ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានស្នើដល់អភិបាលក្រុងប៊ូសាន លោក អូ កែដុន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់សុខុមាលភាពរបស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅទីក្រុងនេះជាមួយនឹងការជំរុញកូរ៉េខាងត្បូងបញ្ចប់ឱ្យបានឆាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងបណ្ដាប្រទេសនៅអាស៊ាន។
ការស្នើរបស់លោក ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងជំនួបដាច់ដោយឡែកជាមួយលោក អូ កែដុន កាលពីថ្ងៃចន្ទ ខណៈលោកបានទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សារីយ៍អាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី ១ ដែលតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៊ូសានចាប់ពីថ្ងៃ ២៤ ដល់ ២៧ ខែវិច្ឆិកា។
តាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី ១ កាលពីម្សិលមិញបានបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីលោក ប្រាក់ សុខុន បានអរគុណដល់សាធារណរដ្ឋកូរ៉េដែលបានបន្តបង្កើនកូតាទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ និងបានយកចិត្តទុកដាក់ដល់សុខុមាលភាពដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅកូរ៉េ ជាពិសេសពលករកម្ពុជាចំនួន ៩ ០០០ នាក់ ដែលបាននិងកំពុងស្នាក់នៅធ្វើការនៅទីក្រុងប៊ូសាន។
លោក ប្រាក់ សុខុន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសនោះថា ចាប់ពីឆ្នាំ ២០០៧ មកប្រជាជនកម្ពុជាជាង ៦១ ០០០ នាក់ បានមានឱកាសធ្វើការនៅកូរ៉េខាងត្បូងក្រោមប្រព័ន្ធការអនុញ្ញាតការងារ។
នៅក្នុងសេចក្តីប្រកាសនោះលោក ប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមដែរថា កម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀតពីជំនួយបច្ចេកទេសរបស់កូរ៉េ សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនវានុវត្តន៍ដើម្បីកម្ពុជាអាចទទួលបានប្រយោជន៍ពីការវិវឌ្ឍបដិវត្តន៍ឧស្សហកម្មទី ៤ និងបានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌អាស៊ានដើម្បីលើកកម្ពស់ទេសចរណ៍ វប្បធម៌ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងអាស៊ាន និងកូរ៉េ។
ទន្ទឹមនឹងនេះលោក ប្រាក់ សុខុន បានជំរុញមានការបញ្ចប់ឱ្យបានឆាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយប្រទេសចូលរួមទាំង ១៥ នៅដើមឆ្នាំក្រោយដោយលោកស្នើឱ្យកូរ៉េលើកទឹកចិត្តក្រុមហ៊ុនរបស់ខ្លួនឱ្យចូលរួមនៅក្នុងគម្រោងការតភ្ជាប់នានានៅបណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសក្នុងវិស័យបណ្តាញទីក្រុងឆ្លាត ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានថ្លែងកាលពីម្សិលមិញថា មេដឹកនាំនៃប្រទេសទាំង ២ កម្ពុជា-កូរ៉េ ឃើញថាសុទ្ធតែមានសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង។
លោកថ្លែងថា៖ «បើយើងមើលក្នុងក្របខ័ណ្ឌគោលនយោបាយសម្លឹងមកទិសខាងត្បូងថ្មីកូរ៉េនេះ គឺគេបានបាញ់ឆ្ពោះមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជា ឥណ្ឌាដែលអាចរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ...។ យើងឃើញមានយន្តការច្រើន។
យន្តការកូរ៉េ-មេគង្គ យន្តការកូរ៉េ-អាស៊ាន។ យើងគិតថាកម្ពុជា និងកូរ៉េនឹងមានទំនាក់ទំនងគ្នាកាន់តែស៊ីជម្រៅទ្វេឡើងថែមទៀត។
លោក គិនភា ថ្លែងសង្ឃឹមថាការវិនិយោគផ្ទាល់ពីកូរ៉េមកកាន់កម្ពុជាកាន់តែច្រើន។ គោលនយោបាយសម្លឹងមកទិសខាងត្យូងថ្មីកូរ៉េនេះគឺផ្តោតការយកចិត្តទុកដាក់លើបញ្ហាសន្តិភាព វិស័យសន្តិសុខ និងការជំរុញទំនាក់ទំនងរវាងមនុស្សកាន់តែច្រើនឡើងក៏ដូចជាប្រទេសជាដៃគូ៕