ភ្នំពេញៈ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃម្សិលមិញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយបានអះអាងថា កម្ពុជាសហរដ្ឋអាមេរិកនៅតែជាមិត្ត ទន្ទឹមគ្នានោះដែរក៏បានប្រើសម្ដីបែបធ្ងន់ទៅកាន់មន្ត្រីដែលនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញឲ្យវេចអីវ៉ាន់ចេញបើមិនពេញចិត្តកម្ពុជា ដែលអ្នកវិភាគយល់ថា ស្មើនឹងការបណ្ដេញទូតមួយ។
លោក ស៊ីផាន ថ្លែងថា៖ «ដ្បិតយើងនៅជាមិត្តជាមួយគ្នា ហើយបើមន្ត្រីនោះមិនពេញចិត្តស្រុកខ្មែរ វេចអីវ៉ាន់ចេញទៅវិញទៅ យើងមិនស្វាគមន៍ទេ។ មន្ត្រីដែលនៅក្នុងស្ថានទូត ដែលប្រើប្រាស់នូវលក្ខណៈព្រៃផ្សៃគួរតែបញ្ចប់ នេះគឺជាសំណូមពររបស់យើង»។
លោកបានថ្លែងបន្តទៀតថា៖ «យើងដោះស្រាយតាមការទូត យើងមិនដោះស្រាយតាមពួកព្រៃទាំងនោះទេ។ រីឯអ្នកនិយាយ និងអ្នកញុះញង់គឺស្ថិតនៅក្នុងការញុះញង់ ប្រើកម្លាំងបាយ និងការប្រើប្រាស់របៀបព្រៃផ្សៃ។ យើងយកការងារទូតជាការងារដោះស្រាយ តាមរយៈគោលការណ៍រដ្ឋធម្មនុញ្ញ និងនយោបាយរបស់កម្ពុជា និងគោលការណ៍អាស៊ាន។ មន្ត្រីទូតអាមេរិក ជាមនុស្សព្រៃក្នុងការញុះញង់»។
ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពី «សមិទ្ធផល ១ ឆ្នាំ ក្រោយការបោះឆ្នោត» ដែលធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១ ខែ សីហា។ ២ ថ្ងៃ ក្រោយពីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនថា ការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ មានកំហុសឆ្គងខ្លាំង មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។
លោក ផៃ ស៊ីផាន បានថ្លែងផងដែរថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនទាន់មានឯកអគ្គរដ្ឋទូតទេហើយប្រទេស កម្ពុជា មានការពិបាកនឹងធ្វើការជាមួយ ហើយលោកក៏បានចាត់ទុកថាទង្វើរិះគន់របស់ស្ថានទូតអាមេរិកជាសកម្មភាពរបស់ក្រុមព្រៃ និងបានស្នើមន្ត្រីស្ថានទូតនេះបញ្ឈប់ការញុះញង់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស កម្ពុជា។
លោកក៏បានព្រមានដល់ជនណា ក្រុមណាដែលហ៊ានបំផ្លាញសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់នៅក្នុងប្រទេស កម្ពុជា នោះ នឹងត្រូវកម្ទេចចោលតែម្តងដោយមិនទុកនោះទេ។
លោកបានថ្លែងថា៖ «ពេលនេះមិនគួរណាមានអមិត្តមួយចំនួនកំពុងតែព្យាយាមបំផ្លាញនូវសិទ្ធិសេរីភាពមហាជន បំផ្លាញនូវដំណើរការលិទ្ធប្រជាធិបតេយ្យ។ យើងសំណូមពរឲ្យ
ចាត់ទុកកម្ពុជាជាប្អូនស្រីមួយដែលទើបតែពេញក្រមុំ កុំឆាឆៅ យើងមិនឲ្យអ្នកណាមករំលោភយើងជាដាច់ខាត»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អះអាងថា ប្រទេស កម្ពុជា នឹងប្រើប្រាស់យន្តការការទូតធ្វើការដោះស្រាយតាមរយៈគោលការណ៍រដ្ឋធម្មនុញ្ញ និងការងារគោលនយោបាយការបរទេសរបស់កម្ពុជាក៏ដូចជាគោលការណ៍របស់អាស៊ានដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ចំពោះការដែលស្ថានទូតសហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត នឹងមិនមានឥទ្ធិពលអ្វីមកលើស្ថាប័នតុលាការកម្ពុជាឡើយ។
លោក ម៉ាលីន បានថ្លែងថា៖ «ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ មិនមានក្រុមណា ឬស្ថាប័នណា ឬអង្គទូត មកបង្គាប់បញ្ជា ទៅតុលាការនៃរដ្ឋអធិបតេយ្យមួយឲ្យមកដោះលែង ឬមិនដោះ ទម្លាក់ការចោទប្រកាន់នោះ គឺមិនអាចបានទេ ដោយសារតុលាការជាស្ថាប័នឯករាជ្យ»។
ទន្ទឹមនឹងនេះដែរ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ បានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះស្ថានទូតអាមេរិកនៅភ្នំពេញ បានវាយប្រហារលើភាពត្រឹមត្រូវនៃការបោះឆ្នោតទូទៅនៅកម្ពុជា កាលពីឆ្នាំ ២០១៨។
តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ៣១ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសប្រទេស កម្ពុជា បានថ្លែងថា៖ «វាជារឿងគួរឱ្យភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ក្រោយពីបានកត់សម្គាល់ ឃើញនូវអាកប្បកិរិយា ខ្វះការទូត និងមិនគោរពមួយទៀត របស់ស្ថានទូតសហរដ្ឋអា មេរិកនៅភ្នំពេញចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ។ តាមរយៈការបង្ហោះសារលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ ស្ថានទូតបានផ្សព្វផ្សាយនូវបទអត្ថាធិប្បាយខុសឆ្គងវាយប្រហារ លើភាពត្រឹមត្រូវនៃការបោះឆ្នោតទូទៅនៅកម្ពុជាកាលពីឆ្នាំ ២០១៨»។
សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា៖ «យើងនឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពាន ទៅលើបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ ១៩៦១ ត្រូវបានបង្កឡើងដោយស្ថានបេសកកម្ម ដែលតំណាងឱ្យប្រទេស ដែល មានអារ្យធម៌មួយ»។ «សកម្មភាពមួលបង្កាច់ឥតឈប់ឈររបស់ស្ថានទូតសហរដ្ឋអាមេរិក មិនត្រឹមតែប្រព្រឹត្តផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នប្រកបដោយសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិត្តភាពលើគ្រប់វិស័យ ជាមួយនឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំណួរអំពីគោលបំណង ស្មោះត្រង់របស់ស្ថានទូតសហរដ្ឋអាមេរិក ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះផងដែរ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ការហៅមន្ត្រីទូតជាមនុស្សព្រៃ វាជាការជ្រុលហួសហេតុដែលមិនគួរគប្បី ហើយវាក៏មិនមានលក្ខណៈការទូត ក្នុងន័យស្ថាបនា។
លោក ភា ថ្លែងថា៖ «យើងឃើញថា ទំនាក់ទំនងការទូត រវាងប្រទេសយើងជាមួយសហរដ្ឋអាមេរិក វាកំពុងតែស្ថិតក្នុងស្ថានភាពមួយមិនសូវល្អប្រសើរ ហើយយើងទទួលស្គាល់ថាឥរិយាបថឬការអត្ថាធិប្បាយរបស់ស្ថានទូត វាមិនអាចទទួលយកបាន ប៉ុន្តែយើងក៏មិនគួរចេញប្រតិកម្មដែលមិនអាចទទួលយកបានដែរ»។
លោក ភា បានអះអាងទៀតថា៖ «នៅពេលដែលយើងនិយាយថាឲ្យគេវេចអីវ៉ាន់ វាដូចជាការ បណ្តេញទូតមួយ ហើយទំនាក់ទំនងរវាងប្រទេសកម្ពុជានឹងសហរដ្ឋអាមេរិកនៅប្រក្រតីទេ។ វាគ្រាន់តែមានការមិនយល់គ្នាខ្លះ ឬយល់ច្រឡំខ្លះប៉ុន្តែមិនទាន់ដល់ការបណ្តេញទូតទេ។ យើងអាចនឹងមានការកោះហៅតំណាងស្ថានទូតឲ្យមកធ្វើការ បញ្ជាក់ឬតំណាងអគ្គរដ្ឋទូតរបស់យើងនៅវ៉ាស៊ីនតោនធ្វើសេចក្តីតវ៉ាទៅក្រសួងការបរទេសសហរដ្ឋអាមេរិក»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានឲ្យដឹងថា៖ «វាជាការល្អសម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលយើងក្នុងការប្រើប្រាស់ភាសាដោយហេតុផលដែលវាគួរតែឆ្លុះបញ្ចាំងពីវប្បធម៌និងអរិយធម៌ ខ្មែរយើង»។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញមិនមានការឆ្លើយតប នៅពេលដែលភ្នំពេញប៉ុស្តិ៍ទាក់ទងសុំអត្ថាធិប្បាយកាលពីថ្ងៃម្សិលមិញ៕