ភ្នំពេញៈ អតីត​សមា​ជិក​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ​ជ​ប)​ មក​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​ រ៉ុង ​ឈុន ​ត្រូវ​បាន​ក្រ​សួង​អប់រំ​ យុវជន ​និង​កីឡា ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ក្រសួង​ក្រោម​ហេតុ​ផល​អវត្ត​មាន​គ្មាន​ការ​អនុញ្ញាតប៉ុន្តែ​សាមី​ខ្លួន​ថា​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​ច្រើន​ជាង​ ខណៈ​រូប​លោក​បាន​ដាក់​លិខិត​ចូល​បម្រើ​ការ​ងារ​វិញ​រួច​ហើយ​ក្រោយ​លា​លែង​ពី​គជប​​។​ នេះ​បើ​តាម​ប្រ​កាស​ចុះ​ថ្ងៃទី​៣០​ខែ​មករា​ឆ្នាំ​២០១៨​។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ​រស់ ​សា​លីន​ បាន​ថ្លែង​ថា ​ការ​សម្រេច​លុប​ឈ្មោះ​នេះធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ច្បាប់​ ខណៈ​ដែល​លោក​ រ៉ុង​ ឈុន ​មិន​បាន​សុំ​ចូល​បម្រើ​ការ​ងារ​វិញ​ភ្លាមៗ​ ក្រោយ​ពី​បាន​បញ្ចប់​ការ​ងារ​ពី​ គជប ​ភ្លាម។

លោក​បាន​បន្ត​ថា៖ «​ជារួម​យោង​ទៅ​លើ​គោល​ការ​ណ៍ច្បាប់​អនុ​ក្រឹត្យ​លេខ​ ៥០ ចុះ​ឆ្នាំ ​១៩៩៩ ស្តីពី ​ការ​ស្ថិតនៅ​ក្របខ​ណ្ឌ័​ដើម​វិញ​ត្រូវ​ដាក់​ពាក្យ​ចូល​ធ្វើការ​វិញ​ពេល​ខ្លួន​បានបញ្ចប់​មុខតំណែង​ភ្លាម​។ ​ប្រការ​ ៣ ​សាមី​ជន​ត្រូ​វដាក់​ពាក្យ​ចូល​ធ្វើ​ការ​វិញ​នៅ​ពេល​ចប់​ភារកិច្ច​ក្នុងករណី​សាមី​ជន​មិនបាន​ដាក់ពាក្យ​ចូលធ្វើការ​វិញ​ទេ​ក្រសួង​នឹង​ចាត់​វិធាន​ការ​ជា​ធរមា​ន​»។​

លោក​ សា​លីន ថា​ លោក​រ៉ុង​ឈុន​បាន​ចេញពី​គជប​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ ​២០១៧​ តែ​គាត់​មិន​បាន​ដាក់​ពាក្យ​សុំ​បម្រើ​កា​រងា​​ដើម​វិញ​ភ្លាម​ទេ​គឺ​ទើប​តែ​ដាក់​ពាក្យ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃទី​០៣​ខែ​មករា​ប៉ុណ្ណោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ក្រសួង​ត្រូវ​ចាត់​ការ​តាម​នីតិ​វិធី​ជា​ធរ​មាន។

​យ៉ាង​ណា​ក្ដី​ លោ​ក ​រ៉ុង​ ឈុន​ បាន​ហៅ​ករណី​នេះ​ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ ខណៈ​លោក​បាន​ដាក់​ពាក្យ​សុំ​បម្រើ​ការ​ងារ​វិញ​នៅ​ថ្ងៃ​៣​មករា​ឆ្នាំ​២០១៨​តែ​បែរ​ជា​ក្រសួង​ចេញ​លិខិត​លុប​ឈ្មោះ​លោក​នៅ​ថ្ងៃ​ ៣០ ​មករា ​ឆ្នាំ​ ២០១៨​ ក្រោម​ហេតុ​ផល​អវត្តមាន​ទាំង​លោក​មិន​ទាន់​បាន​ចូល​បម្រើ​ការ​វិញ​ផង​នោះ​។

លោក​បាន​បញ្ជាក់​ថា៖ ​«…ហេតុ​អ្វី​ត្រូវ​អវត្ត​មាន​បើ​មិន​ទាន់​បាន​ធ្វើការ​ផង?»​។លោក​ថា៖«បើ​ចង់​លុប​ឈ្មោះ​ខ្ញុំចេញ​ពី​ក្រប​ខ័​ណ្ឌគួរ​តែ​រក​មូល​ហេតុ​ផ្សេង​ទៅ​ បើ​យក​ហេតុ​ផល​អវត្ត​មាន​គ្មាន​ច្បាប់​នេះ​វា​ជា​រឿង​មួយ​អា​ក្រក់​ខូចកេ​រ្តិ៍ឈ្មោះ​ក្រសួង​ប៉ះ​ពាល់​ដល់​ក្រសួង​និង​រដ្ឋា​ភិ​បាល​។​ បើ​ចង់​ធ្វើ​បែប​ហ្នឹង​គួរតែ​ពិនិត្យ​និង​ផ្អែក​តាម​ក្រប​ខ័ណ្ឌច្បាប់​…»។

«នៅ​ពេល​ដែល​​ខ្ញុំ​ទៅ​បម្រើ​ការ​ងារ​​នៅ គជប គឺ​ខ្ញុំ​បាន​ការ​អនុ​ញាត​ពី​រដ្ឋ​មន្ត្រី​ ជា​ការ​ឈប់​សម្រាក​ពិ​សេស ចាប់​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥​»។

លោក ​រ៉ុង ​ឈុន ​បាន​យល់​ឃើញ​ថា ការ​បញ្ឈប់​នេះ​វា​ជា​រឿង​នយោ​បាយ​ច្រើន​ជាង​កំហុស​ព្រោះ​គេច​ង់​លុប​ឈ្មោះ​ខ្ញុំ​យូរ​​មក​ហើយ​តាំងពី​សម័យ​លោក​ អ៊ឹម​សិទ្ធី ធ្វើ​រដ្ឋ​មន្ត្រី​មក​ម្ល៉េះ។​ ប៉ុន្តែ​​ បាន​ពិនិត្យ​ពិច័យ​ទៅ​តាម​ផ្លូវ​ច្បាប់ តែ​លោក​រដ្ឋមន្ត្រី​ពេល​នេះ​ថា​ បញ្ឈប់​គឺ​បញ្ឈប់​តែ​ម្តង​ដោយ​អត់​បាន​ពិ​និ​ត្យទៅលើ​សហ​ល​ក្ខន្តិកៈ​មន្ត្រី​រាជ​ការ​និង​ច្បាប់​ស្តីពី​ការ​អប់រំ​ពី​ព្រោះ​ច្បាប់​ទាំង​ពីរ​ហ្នឹង​មុន​នឹង​បញ្ឈប់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ណា​មួយ​គេ​ត្រូវ​ហៅ​មក​អប់រំ​ផ្ទាល់​មាត់​សិនបើ​​មិន​ស្តាប់​ចេញ​លិខិត​ព្រ​មាន​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​បើ​នៅ​មិន​ស្តាប់​ទៀត​ទើប​គេ​ចេញ​លិខិត​បញ្ឈប់​។

លោក​ឈុន​បាន​បន្ត​ថា៖​«ចំពោះ​ខ្ញុំ​វិញ​មិន​បាន​ហៅ​ខ្ញុំ​ទៅ​សាក​សួរថា​ខ្ញុំ​បោះ​បង់​ការ​ងារ​ចោល​ឬ​យ៉ាង​មេច​?​ហើយ​ទី​២​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទទួល​លិខិត​ស្តី​បន្ទោស​​ពី​ព្រោះ​ខ្ញុំ​ទើប​នឹង​ឈប់​ពី​គជប​មិន​ទាន់​បាន​ទៅ​បម្រើ​ការ​ងារ​វិញ​ផង​ហ្នឹង​។​ លោក​រដ្ឋ​មន្ត្រី​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ហើយ​គោរព​ច្បាប់​ទម្លាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ព្រោះ​ក្រសួង​អប់​រំជា​ក្រសួង​នាំ​មុខ​គេ​…បើ​គ្រាន់​តែ​ធ្វើ​ដើម្បី​ផ្គាប់​ចិត្ត​អ្នកធំ​និង​យក​នយោ​បាយ​មក​ពាក់​ព័ន្ធគឺ​មិន​ត្រូវ​ទេ​ហើយ​មិន​អាច​ធ្វើ​ការ​​កែប្រែ​វិស័យ​អប់រំ​ឲ្យ​ប្រសើ​រឡើង​បាន​ទេ​»។

​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​​ លោក ហង់​ ជួន​ណា​រ៉ុន មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែ​មបាន​ទេ ​កាល​ពី​ម្សិល​មិញ​៕