ព្រះ​សីហ​នុៈ​ លោក​ យន្ដ​ មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ បាន​ដឹក​នាំ​ក្រុម​មន្រ្ដី​ និង​ក្រុម​អនាម័យ​ក្រុង​បន្ដ​ចុះ​សម្អាត​​សំរាម​ នៅ​តាម​ដង​ផ្លូវនិង​តំ​បន់​ឆ្នេរ​​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ដើម្បី​បំផុស​ស្មារ​តី​ ដល់​ប្រជា​ព​ល​រដ្ឋ​ឲ្យ​ចូល​រួម​សហ​ការ​ថែ​រ​ក្សា​បរិស្ថាន​ទាំង​អស់​គ្នា។

​លោក ​យន្ត ​មីន​ បាន​ថ្លែង​ថា​៖​​ «សកម្ម​ភាព​នេះ​​ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​បំផុស​ស្មារតី​ពលរ​ដ្ឋ​ឲ្យ​ងាក​មក​ចាប់​អាម្មណ៍​ និង​ចូល​រួម​ជា​មួយ​អាជ្ញាធរ​ ​ដើម្បី​បរិស្ថាន​ស្អាត​គឺ​ត្រូវ​ផ្តើម​ចេញ​ពី​ប្រជា​ពល​រដ្ឋ​យើង​ម្នាក់​ៗ​ចូល​រួម​»​។​

លោក​ ឱ ​សា​រឿន​ អ្នក​នាំ​ពាក្យ​សាលា​ខេត្ដ​ព្រះ​សីហនុ​ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ សក​ម្មភា​ព​ស​ម្អាត​សំរាម​នេះ ​គឺ​ជា​គោល​ដៅ​ជា​ប្រចាំ ​ដើម្បី​ឲ្យ​មន្រ្ដី​ និង​ប្រជា​ពល​រដ្ឋ​ចូល​រួម​ក្នុង​ការ​សម្អាត​សំរាម​ និង​រួម​គ្នា​ថែ​រក្សា​បរិស្ថាន​ទាំង​អស់​គ្នា។​

​លោក ​សារឿន​ថា បច្ចុ​ប្បន្ន​ខេត្ដ​ព្រះ​សីហ​នុ​ បាន​ទទួល​គ្រឿង​ចក្រ​សម្អាត​ឆ្នេរ​ចំនួន​ ២​ គ្រឿង​​ពី​គណៈ​កម្មា​ធិការ​​ជាតិ​សម្អាត​ឆ្នេរ​រួច​ហើយ។​ ដោយ​ឡែក​រដ្ឋ​បាល​ខេត្ដ​ក៏​បាន​សហ​ការ​គ្នា​ទិញ​ឡាន​សម្រាប់​សម្អាត​ផ្លូវ​ថ្នល់​ចំនួន​​២​គ្រឿង​ដែរ។

លោក​ ថ្លែង​ថា​៖ «​ការ​ប្រមូល​សំរាម​នៅ​តាម​ទី​សាធា​រ​ណៈ​ ​វា​មាន​ភាព​ប្រ​សើរ​ឡើង​ហើយ ប៉ុន្ដែ​រឿង​សំរាម​នេះ បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ក្រុម​ហ៊ុន​តែ​មួយ​ក៏​មិន​បាន​ដែរ​ វា​ទាម​ទារ​ការ​ចូល​រួម​ទាំង​អស់​គ្នា​។ ​ដូច​រដ្ឋ​បាល​ខេត្ដ​បាន​ដាក់​ចេញ​នូវ​គោល​ការ​ណ៍​ចំពោះ​បញ្ហា​នេះ​ ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​សហ​ការ​គ្នា ​ពី​ក្រុម​ហ៊ុន​សម្អាត​សំរា​ម ​និង​​ប្រជា​ពល​រដ្ឋ​ ក្នុង​ការ​សម្អាត​សំរាម​និង​ថែរក្សា​បរិ​ស្ថាន»។

លោក ​រ៉ន ​រ៉ាម៉ន​ ប្រ​ជា​ពល​រដ្ឋ​រស់នៅ​ក្នុង​សង្កាត់​លេខ​ ១​ ខេត្ដ​ព្រះ​សី​ហនុ​ បាន​ថ្លែង​​ថា ​បញ្ហា​សំរាម​មិន​មាន​នៅ​សល់​យូរ​ថ្ងៃ​ដូច​កាល​ពីមុន​ទេ​។​ ​ក្រុមហ៊ុន​គេ​មក​ប្រមូល​ទៀង​ទាត់​ដែរ។​ ​វា​ពិបាក​និយាយ​ដែរ​រឿង​សំរាម​ហ្នឹង​ ព្រោះ​គ្រប់​កន្លែង​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ សុទ្ធ​តែ​កំពុង​សាង​សង់​អគារ​។ ​អ៊ីចឹង​រឿង​​អនា​ម័យ ​និង​បរិស្ថាន​ហ្នឹង​ចង់​ឲ្យ​ស្អាត​ដូច​ពី​មុន​ក៏​មិន​កើត​ភ្លាម​ៗដែរ។

​អ្នក​ស្រី​ ជៀប ​សុធា​រី​ អ្នកសម្រប​សម្រួល​សមា​គម​អាដ​ហុ​ក​ប្រចាំ​ខេត្ត​បាន​អះអាង​ថា​អាជ្ញា​ធរ​ខេត្ដ​ បាន​ប្រឹង​ប្រែង​​ក្នុង​ការ​ថែ​ក្សា ​បរិស្ថាន​ និង​អនាម័យ​បាន​ល្អ​ប្រសើ​រហើយ​ ប៉ុន្ដែ​ដោយ​​សម្ទុះ​នៃ​ការ​អភិ​វឌ្ឍ​មាន​កំណើន​ខ្លាំង​ទើប​ពេល​ខ្លះ​អាជ្ញាធរ​មិន​អាច​មើល​ឃើញ​គ្រប់​កន្លែង​បាន។

​អ្នក​ស្រី​បន្ដ​ថា​៖ «​យើង​សង្កេត​ឃើញ​ថា​ មាន​ភាព​ធូរ​ស្រាល​ជាង​មុន​បន្តិច​ហើយ ប៉ុន្ដែ​យើង​សង្ឃឹម​ថា​ វា​នឹង​មិន​មាន​បញ្ហា​សំរាម​នេះ​កើត​ឡើង​ច្រើន​ដូច​កាល​ពី​មុន​ទេ»៕