ភ្នំពេញៈ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទប្រាប់នាយទាហានដែលទើបបញ្ចប់ការសិក្សាឲ្យធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ហើយត្រូវយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងការការពារខឿនឯករាជ្យអធិបតេយ្យជាតិ។
ការថ្លែងរបស់លោក វង្ស ពិសេន ដូចនេះបានធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីធ្វើសច្ចាប្រណិធានសម្រាប់និស្សិតនាយទាហានជំនាន់ទី ២០ ចំនួន ១០១ នាក់ នៅវិមានឈ្នះ-ឈ្នះកាលពីថ្ងៃអង្គារ។
លោកបានបញ្ជាក់ថា៖ «[នាយទាហាន] ត្រូវយល់ច្បាស់ពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដែលជាកម្លាំងស្នូលនៃកិច្ចការពារខឿនឯករាជ្យ អធិបតេយ្យជាតិ។ [ត្រូវ] ធ្វើជាគំរូក្នុងការគោរពច្បាប់ និងអនុវត្តច្បាប់ ជាពិសេសការគោរពវិន័យ បទបញ្ជា ច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ»។
លោកបន្តថា នាយទាហានក៏ត្រូវពង្រឹងពង្រីកចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទាំងការរស់នៅ និងការបំពេញការងារក្នុងនោះក៏ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជនដែរ ព្រោះថាកងយោធពលខេមរភូមិន្ទជាកូនចៅប្រជាជនកើតចេញពីប្រជាជន និងដើម្បីបម្រើប្រជាជន។
លោកក៏បានប្រាប់ដល់នាយទាហានទាំងអស់ឲ្យក្តាប់ជាប់នូវសភាពការណ៍សន្តិសុខផងដែរ ដើម្បីត្រៀមលក្ខណៈអនុវត្តបទបញ្ជាក្នុងនោះត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលគ្រប់រូបភាពរបស់ពួកអមិត្ត ហើយត្រូវពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តលើសកលលោកផងដែរ។
លោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មបានថ្លែងដែរថា និស្សិតនាយទាហានសកម្មជំនាន់ទី ២០ ចំនួន ១០១ នាក់ បានប្រឡងបញ្ចប់វគ្គជាផ្លូវការកាលពីថ្ងៃទី ៤ ខែធ្នូឆ្នាំនេះ ហើយគ្រោងចេញទៅបម្រើការតាមកងឯកភាពនៃកងយោធពលខេមរភូមិន្ទតាមការចាត់តាំងរបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ។
លោកបញ្ជាក់ថា ឆ្លងកាត់ការសិក្សារយៈពេល ៤ ឆ្នាំ និស្សិតនាយទាហានសកម្មទាំងអស់បានចុះធ្វើកម្មសិក្សានៅតាមបណ្ដាកងពល និងយោធភូមិភាគដើម្បីដកបទពិសោធការងារ។
លោកថានៅទូទាំងប្រទេសកម្ពុជាមានសាលាបណ្ដុះបណ្ដាលទាហាន ៣ កម្រិតគឺទី ១ នៅភូមិភាគទាំង ៦ ទី ២ គឺសាលានាយទាហានសកម្មរបស់លោក និងមានវិទ្យាស្ថានកងទ័ពជើងគោក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក។ ចំណែកកម្រិតទី ៣ គឺសាកលវិទ្យាល័យការពារជាតិ។
លោកបន្តថានៅក្នុងកម្មវិធីសិក្សារបស់សាលាលោកមានកម្មវិធីអប់រំលើកទឹកចិត្តពី ២០ ទៅ ២៥ ភាគរយ ដែលនិយាយអំពីការអប់រំចិត្តសាស្ត្រធ្វើឲ្យនាយទាហានមានឆន្ទៈ និងមនសិការស្នេហាជាតិ។
លោកបានបញ្ជាក់ថា៖ «សំខាន់បំផុតនាយទាហានត្រូវតែគោរពច្បាប់។ គោរពច្បាប់ហើយត្រូវចេះជួយទំនុកបម្រុងជួយគ្នាទៅវិញទៅមក មិនថា ប្រជាពលរដ្ឋ កងទ័ព ឬយុវជនទេ»។
លោក ប៊ុត សុភាព បានបន្តថានាយទាហានសកម្មត្រូវធ្វើសច្ចាប្រណិធានសរុប ២ ដង គឺទី ១ ពេលពួកគេចេញពីស៊ីវិលមកចូលជាកងទ័ពត្រូវសច្ចាគោរពច្បាប់ វិន័យរបស់សាលា និងត្រូវខិតខំរៀនសូត្រ។ ទី ២ ក្រោយពេលបានប្រឡងចប់គាត់ត្រូវធ្វើសច្ចាប្រណិធានម្ដងទៀតជាមួយវីរបុរសខ្មែរ។ ឆ្នាំនេះពិធីនេះត្រូវបានធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ។
លោកបានពន្យល់ថា៖ «ការធ្វើសច្ចាប្រណិធាននៅវិមានឈ្នះ-ឈ្នះនេះ មិនមែនសំដៅតែលើវីរជនស្នេហាជាតិ រំដោះជាតិនៅថ្ងៃ ៧ មករានោះទេ គឺសំដៅដល់វីរជនគ្រប់ស្រទាប់តាំងពីសម័យយើងតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិគ្រប់និន្នាការទាំងអស់តាំងពីព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នាយទាហាន និងថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូល្អ និងជាអ្នកបម្រើពលរដ្ឋ។ លោកថាជាក់ស្ដែងមាននាយទាហានមួយចំនួនតូចដែលប្រព្រឹត្តមិនត្រឹមត្រូវក្នុងសង្គម ប៉ុន្តែវាជារឿងធម្មតាព្រោះក្នុងសង្គមក៏មានមនុស្សល្អ និងអាក្រក់ដែរ។
លោកបានថ្លែងថា៖ «យើងជាជួរកងកម្លាំងប្រដាប់អាវុធត្រូវធ្វើអ្វីជាគំរូដល់សង្គម។ កាលពីសម័យសង្គមរាស្ត្រនិយមកាលណាគេនិយាយថា កងទ័ពគឺជាកូនចៅរបស់ប្រជាពលរដ្ឋគឺគេគោរពស្រឡាញ់ប្រជាពលរដ្ឋណាស់ ហើយជួយប្រជាពលរដ្ឋមិនមែនតាំងខ្លួនឯងជាម្ចាស់ប្រជាពលរដ្ឋទេ»៕