
លោក ផែង វណ្ណៈ នៅពេលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ លោក ផែង វណ្ណៈ ដែលជាជនល្បីឈ្មោះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ ហើយ កាលពីម៉ោងជាង ៦ ល្ងាច ថ្ងៃចន្ទ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមផ្ដន្ទាទោសរយៈពេល ១ ឆ្នាំពាក់ព័ន្ធនឹងករណី បទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ប៉ុន្តែអនុវត្តទោសតែ ២ ខែកន្លះ ក្នុងពន្ធនាគារ ចំណែកទោសក្រៅពីនេះត្រូវព្យួរ។
លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «យើងបានដោះលែងគាត់ហើយ កាលពីម៉ោង ៦ ល្ងាច ថ្ងៃចន្ទ»។
លោក ផែង វណ្ណៈ ត្រូវបានជាប់បណ្តឹងមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលមួយចំនួនទៀតពាក់ព័ន្ធនឹងការនិយាយរិះគន់គ្មានសំចៃមាត់របស់លោក រហូតត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃាត់ខ្លួន និងឃុំខ្លួន កាលពីថ្ងៃទី ៣ ខែ មេសា កន្លងមក ដែលគិតមកដល់ថ្ងៃអង្គារម្សិលមិញគឺមានរយៈពេល ២ ខែកន្លះ។
លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃចន្ទថា សាលក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ រយៈពេល ១ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារតែ ២ ខែ ១៥ ថ្ងៃប៉ុណ្ណោះ ឯទោសនៅសល់ គឺត្រូវព្យួរ និងពិន័យទឹកប្រាក់ចំនួន ៤ លានរៀល។
លោក ផែង វណ្ណៈ ក្រៅពីជាបុគ្គលល្បីឈ្មោះដែលសាធារណជនជាច្រើនបានស្គាល់ដោយសារតែលោកមានភាពសកម្មក្នុងការបញ្ចេញមតិរិះគន់ពីភាពអសកម្មជាច្រើននៅក្នុងសង្គមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកក៏មានតួនាទីជាវរសេនីយ៍ទោ នៅក្នុងក្របខ័ណ្ឌយោធានៃក្រសួងការពារជាតិផងដែរ។
ប៉ុន្តែលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោក ផែង វណ្ណៈ លែងមានក្របខ័ណ្ឌយោធានៅក្រសួងការពារជាតិទៀតហើយ។ លោកបានថ្លែងថា៖ «ហ្នឹងហើយ លោក ផែង វណ្ណៈ អស់ក្របខ័ណ្ឌជាមន្រ្ដីយោធាក្រោយពេលមានសាលក្រមជាស្ថាពរ»។
លោកបានឲ្យដឹងថា គោលការណ៍ក្រសួងការពារជាតិ អ្នកមានទោសព្រហ្មទណ្ឌ គឺត្រូវតែដកហូតតួនាទី និងក្របខ័ណ្ឌជាបណ្តោះអាសន្នសិន ដើម្បីឲ្យតុលាការអនុវត្តតាមនីតិវិធី ព្រោះថា តាមច្បាប់យោធា មិនអាចយកយោធិនទៅកាត់ទោស ដោយមិនបានដកហូតតួនាទីនិងការអនុញ្ញាតពីអង្គភាពសាមីបានទេ៕