ភ្នំពេញ: ក្រុម​អតីត​គ្រូបង្រៀន​ចំនួន ១១ នាក់ ក្នុង​ចំណោម ១៣ នាក់ កាល​ពី​ម្សិលមិញ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​លោក​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រកាស​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​បុគ្គលិក​អប់រំ កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៨ ដោយ​លើក​ហេតុផល​ថា អវត្តមាន​មិន​សុំ​ច្បាប់។

លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ដែល​ត្រូវ​បាន​ប្រកាស​លុប​ឈ្មោះ​ដែរ​នោះ​បាន​ថ្លែង​ថា គោល​បំណង​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​សាលា​ដំបូង​នេះ ដើម្បី​សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​បដិសេធ​ចោល​នូវ​ប្រកាស​ស្ដីពី​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ និង​សុំ​ឲ្យ​ផ្ដល់​ក្របខ័ណ្ឌ​ដើម​មក​វិញ។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​គិតថា បើ​តុលា​ការមិន​ទទួលរង​នូវ​សម្ពាធ​នយោបាយ​ទេ តុលាការ​នឹង​ធ្វើ​ការ​សម្រេច​តាម​វិជ្ជាជីវៈ ហើយ​នឹង​ទទួល​យក​តាម​ការ​ស្នើ​សុំ​នេះ ព្រោះ​ពួក​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ទេ គឺ​ការ​សម្រេច​នេះ​ក្នុង​ន័យ​នយោបាយ»។

លោក ឈុន បាន​អះអាងថា បុគ្គលិក​អប់រំ​ទាំងអស់​ដែល​បានដាក់​បណ្ដឹង​នេះ ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ច្បាប់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ជា​បណ្ដោះ​អាសន្ន (ឬ​ព្យួរ​ការងារ) ដើម្បី​ទៅ​បម្រើ​ការងារ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ស្រុក-ខណ្ឌ ខេត្ត និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

ក្រោយ​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី ១៦ ខែ​វិចិ្ឆកា ឆ្នាំ ២០១៧ មក​ពួក​លោក​ត្រូវ​បាត់បង់​ពី​តួនាទី​ជា​ក្រុម​ប្រឹក្សា​ឃុំ ស្រុក ខេត្ត និង​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ក្រោយ​ពី​អស់​តួនាទី នៅ​អង្គភាព​ថ្មី ពួក​លោក​ក៏បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ចាស់​វិញ ប៉ុន្ដែ​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្ដី​ប្រកាស​លុប​ឈ្មោះ​ពួក​លោក​ចេញ​ពី​ក្របខ័ណ្ឌ​ជា​បន្ត​បន្ទាប់។

យោងតាម​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹងថា៖ «ពួកយើងខ្ញុំ​មិន​សុខចិត្ត​ទៅនឹង​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការ​លុប​ឈ្មោះ​ពួក​យើង​ខ្ញុំ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ខាង​លើ​នេះឡើយ ដោយ​ពួក​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំពោះ​ការ​សម្រេច​លុប​ឈ្មោះ​ពួក​យើង​ខ្ញុំ​ចេញ​ពី​ក្របខ័ណ្ឌ​នេះ ដោយ​ក្រសួង​មិន​បាន​អនុវត្តតាម​នីតិវិធី​រដ្ឋបាល​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហ​លក្ខន្ដិកៈ​មន្ត្រី​រាជការ​ស៊ីវិល ត្រង់​មាត្រា ៤០ និង​មាត្រា ៤៧ ឡើយ»។

លោក​ថា៖ «ការសម្រេច​លុបឈ្មោះ​ពួក​ខ្ញុំ​ចេញពី​ក្របខ័ណ្ឌ​ទាំង​អយុត្តិធម៌​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នៅ​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៨ ដោយ​ចោទ​ប្រកាន់​ពួក​ខ្ញុំ​ថា បោះបង់​ការងារ​ចោល និង​មួយ​ចំនួន​ទៀត​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត»។

លោក គង់ ស៊ីវ​ង្ស អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះសីហនុ​កំពង់ចាម​តាំង​ពី​ឆ្នាំ ១៩៩០ ប៉ុន្ដែ​លោក​ត្រូវ​បាន​ជាប់​ជា​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ចាម​សមាស​ភាព​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​បាន​ថ្លែង​ថា ការ​សម្រេច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ការ​រំលោភ​សិទ្ធិ​សហ​លក្ខន្តិកៈ មន្ត្រី​រាជការ​ស៊ីវិល និង​ជា​ករណី​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

លោក​បន្តថា ក្រោយពី​បាត់បង់​តួនាទី នៅ​ថ្ងៃទី ៣ ខែមករា​ឆ្នាំ ២០១៨ លោក​បាន​សុំ​ចាប់ផ្ដើម​ដាក់​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វ​កិច្ច​ជា​គ្រូបង្រៀន នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ប៉ុន្តែ​ក្រសួង​បែរ​ជា​សម្រេច​លុប​ឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​ទៅ​វិញ។ លោក គង់ ស៊ីវង្ស ដែល​បាន​បាត់បង់​តួនាទី​ពី​ក្របខ័ណ្ឌ​អប់រំ​នេះ បាន​ដាក់​ចម្ងល់​លើ​នីតិវិធី​ក្រសួង​ថា ជា​ការ​រើស​អើង​ផ្នែក​នយោបាយ?

លោក​បញ្ជាក់ថា៖ «ខ្ញុំ​រំពឹងថា តុលាការ​នឹង​ជួយ​ពួក​ខ្ញុំ​ឲ្យ​បាន​ចូល​បម្រើការ​នៅ​ក្របខ័ណ្ឌ​គ្រូបង្រៀន​វិញ ព្រោះ​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​អប់រំ​មក​លើ​រូប ខ្ញុំពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ និង​លោកគ្រូ​អ្នកគ្រូ​ផ្សេង​ទៀត»។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន ទទួល​ព័ត៌មាន​អ្វី​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ហើយ​ប្រសិន​បើ​ក្រសួង​បាន​ទទួល​សំណុំ រឿង​លម្អិត​ពី​ពួកគាត់ មន្ត្រី​ជំនាញ​នឹង​ពិនិត្យ ប៉ុន្ដែ​បើសិន​វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់ តុលាការ ក្រសួង​អប់រំ​នឹង​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ជា​អ្នក​ចាត់​ចែង​វិញ។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​មិនទាន់​មានមតិ​អ្វី​ទេ ព្រោះ​គាត់​បាន​យកទៅដាក់​នៅ​តុលាការ​ទៅ​ហើយ។ អ៊ីចឹង​ទុក​លទ្ធភាព​ឲ្យ​តុលាការ ហើយ​យើង​ចាំមើល​ការ​ឆ្លើយ​តប​ពី​តុលាការ​មក​វិញ ព្រោះ​ពួកគាត់​បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​តុលាការ​ហើយ​អ្វី​ក្រៅ​ពី​នេះ យើង​បាន​សម្រេច​រួចរាល់​អស់​ហើយ ខ្ញុំ​អត់​មាន​មតិ​អ្វី​បន្ថែម​លើ​នេះ​ទេ»។

លោក សួស វិទ្យា​រ៉ា​ន់​ឌី អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​ទេ ដោយ​រង់ចាំ​សួរ​មន្ត្រី​រដ្ឋបាល​របស់​លោក​សិន «ខ្ញុំ​មិន​ទាន់​ដឹង​ដែរ ចាំមើល​ខ្ញុំ​សួរ​មន្ត្រី​រដ្ឋបាល​ខ្ញុំ​សិន»។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​បន្ទោស​មន្ត្រី​នាយក​ដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែល​មិន​បាន​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ និង​បុគ្គលិក​អប់រំ ២០ នាក់ ដែល​ខក​ខាន​មក​បំពេញ​កាតព្វ​កិច្ច​ការងារ​ជាប់​លាប់​ចាប់​ពី​ថ្ងៃទី ៤ មករា ដល់​ថ្ងៃ​ទី ៣០ មករា។ក្នុង​ករណី​នេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ដាក់​លក្ខខណ្ឌ​ជា​លាយ​លក្ខណ៍​អក្សរ​ដូច្នេះ​ថា៖ «សាមីជន​ប្រការ ១ (ប្រធាន​នាយក​ដ្ឋាន) ត្រូវ​គ្រប់គ្រង​បុគ្គលិក​ក្រោម​ឱវាទ​ឲ្យ​ស្រប​តាម​ច្បាប់​ជា​ធរមាន។ ចំពោះ​សាមី​ជន​ដែល​មាន​ឈ្មោះ​ក្នុង​ប្រការ ២ (បុគ្គលិក) ត្រូវ​មក​បំពេញ​កាតព្វ​កិច្ច​ការងារ​ឲ្យ​បាន​ជាប់​លាប់។ ក្នុង​ករណី​ដែល​បន្ត​អវត្តមាន​ទៀត ក្រសួង​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ដែល​នៅ​ជា​ធរមាន»។

លោក លី ចាន់​តុលា មេធាវី និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដែល​គេ​ហៅថា ជា​សេចក្ដី​សម្រេច​ផ្នែក​រដ្ឋបាល ប្រសិន​បើ​អ្នក​ដែល​ពាក់​ព័ន្ធ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ ពួក​គាត់​មាន​សិទ្ធ​ប្ដឹង​បន្ត​ទៅ​តុលាការ​ទៀត ពួកគាត់​មាន​ឱកាស​ប្ដឹង​ទៅ​តុលាការ​នេះ ព្រោះ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​តុលាការ​ជំនាញ​ផ្នែក​រដ្ឋបាល​ទេ។ ដូច្នេះ សាលា​ដំបូង​អាច​តាំង​ខ្លួន​ជា តុលាការ​ដែល​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ​បាន​ដែរ។

លោក​បន្តថា៖ «ករណី​លោក រ៉ុង ឈុន ក៏មាន​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​នៃ​មន្ត្រី​រាជការ​ស៊ីវិល ក៏​ដូចជា​លក្ខខណ្ឌ​ពិសេស​សម្រាប់​គ្រូបង្រៀន​ដែរ មានន័យ​ថា គាត់​បាន​សុំ​ព្យួរ​ការងារ​បង្រៀន​មួយរយៈ​ណាមួយ ហើយ​គាត់​ចង់​ចូល​បម្រើ​ការងារ​កន្លែង​ផ្សេង​មួយ​ទៀត ហើយ​គាត់​សន្យា​ថា ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ណាមួយ វា​អាស្រ័យ​លើ​ការ​ព្រម​ព្រៀង​គ្នា​ជា​មន្ត្រី​កាន់​ការងារ​នេះ។ បើតាម​សេចក្ដី​ប្រកាស​ក្រសួង​ថា គាត់​មិន​ព្រម​ចូល​ទៅ​ធ្វើ​ការងារ​កន្លែង​ដើម​វិញ ឬក៏​យឺត​យ៉ាវ​រវល់​រឿង​នយោបាយ ហើយ​គាត់​ចូល​យឺត​អ៊ីចឹង​ទៅ អាហ្នឹង​ក៏​ជា​កំហុស​វិន័យ​មួយ​ដែរ»៕