ភ្នំពេញៈ លោក​មេធាវី លី ច័ន្ទតុលា បាន​ជាប់ឆ្នោត​ជា​ប្រធាន​ថ្មី​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អាណត្តិ​ទី​ ១៣ ដោយ​បានឈ្នះ​សំឡេង​គាំទ្រ​ច្រើន​លើសលប់​ក្នុង​ចំណោម​បេក្ខជន​ប្រកួតប្រជែង​យក​កៅអី​ប្រធាន​ចំនួន​ ៤ ​នាក់​ផ្សេងទៀត​ ក្នុង​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈមេធាវី កាលពី​ថ្ងៃទី​ ១៦ ខែតុលា នៅ​សណ្ឋាគារ​រេស៊ីដង់​សុខា​ភ្នំពេញ​។

តាម​ការប្រកាស​របស់​គណៈមេធាវី​ឱ្យដឹងថា​លោក​ លី ច័ន្ទតុលា មកពី​ក្រុមហ៊ុន​មេធាវី​អេសវីភី​ទទួល​បាន​សំឡេង​គាំទ្រ​ ១​ ៤៤៤ ស្មើនឹង​ ៧៨.៦៥ ​ភាគរយ​។ លោក​ កែត ឃី ក្រុម​មេធាវី​ពន្លឺយុត្តិធម៌​ទទួល​បាន​សំឡេង​ ១៣០ ស្មើនឹង​ ៧.០៨ ​ភាគរយ​។ លោក​ សំ សុគង់ មកពី​ក្រុម​មេធាវី ប៊ីប៊ីស៊ី ទទួល​បាន​សំឡេង​ ៥៦ ស្មើនឹង ៣.០៥ ​ភាគរយ​លោក ស សូវាន ទទួល​បាន​ ៤១ ​សំឡេង​ស្មើនឹង ២.២៣ ​ភាគរយ​។ រីឯ​លោក​ សេក សោភ័ណ មកពី​ការិយាល័យ​មេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួល​សំឡេងគាំទ្រ​ ២៦ ​ស្មើនឹង​ ១.៤២ ​ភាគរយ​ប៉ុណ្ណោះ​។

លោក លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី​ថ្លែង​ថា ការប្រកួតប្រជែង​ក្នុង​អាណត្តិ​នេះ បើទោះ​ជា​បេក្ខជន​ទាំងអស់​មាន​គោលនយោបាយ​ខុសៗ​គ្នា ប៉ុន្តែ​ការប្រជែង​មិនមាន​ជម្លោះ​នាំឱ្យ​បែកបាក់​ផ្ទៃក្នុង​គណៈមេធាវី​ទេ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​នេះ ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញា​ម្តងទៀត​គឺ​ក្នុង​អាណត្តិ​ទី​ ១៣ ​នេះ​ខ្ញុំ​នឹង​អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​ទាំង​ ៨ ​ចំណុច​ដែល​ខ្ញុំ​បានដាក់​ចេញ​។ តាមរយៈ​នេះ ក៏​ខ្ញុំ​សុំ​កិច្ចសហការ​ពី​សំណាក់​បងៗ​ដែលជា​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សា​គណៈមេធាវី​ហើយ​ក៏​ស្នើសុំ​នូវ​មតិយោបល់ និង​ការណែនាំ​ផ្សេងៗ​នៅក្នុង​ការដឹកនាំ​បន្ត​»​។

គោលការណ៍​ ៨ ​ចំណុច​របស់​ប្រធាន​ថ្មី​គឺ​ការរឹតបន្តឹង​ការ​សុំចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី ការពង្រឹង​ និង​លើកកម្ពស់​សមត្ថភាព​មេធាវី ការពង្រឹង កិច្ចសហការ​។ ការផ្តល់​តម្លៃ​ និង​ការយោគយល់​គ្នា​ជាមួយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​។ បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​អំពី​តួនាទី​មេធាវី និង​ពង្រីក​ទំហំ​ការងារ ព្រម​ទាំង​បង្កើត​យន្តការ​នានា​ក្នុង​ការផ្តល់​តម្លៃ​ និង​កិត្តិយស​ដល់​មេធាវី​។

លោក​ លី ច័ន្ទតុលា វ័យ​ ៤២ ​ឆ្នាំ ​បានបញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ឯកជន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នា​ឆ្នាំ​ ១៩៩៩​។ នៅ​ឆ្នាំ​ ២០០០ លោក​ទទួលបាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​ទៅ​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​នីតិឯកជន ដោយ​ទទួល​បាន​និទ្ទេស​ល្អ​។ នៅ​ឆ្នាំ​ ២០០២ លោក​ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ JEAN MOULIN LYON 3 ។

លោក​មាន​បទពិសោធ​ធ្លាប់​បម្រើ​ការងារ​ជា​ក្រឡាបញ្ជី​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត អន្តរជាតិ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ លោក​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ហើយ​ក៏ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រហូត​ដំឡើង​ឋានៈ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពី​ព្រះមហាក្សត្រ​ផងដែរ​។

លោក​ សួន វិសាល អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព​។ លោក​ជឿជាក់​ថា សមាជិក​មេធាវី​ទាំងអស់​ដែល​ចូលរួម​បោះឆ្នោត​បានប្រគល់​សន្លឹកឆ្នោត​ដ៏ត្រឹមត្រូវ​ទៅ​ឱ្យ​ប្រធាន​ថ្មី​ដែល​អាច​ដឹកនាំ​គណៈមេធាវី​បន្ត​កាន់តែ​ប្រសើរ​។

លោក​ថ្លែងថា​៖ «​ទិសដៅ​សំខាន់​ទៅមុខ​ដែល​ខ្ញុំ​ធ្វើ​មិនទាន់​ចប់ ទី​១ គឺ​កិច្ចទំនាក់ទំនង​កិច្ចការបរទេស​ដែល​យើង​ចង់​បង្កើត​ការិយាល័យ​មេធាវី​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រជាពលរដ្ឋ​យើង​រស់នៅ​។ ទិសដៅ​មួយ​ចំនួន​ទៀត​ដែល​យើង​កំពុង​ធ្វើ ហើយ​ធ្វើ​មិន​ទាន់​គឺ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ ហើយ​ចង់​ពង្រាយ​មេធាវី​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ជាពិសេស​នៅ​ខេត្ត​ដាច់ស្រយាល​»​។

លោក​មេធាវី សេក សោភ័ណ មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា លោក​ លី ច័ន្ទតុលា អាច​មាន​សមត្ថភាព​ដឹកនាំ​គណៈមេធាវី​បានល្អ​កម្រិតណា​ទេ​។ លោក​ថា​៖ «​ខ្ញុំ​គ្មានអ្វី​ថ្នាំងថ្នាក់​អី​ទេ ហើយ​បាន​ចូលរួម​បំពេញ​ភារកិច្ច​ជា​បេក្ខជន ហើយ​ឃើញ​លទ្ធផល​ហ្នឹង​រហ័ស​មែនទែន​នៃ​ការបោះឆ្នោត​នេះ​។ ខ្ញុំ​គោរព​ឆន្ទៈ​របស់​សហភាតា​។ ​រឿង​ដែល​ខ្ញុំ​មិន​យល់ស្រប​របៀប​ឃោសនា​។ ការបោះឆ្នោត​លើក​ក្រោយ​ខ្ញុំ​គិតពី​របៀប​នៃ​ការឃោសនា​ឱ្យ​មាន​ភាពត្រឹមត្រូវ​យុត្តិធម៌​»៕