ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់លោក Narikazu SUZUKI អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសភានៃប្រទេសជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវគ្រប់វិធានការដែលបានដាក់ចេញក្នុងការពង្រឹងលម្ហប្រជាធិបតេយ្យ និងលម្ហនយោបាយនៅកម្ពុជា។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការលើកឡើងរបស់លោក ប្រាក់ សុខុន ធ្វើឡើងនៅពេលដែលលោក Norikazu SUZUKI ចូលជួបសម្តែងការគួរសមកាលពីរសៀលថ្ងៃម្សិលមិញនៅទីស្តីការក្រសួងការបទេស។ ក្នុងដំណើរទស្សនកិច្ចរបស់លោករយៈពេល ៣ ថ្ងៃនៅកម្ពុជាគឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហាក្រៅពីជួបលោក ប្រាក់ សុខុន លោក Norikazu SUZUKI ក៏នឹងចូលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក កេត សោផាន់ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបកាលពីម្សិលមិញថាលោក ប្រាក់ សុខុន បានស្វាគមន៍ដំណើរទស្សនកិច្ចលើកទី១ របស់លោក Narikazu SUZUKI នៅកម្ពុជាហើយលោករដ្ឋមន្ត្រីបានថ្លែងប្រាប់លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុនគឺបានបន្តរីកចម្រើនជាលំដាប់។
លោកបន្តថាលោក ប្រាក់ សុខុន ក៏បានលើកឡើងប្រាប់លោក Narikazu SUZUKI ផងដែរពាក់ព័ន្ធនឹងកង្វល់របស់សហភាពអឺរ៉ុប ហើយថារាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវគ្រប់វិធានការដែលបានដាក់ចេញនាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «ក្នុងការពង្រឹងលម្ហលទ្ធិប្រជាធិបតេយ្យ និងលម្ហនយោបាយនៅកម្ពុជាគឺកម្ពុជាបានឆ្លើយតបយ៉ាងពេញលេញជាមួយកង្វល់ផ្នែកនយោបាយរបស់ EU តាមអ្វីដែលកម្ពុជាបានប្រកាសកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨ ស្តីពីវិធានការនានាក្នុងការពង្រឹងលម្ហនយោបាយនៅកម្ពុជា»។
លោកបន្ថែមថា៖ «យើងដឹងគ្រប់គ្នាហើយប្រទេសជប៉ុនគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រាជរដ្ឋាភិបាលបានអនុវត្តនូវគ្រប់វិធានការទាំងអស់យ៉ាងខ្ជាប់ខ្ជួនយ៉ាងពេញលេញនូវអ្វីដែលយើងបានប្រកាសមានដូចជាការកែទម្រង់ច្បាប់ ការធ្វើនីតិសម្បទា ដល់អតីតអ្នកនយោបាយ ក៏ដូចជាការដោះលែងសកម្មជននយោបាយសកម្មជនដីធ្លីការអនុញ្ញាតឲ្យបើកនូវការិយាល័យសារព័ត៌មានវីអូអេ»។ ទន្ទឹមនេះលោកឲ្យដឹងថាក្នុងជំនួបរវាងលោក សុខុន និងលោក Narikazu SUZUKI ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ផងដែរ។
លោក សោផាន់ បញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ដូចជាអនុរដ្ឋមន្ត្រី (ជប៉ុន) បានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការមួយចំនួនគឺកិច្ចការតំបន់ និងអន្តរជាតិបញ្ហាកូរ៉េខាងជើង និងបញ្ហាសមុទ្រចិនខាងត្បូង»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រឈមនឹងបញ្ហា EBA ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានអនុវត្តបានពេញលេញនូវអ្វីដែលសហភាពអឺរ៉ុបបានទាមទារ។
លោកបញ្ជាក់ថា៖ «កម្ពុជាថាខ្លួនឯងធ្វើបានល្អតាមគោលការណ៍មួយចំនួននៅក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សសកលក៏ខ្ញុំគិតថាអ្វីដែលបានលើកឡើងអត់ទាន់បានឆ្លើយតបនូវអ្វីដែលសហភាពអឺរ៉ុបបានលើកឡើងឲ្យកម្ពុជាធ្វើដូចជាដោះលែងអតីតមេបក្សប្រឆាំងទម្លាក់ការចោទប្រកាន់លើឥស្សរជនគណបក្សប្រឆាំង ១០០ នាក់ជាងយើងមិនទាន់បានធ្វើទេ...លក្ខខណ្ឌសំខាន់ៗយើងនៅមិនទាន់ធ្វើបាន ដូច្នេះបញ្ហា EBA នៅតែជាបញ្ហាចោទដដែល»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវវិធានការមួយចំនួនធំដែលខ្លួនបានប្រកាសដាក់ចេញក្នុងការពង្រឹងលម្ហប្រជាធិបតេយ្យ និងលម្ហនយោបាយនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងឃើញថា ដំណើរការទៅរលូនហើយ។ យើងឃើញលម្ហនៃការតវ៉ាដែលប្រើប្រាស់កម្លាំង ឬកូដកម្មគឺមិនត្រូវបានអនុញ្ញាតហើយលម្ហនេះ នៅចង្អៀតនៅឡើយ (ប៉ុន្តែ) យើងឃើញគេបើកទូលាយប្រព័ន្ធផ្សព្វផ្សាយ»៕