ពោធិ៍សាត់ៈ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានដាក់កម្មវិធីជួបប្រជាពលរដ្ឋដោយផ្ទាល់នៅសាលាខេត្ត ២ ថ្ងៃក្នុង ១ សប្តាហ៍ដើម្បីដោះស្រាយបញ្ហា និងជម្លោះផ្សេងៗរបស់ពួកគេ ខណៈដែលលោកអះអាងថា ធ្វើជាមន្ត្រីត្រូវតែបម្រើរាស្ត្រ ទោះបីពួកគាត់ត្រូវការយ៉ាងណាក៏ដោយ។
លោក ម៉ៅ ធនិន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ចាប់តាំងពីលោកបានមកដឹកនាំខេត្ត លោកបានសុំឱ្យប្រជាពលរដ្ឋបញ្ចូលរូបលោក និងភរិយារបស់លោកជាសមាជិកគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្តចំនួន ១១៧០០០ គ្រួសារក្នុងឋានៈជាកូន ជាក្មួយ នៃឋានានុក្រមគ្រួសារ។ នៅពេលដោះស្រាយលោកប្រើរបៀប ២ ទី ១ តាមលក្ខណៈគ្រួសារ និង ១ ទៀតលោកបង្ហាញដល់ប្រជាពលរដ្ឋពីបញ្ហាច្បាប់ នៅពេលពួកគាត់មិនបានយល់ដឹងជ្រួតជ្រាបពីបញ្ហាច្បាប់។
លោក បន្តថា លោកបានដោះស្រាយជម្លោះ និងបញ្ហាតាមរយៈយន្តការទាំង ២ បានដោយជោគជ័យដោយប្រើគោលនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានអ្នកណាចាញ់ ហើយប្រជាពលរដ្ឋពេញចិត្ត និងរីករាយជាខ្លាំងក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះ។ ការដោះស្រាយបញ្ហានេះមិនមែនសំដៅតែទៅលើបញ្ហាណាមួយនោះទេ គឺមានបញ្ហាទូទៅទាំងអស់ ដូចជាទំនាស់នៅក្នុងគ្រួសារ ទំនាស់ព្រំដី ទំនាស់ប្តីប្រពន្ធលែងលះគ្នា បញ្ហាប្រឈមទៅលើជីវភាពរស់នៅ និងបញ្ហាគ្រប់យ៉ាងទាំងអស់ផ្សេងទៀត។
លោកថ្លែងថា៖ «យើងបានប្រើយន្តការនេះកន្លងមកគឺមានលក្ខណៈមួយល្អណាស់ ដែលយើងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមន្ត្រីគឺជាអ្នកបម្រើរាស្ត្រតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលរបស់សម្តេច (ហ៊ុន សែន)។ អ៊ីចឹងដើម្បីបម្រើលោក (ប្រជារាស្ត្រ) បានល្អ យើងមានការជួបលោកដោយផ្ទាល់ៗអ៊ីចឹង»។
លោកថ្លែងថា៖ «យើងជាថ្នាក់ដឹកនាំនៅក្នុងខេត្ត ហើយយើងជាមេគ្រួសារ យើងមានតួនាទីបម្រើរាស្ត្រ។ យើងបម្រើរហូតទាល់តែចប់ចុង ចប់ដើម។ ទោះជាលោកត្រូវការយ៉ាងម៉េច យើងត្រូវបម្រើលោកអ៊ីចឹង»។
លោកបន្តថា ប្រជាពលរដ្ឋតែងតែមានជំនឿមកលើថ្នាក់ដឹកនាំខេត្តរបស់លោក និងបានមកកាន់សាលាខេត្ត ហើយលោកក៏បានដោះស្រាយជូនពួកគាត់។ នៅពេលដោះស្រាយពេលខ្លះមានហេតុផលមិនច្បាស់លាស់ ហើយគូជម្លោះមិនបានមកជួបផ្ទាល់ លោកបានចាត់តាំងឱ្យអាជ្ញាធរស្រុកចាត់វិធានការដើម្បីហៅប្រជាពលរដ្ឋមកសម្របសម្រួលដោះស្រាយ ក្នុងករណីដែលពួកគាត់មិនពេញចិត្តនឹងការប្តឹងផ្តល់របស់ពួកគាត់។
លោកថ្លែងថា៖ «រយៈពេល ១ អាទិត្យ បើស្រុកចំណាត់ការទៅ (ប្រជាពលរដ្ឋ) មិនព្រមទេ អាហ្នឹងគាត់ឆ្លើយតបមកខេត្តវិញ។ ខ្ញុំនឹងរៀបចំដាក់យន្តការហ្នឹងចុះដោះស្រាយ។ អ៊ីចឹង ខ្ញុំអត់ចុះដោះស្រាយនៅស្រុកទេ។ ខ្ញុំចុះទៅដោះស្រាយដល់ឃុំតែម្តងនៅទីតាំងកើតហេតុ ទីតាំងដែលមានបញ្ហាបណ្ដឹងតែម្តង។ ទៅដល់ឃុំហ្នឹង ខ្ញុំក៏អញ្ជើញពុកម៉ែ ប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យនៅទីនោះដែលលោកដឹងហេតុ យល់ហេតុ ស្គាល់ពីបញ្ហារឿងហ្នឹងសព្វគ្រប់ ហើយលោកប្រជុំគ្នាមកនៅសាលាឃុំហ្នឹងដើម្បីពិភាក្សាគ្នាមើល! ឈ្មោះ «ក» និងឈ្មោះ «ខ» ឈ្លោះគ្នាមានបញ្ហាអី?»។
លោកបានថ្លែងថា លោកតែងតែពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីច្បាប់ និងប្រាប់ឱ្យពួកគាត់ប្រកាន់យកនូវភាពសុក្រឹត និងយុត្តិធម៌។ អ្នកដែលយកដីគេ គឺត្រូវឱ្យគេវិញ។ អ្នកដែលយកដីរដ្ឋគឺត្រូវឱ្យរដ្ឋវិញ។ លោកថា យន្តការជួបពលរដ្ឋនេះនឹងនៅតែបន្តធ្វើជាដរាប ហើយនឹងមានការសិក្សាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យវាមានប្រសិទ្ធភាពខ្ពស់ជាងនេះទៀត។
លោក សំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្ស Adhoc ប្រចាំខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា យន្តការនេះគឺជានីតិវិធីមួយល្អដែរ ដើម្បីឱ្យពលរដ្ឋរាយការណ៍អំពីភាពអសកម្មដែលអាជ្ញាធរមូលដ្ឋានលាក់បាំងព័ត៌មានផ្សេងៗកន្លងមក។ វាក៏ជាកិច្ចការដ៏គំរូមួយដែលធ្វើឱ្យប្រជាពលរដ្ឋហ៊ានជួបជាមួយអាជ្ញាធរ ដែលកន្លងមកប្រជាពលរដ្ឋតែងភ័យខ្លាចក្នុងការជួបអាជ្ញាធរ។
លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា មន្ត្រីរាជការគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកន្លងមកមន្ត្រីរាជការហាក់ដូចជាតាំងខ្លួនជាម្ចាស់ ហើយប្រជាពលរដ្ឋគឺជាអ្នកបម្រើទៅវិញ។
លោកថ្លែងថា៖ «លោក (អភិបាលខេត្ត) អាចដោះស្រាយរាល់បញ្ហាដែលកើតឡើងដែលលោកបានទទួលហើយឆាប់ដោះស្រាយ។ បើសិនជា ៦ ខែបានជួបម្តងតាមរយៈវេទិកាសាធារណៈនោះ អាជ្ញាធរពិបាកក្នុងការដោះស្រាយ។ រឿងខ្លះបានទៅជាទុំជោរបាត់ហើយ បានអាជ្ញាធរខេត្តបានដឹង»។
ហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់កាលពីថ្ងៃទី ៤ ខែកុម្ភៈបានបញ្ជាក់ថា ទំនាស់ និងបញ្ហាប្រឈមជិត ៤០ ករណីត្រូវបានលោក ម៉ៅ ធនិន ដោះស្រាយបញ្ចប់នៅថ្ងៃទី ៤ ខែកុម្ភៈ ក្នុងតួនាទីជាអភិបាលខេត្ត និងតួនាទីជាក្រុមគ្រួសារតែមួយ៕