រីក្នុងការរក្សាសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសពីម្សិលមិញបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយខ្លឹមសារដោយផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីនៅក្នុងសន្តិភាព និងសន្តិសុខ ជាពិសេសក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKO)។
ក្នុងឱកាសនោះ...ឯកឧត្តមនឹងថ្លែងសុន្ទរកថាអំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម»។
តាមសេចក្តីប្រកាសព័ត៌មានដដែលលោក ប្រាក់ សុខុន ក៏ថ្លែងពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ ផងដែរ។ ជាមួយគ្នានោះលោកក៏គ្រោងជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស និងឥស្សរជនមួយចំនួននៃប្រទេសសមាជិក ASEM ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុបដោយផ្តោតលើសសរស្តម្ភ ៣ គឺនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញដោយលោកឲ្យមើលតាមសេចក្ដីប្រកាស។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា វត្តមានលោក ប្រាក់ សុខុន គឺមានសារៈសំខាន់សម្រាប់បង្ហាញពីការចូលរួមរបស់កម្ពុជាក្នុងកិច្ចការតំបន់ និងពិភពលោក។
លោកថា៖ «ASEM ឆ្នាំក្រោយនេះគឺកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបហ្នឹងគឺធ្វើនៅកម្ពុជាយើងដែលយើងជាម្ចាស់ផ្ទះ។ អ៊ីចឹងទេ វត្តមានរបស់គាត់គឺមានសារៈសំខាន់សម្រាប់ជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ពីវត្តមានរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ផ្សេងៗ»។
តាមគេហទំព័រ ASEMInfo-Board(aseminfoboard.org)បានឱ្យដឹងថា កិច្ចប្រជុំ ASEM នេះនឹងប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស និងតំណាងជាន់ខ្ពស់នៃប្រទេសអឺរ៉ុប និងអាស៊ីចំនួន ៥១ រួមជាមួយសហភាពអឺរ៉ុប និងអាស៊ានក្រោមប្រធានបទ «អាស៊ី និងអឺរ៉ុបរួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព»។ កិច្ចប្រជុំនេះរៀបចំដោយប្រទេស អេស្ប៉ាញ និងដឹកនាំដោយលោក JosepBorrell តំណាងជាន់ខ្ពស់ថ្មីសម្រាប់គោលនយោបាយការបរទេស និងសន្តិសុខរបស់សហភាពអឺរ៉ុប៕