ភ្នំពេញ: ​លោក ​សម​ រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ បាន​ថ្លែង​ជា​ញឹក​ញាប់​ថា​នឹង​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។​ កា​រថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​ពិ​ធី​​ជួប​ជា​មួ​យអ្ន​ក​គាំ​ទ្រ​ខ្មែរ​សញ្ជាតិអាមេរិក​ នៅ​ទីក្រុង​ Seattle​ សហរដ្ឋ​អាមេរិក។

​ប៉ុន្តែ​​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​បាន​​ថ្លែង​ថា ​គ្មាន​​ផ្លូវ​ឬ​ហេតុ​ផល​អ្វី​ដែល​លោក ​សម​ រ​ង្ស៊ី​ ត្រូវ​ត្រឡប់​មក​ក្នុង​ឆ្នាំ​ ២០១៩ ​​នេះ​ទេ​ ​ខណៈ​ដែល​អគ្គ​ស្នង​ការ​នគរ​បាល​​ជាតិ​បាន​អះអាង​ថា ​ន​គរ​បាល​ទទួល​បាន​ដី​កា ៣ ​ពី​តុលា​ការ​ពាក់​ព័ន្ធ​រឿង​ក្ដី​របស់​លោក​​សម​ ​រង្ស៊ី ​ដើ​ម្បី​ស្វាគមន៍​ដំ​ណើរ​វិល​ត្រឡប់​មក​វិញ​នេះ។

តាម​រយៈ​វីដេ​អូ​ឃ្លីប​ ១ ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​​របស់​លោក​កាល​ពី​ម្សិល​មិញ ​លោក​ សម​ រង្ស៊ី ​បាន​ថ្លែង​ជា​​ថ្មី​ម្ដង​ទៀត​ថា៖​ «​ពីទី​ក្រុង ​ ​Seattle​ ថ្ងៃ​នេះ​សូម​បញ្ជាក់​ជម្រាប​បង​ប្អូន​ថា​ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​​វិញ​នេះ ​គឺ​ដើម្បី​យក​ប្រទេស​កម្ពុ​ជា​ប្រគល់​ស​ង​ប្រជា​រាស្ត្រ​ខ្មែរ​វិញ។​​​ បេស​ក​ក​ម្ម​ទាំង​អស់​គ្នា​បង​ប្អូន។​ បង​ប្អូន​នៅ​ប្រទេស​កម្ពុ​ជា​ យើង​នៅ​ក្រៅ​ប្រទេស​ យើង​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ទៅ​ចាប់​ដៃ​ជាមួយ​បង​ប្អូន»​។​

​ភ្ជាប់​ជា​មួយ​វីដេ​អូ​ឃ្លីប​នោះ ​លោក​ក៏​បាន​សរសេរ​ ផង​ដែរ​ថា៖​​ «​ខ្ញុំ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ២០​​១៩ ​​នេះ ​គឺ​មិន​មែន​ឲ្យ ​ហ៊ុន ​សែន ​ចាប់​ខ្ញុំ​ទេ​ តែ​ប្រជា​រាស្ត្រ​ខ្មែរ​រាប់​លាន​នាក់​​នឹង​ងើប​ឈរ​ឡើង​ដើម្បី​ទៅ​ចាប់​ ​ហ៊ុន​ ​សែន ​​វិញ​ យក​ទៅ​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​»។

​លោក​ ​រង្ស៊ី ​ក៏បាន​អះអាង​ដែរ​​ថា​ ​មាន​ពល​រដ្ឋ​ខ្មែរ​អ្នក​​គាំ​ទ្រ​រាប់​លាន​នាក់​ពី​ក្រៅ​ប្រទេស​ចូល​រួម​ស្វាគ​ម​ន៍​លោក​។ ​​ក៏​ប៉ុន្តែ​ ​កាល​ពី​ថ្ងៃ​សុក្រ​មន្ត្រី​រាជ​​រដ្ឋាភិបាល​មើល​មិន​ឃើញ​ពី​ហេតុ​ផល ​និង​វិធី​ដែល​លោក​ ​រ​ង្ស៊ី​ អាច​វិល​ត្រ​ឡប់​ចូល​ស្រុក​ខ្មែរ​វិញ​ទេ​ ​ដោយ​បាន​លើក​ឡើង​ពី​សេ​ណា​រី​យោជា​ច្រើន​ចំណុច។

​លោក​ ​ផៃ​ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល​ បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​ថា​ មាន​សេណារីយោ ៦ ​ដែល​មិន​អាច​ឲ្យ​ លោក​ ​សម​ ​រង្ស៊ី​ ​ហ៊ាន​វិល​ចូល​ស្រុក​វិញ​។​

សេណារីយោ​ទី ១ ​គឺ​ថា​ លោក​ ​រង្ស៊ី​ ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។​

-​ទី​ ២ ​បញ្ហា​ក្នុង​ការ​ធ្វើ​​ដំណើរ​តាម​យន្ត​ហោះ​ជា​មួយ​នឹង​ទិដ្ឋា​ការ។

​​​-​ទី​ ៣ ​ការ​ប្រឆាំង​​ពី​សំណាក់​ក្រុម​លោក​ កឹម​ ​សុខា​។​

​-​ទី​ ៤​ ​ឆន្ទៈ​ប្រជា​ពល​រដ្ឋ​ ​៨៣,២​ ​ ភាគ​រយ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​មិន​ស្ដាប់​បង្គាប់​របស់​ ​ រង្ស៊ី។​

​-​ទី​ ៥​​ ឯក​ភាព ​សាម​គ្គី​ភាព​របស់​កង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព​​ដែល​ប្ដេជ្ញា​ការពារ​សន្តិភាព​ ស្ថិរ​ភាព​នយោបាយ ​សណ្ដាប់​ធ្នាប់​សា​ធារ​ណៈ ​និង​ស្ថិ​ត​នៅ​ក្រោម​បញ្ជា​របស់​លោក​នា​យក​​រដ្ឋ​មន្រ្តី ​ដែល​ជា​អគ្គ​បញ្ជា​ការ​ និង​ការ​ពា​រនា​យក​រដ្ឋ​មន្រ្តី​ពេញ​ច្បាប់​របស់​មហា​ជន។​

-​ទី​ ៦ ​គឺ​មាន​តែ​នា​យក​រដ្ឋ​មន្រ្តី​ម្នាក់​គត់​ដែល​មាន​បុព្វ​សិទិ្ធ​ ក្នុង​កិច្ច​ស្នើ​សុំ​ព្រះ​រាជ​ប្រោស​ប្រទាន​ទោស​ បន្ទាប់​ពី​សាល​ក្រម​សា្ថពរ។​

​លោក​ ​ស៊ីផាន​ ​ថ្លែង​ថា​៖ ​«​ជា​រួម​ គឺ​មិន​មាន​លទ្ធ​ភាព​ត្រឡប់​មក​វិញ​ទេ គ្រាន់​តែ​យុទ្ធនា​ការ​ប្រមូល​លុយ​ និង​រក្សា​កម្លាំង​គាំទ្រ​តែ​ប៉ុណ្ណោះ ​​ការ​រៃ​អង្គាស​លុយ​នេះ​គឺ​ខុស​ច្បាប់​នៅ​ស​ហ​​រដ្ឋ​អា​មេរិក​»​។​

​លោក​ ​សុខ​ ​ទូច​ ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​លើក​ពី​សេ​ណារី​យោ​​​មួយ​ចំនួន​ ដែល​បង្អាក់​លោក សម​ រង្ស៊ី​ ​ដែរ ​ទី ១​ គឺ​ពល​រដ្ឋ​មិន​ខ្វល់​ខ្វាយ​នឹង​ការ​ត្រឡប់​មក​វិញ​របស់​គាត់​ដោយសារ​​តែ​ពួក​គាត់​កំពុង​មមា​ញឹក​នឹង​ការ​ងារ​ប្រចាំ​ថ្ងៃ។ ​

ទី​ ២​ ​ពេល​វេលា​រហូត​ដល់​ពេល​បោះ​ឆ្នោត​អាណត្ដិក្រោយ​នៅ​ឆ្ងាយ​។ ​ទី​៣ ​កម្ពុជា​កំពុង​រីករាយ​នឹ​ង​កំណើន​សេដ្ឋ​កិច្ច​ជាង​ ៧ ភាគ​រយ​ប្រចាំ​ឆ្នាំដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​មិន​ប្រថុយ​ប្រថាន​ចូល​រួម​នឹង​ការ​ធ្វើ​បាតុ​កម្ម​របស់​គាត់។​ ​

​សេណា​រី​យោទី​ ៤​ ​គឺ​ថា​ រដ្ឋាភិ​បាល​កំពុង​​សម្រួល​ដល់​បរិយា​កាស​ធ្វើ​ជំនួញ​នៅ​ក​ម្ពុជា ​ក្នុង​ខណៈ​ដែល​ពិភព​លោក​ប្រកួ​ត​ប្រជែង​គ្នា​​។ ​ទី​ ៥​ ​គឺ​គ្មាន​ហេតុផល​អ្វី​ដែល​លោក ​សម​ រង្ស៊ី ​ត្រូវ​ត្រឡប់​​មក​ឆ្នាំ​នេះ​ទេ។​​

​លោកសុ​ខ​ ទូច ​បាន​ចំអក​លោក ​សម ​រង្ស៊ី ថា​ ការ​ប្រកាស​ត្រឡប់​មក​វិញ​នេះ​គឺ​ជា​ការ​ប្រ​កូក​ប្រកាស​ដើម្បី​ប្រមូល​លុយ​ប៉ុណ្ណោះ។​

​លោក​និយាយ​ថា៖​​ «គាត់​កំពុង​ប្រមូល​​លុយ​ពី​អ្នក​គាំទ្រ​ព្រោះ​គាត់​បាន​ចំណាយ​​អស់​រយៈ​ពេល​យូរ​​មក​ហើយ។​ (​គាត់​​ថា)​ ​បើ​ចូល​រួម​ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ។​ ខ្ញុំ​ត្រូវ​ការ​ ៣០ ​ម៉ឺន​ដុល្លារ​ដើម្បី​គាំទ្រ​ការ​វិល​ត្រឡប់។​ តើ​ត្រូវ​ការ​ ៣០ ​ម៉ឺន​ដុល្លារ​យក​មក​ធ្វើ​ស្អី? ​វា​មិន​គ្រប់​សម្រាប់​ជួល​ឡាន​ដឹក​កម្មករ​ ៤០ ​ម៉ឺន​នាក់​មក​ចូល​រួម​​ផង​»​។​

លោ​ក​ ​សុខ​ ​ទូច​ ​បាន​សន្និ​ដ្ឋាន​ថា ​ដោយ​យោង​លើ​សេណារី​យោទាំង​ ៥ ​នោះ​ លោក​ ​សម​ រង្ស៊ី ​នឹង​មិន​វិល​ត្រឡប់​​មក​វិញ​ទេ​នៅ​ឆ្នាំ​ ២០១៩ ​នេះ ​ប៉ុន្តែ​លោ​ក​មិន​ធានា​នៅ​ពេល​ជិត​ដល់​ បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ ទេ​។​

​អ្នក​ប្រវត្តិ​សាស្ត្រ​លោក ​ឌៀប ​សុផល ​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​តុ​មូល​ស្ដី​ពី​ស្ថាន​ការណ៍​នយោ​បាយ​ចុង​ក្រោយ​​នៃ​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ថ្ងៃ​សុក្រ​ ថ្លែង​ថា​ តាម​ប្រវត្តិ​សាស្ត្រ​ ​លោក​ សម​ រង្ស៊ី​ នឹង​មិន​ត្រឡប់​មក​​វិ​ញ​ទេ​ដោយ​សារ​គាត់​ខ្លាច​ជាប់​គុក។​

​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អតីត​មន្ត្រី​គណ​បក្ស​ សម​ រង្ស៊ី​ ​និង​គណ​បក្ស​សិទ្ធិ​មនុស្ស ​គឺ​លោក​ គង់​ គាំ​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​សរសេរ​សារ​លើ​ហ្វេស​ប៊ុក​របស់​គាត់​ ​ដោយ​វាយ​ប្រហារ​លើ​លោក ​សម​ រង្ស៊ី​ លើ​ ៥ ​ចំណុច​ គឺ​ថា ​លោក ​សម​ ​រង្ស៊ី​ ​គឺ​ជា​មនុស្ស​កុហក​បោក​ប្រាស់​ ​បំផ្លាញ​អនាគត​អ្នក​ប្រជា​ធិបតេយ្យ​ សន្ទិដ្ឋិ​ភាព​យក​បរទេស​ចោល​ខ្មែរ​ និង​ស្រវឹង​វង្វេង​យក​ខ្មៅ​ជា​ស​។​

​លោក​សរសេរ​ថា​៖​ «​​ទស្សន៍​ទាយ​ថា​ដាច់​ខាត​គ្មាន​ការ​ស្នើ​សុំ​លើក​លែង​ទោស​លើក​ទី ៣ ឲ្យ​ទណ្ឌិត​ សម​ រង្ស៊ី ព្រោះ​មាន​ការ​ប្តេជ្ញា​ច្បាស់​លាស់​រួច​ហើយ។ ​(​ខ្ញុំ​)​ សង្ឃឹម​ និង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ​រដ្ឋ​សភា​នីតិ​កាល​ទី ​៦ ​រាជ​រដ្ឋា​ភិបាល​អា​ណត្តិ​​ទី​ ៦ ​ដំណើរ​ការ​ជា​ធម្មតា​ដល់​ទី​បញ្ចប់​»​។​

​​កាល​ពី​ថ្ងៃ​សុក្រ​ដែរ ​លោក​ នេត ​សា​វឿន ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​​បង្ហើប​ឲ្យ​ដឹង​ថា ​ប៉ូលិស​បាន​​ទទួល​ដី​កា​ចំនួន​ ៣ ​ពី​តុលា​ការ​ដើម្បី​ស្វា​គមន៍​លោក ​សម​ រង្ស៊ី ​ពេល​ចូល​ស្រុក​វិញ។​ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ដំឡើង​ឋាន​ន្តរ​ស័ក្តិ​ដល់​នគរ​បាល​ខេត្ត​ព្រៃ​វែង​។​ ​

​សារ​ព័ត៌​មាន ​Fresh News បាន​ដក​ស្រង់​សម្ដី​របស់​លោក​ដែល​បាន​ថ្លែង​ថា​៖ «​ឥឡូវ​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ​បាន​និង​កំ​ពុង​ង​បំពុល​ព័ត៌​មាន​របស់​ដែល​គេ​ហៅ​ថា ​គណ​បក្ស​ក្រៅ​ច្បាប់ ​ឥឡូវ​បាន​ និង​​កំពុង​​ធ្វើ​សង្រ្គាម​ចិត្ត​សាស្រ្ត​ ដូច​ជា​ការ​បង្កើត​ចលនា​ថា ​សម​ រង្ស៊ី​ នឹង​ចូល​ស្រុក​ខ្មែរ​វិញ​ នេះ​ជា​ព័ត៌​មាន​ដែល​បំពុល។ ​យើង​​អត់​ចោទ​ទេ ​តែ​ក្នុង​នាម​ជា​កម្លាំង​ប្រដាប់​​អាវុធ​ យើង​អត់​មាន​ធ្វើ​អ្វី​ក្រៅ​ពី​ច្បាប់​នោះ​ទេ។ ​រាល់​ថ្ងៃ​នេះ ​​គាត់​ (សម​ រង្ស៊ី) ​មាន​ដីកា​ ៣ ​គឺ​តុលា​ការ​​បាន​ចេញ​ដីកា​ឱ្យ​នគរ​បាល​កាន់​ក្នុង​ដៃ​ចំនួន​ ៣ សម្រាប់​ស្វា​គមន៍​គាត់»៕​

វីដេអូ៖