ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ស្នើ​ឱ្យ​គ្រប់​អភិបាល​រាជធានី-ខេត្ត ​ត្រូវ​ត្រៀម​បម្រុង​បង្កើត​ក្រុម​គ្រូពេទ្យ​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ​សម្រាប់​អ្នក​ជំងឺ​កូវីដ។

យោង​តាម​លិខិត​របស់​លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃ​អង្គារ ទី ០៦ ខែ មេសា ឆ្នាំ ២០២១ នេះ បាន​ឱ្យ​ដឹង​ថា ដើម្បី​ជួយ​សម្រាល​បន្ទុក​មន្ទីរពេទ្យ​រដ្ឋ​នានា​ក្នុង​រាជធានី-ខេត្ត ក្រសួង​ស្នើ​ឲ្យ​ត្រៀម​បម្រុង​បង្កើត​ក្រុម​គ្រូពេទ្យ​ថែទាំ និង​ព្យាបាល​នៅ​តាម​ផ្ទះ សម្រាប់​អ្នក​ជំងឺ​កូវីដ ១៩ ដែល​គ្មាន​រោគសញ្ញា និង​ករណី​ជំងឺ​ស្រាល ក្នុង​លក្ខខណ្ឌ​ដែល​មាន​ការ​រាតត្បាត​ធ្ងន់ធ្ងរ​ជា​យថាហេតុ ដែល​ហួស​ពី​ចំណុះ​​នៃ​មន្ទីរពេទ្យ​រដ្ឋ ឬ​កន្លែង​ព្យាបាល​ដែល​តាម​រាជធានី-ខេត្ត បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ។

លោក​ ម៉ម ប៊ុនហេង ថា៖ «ការ​ត្រៀម​បម្រុង​នេះ ត្រូវ​យក​ក្រុម​គ្រូពេទ្យ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ផ្ទាល់​របស់​ខ្លួន ដោយ​រៀបចំ​ជា​ក្រុម និង​ដឹកនាំ​ដោយ​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ»។

រដ្ឋមន្រ្តី​រូប​នេះ​បាន​បន្ថែម​ថា ក្រសួង​នឹង​ធ្វើ​ការ​បណ្តុះបណ្តាល​ក្រុម​គ្រូពេទ្យ​ទាំង​នោះ ដោយ​អនុវត្តន៍​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOP) ដែល​ក្រសួង​នឹង​រៀបចំ​ជូន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ត្រៀម​បម្រុង​នេះ តប​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ស្នើ​ឱ្យ​មាន​ការ​ត្រៀម​រៀប​ចំ​ទុក​ជា​មុន​ក្នុង​ករណី​ដែល​ការ​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង​សហគមន៍​នេះ​មិន​មាន​ការ​ថមថយ៕