ភ្នំពេញៈ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានពន្យល់អំពីការបង្កើតផែនទីខ្នាត ១/២៥០០០ និងបដិសេធការចោទប្រកាន់របស់អតីតគណបក្សសង្គ្រោះជាតិដែលលើកឡើងថា ផែនទីនេះត្រូវបានគូស និងផ្ដល់ដោយវៀតណាម។
គណៈកម្មាធិការកិច្ចការព្រំដែននៃប្រទេសកម្ពុជា និងវៀតណាមកាលពីថ្ងៃទី ១ ខែសីហា បានជួបពិភាក្សាការងារជាមួយភាគីវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្តតៃនិញ និងប្រគល់ទទួលផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥០០០ ដែលបានកំណត់ព្រំដែន ៨៤ % ដែលកម្ពុជា និងវៀតណាមបានឯកភាពគ្នា។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងលោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាមបានចុះហត្ថលេខាក្នុងពិធីទទួលប្រគល់នេះ បន្ទាប់ពីបានត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែនដែលបានចងក្រងរួចចំនួន ៥០០ ច្បាប់ដើម។ សៀវភៅផែនទីនេះមានជាភាសាខ្មែរ-វៀតណាមចំនួន ២៥០ ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ ច្បាប់ដែលបានចងជាអាល់ប៊ុម ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។
លោកស្រីថ្លែងថា៖ «ផែនទីនេះជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ ខ្សែព្រំដែន បង្គោលព្រំដែនរួមនឹងស្ថានភាពភូមិសាស្ត្រនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០០០០ នោះទេ»។
ភ្លាមៗបន្ទាប់ពីព័ត៌មានអំពីការប្រគល់ផែនទីនេះត្រូវបានផ្សព្វផ្សាយ អតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្ដីបារម្ភលើផែនទីនេះ និងអះអាងថា ផែនទីនេះគូសដោយវៀតណាម តាមរយៈសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។
សេចក្ដីថ្លែងការណ៍សរសេរថា៖ «គណបក្សសង្គ្រោះជាតិយល់ឃើញថា ការទទួលយកផែនទីថ្មីសន្លាងខ្នាត ១/២៥០០០ ពីវៀតណាមប្រៀបដូចជាការទទួលយកប្លង់ដីថ្មីនៃប្រទេសកម្ពុជាដែលគូសដោយវៀតណាម។ ក្នុងន័យនេះបូរណភាពដែនដីរបស់ប្រទេសកម្ពុជាត្រូវបានកំណត់ដោយវៀតណាម»។ អតីតបក្សសង្គ្រោះជាតិបានបដិសេធមិនទទួលស្គាល់ផែនទីនេះ និងការបោះបង្គោលព្រំដែន ៨៤ ភាគរយដែលសម្រេចបាន។
ក្នុងបទសម្ភាសជាមួយភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃចន្ទម្សិលមិញលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបានទាត់ចោលការលើកឡើងរបស់អតីតគណបក្សសង្គ្រោះជាតិដែលលោកថា គ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជ្រាវ។
លោកបានពន្យល់ថា ផែនទីខ្នាត ១/២៥០០០ នេះមិនមែនជាការក្លែងផែនទីពីខ្នាត ១/១០០ ០០០ ទៅជា ១/២៥ ០០០ នោះទេ គឺជាការផលិតផែនទីថ្មីដែលធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ បានឯកភាពចុះកិច្ចព្រមព្រៀងផលិតផែនទីនេះជាមួយក្រុមហ៊ុនផលិតផែនទីឈ្មោះ Bloom Info។ ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសដាណឺម៉ាកមួយនេះបានដេញថ្លៃឈ្នះក្រុមហ៊ុនរបស់បារាំង ជប៉ុន និងហ្វាំងឡង់។
លោកបន្តថា មិនមែនកម្ពុជា និងវៀតណាមជាអ្នកផលិតផែនទីនេះផ្ទាល់ទេ។ ប្រទេសទាំង ២ រ៉ាប់រងក្នុងការផ្ដល់វត្ថុធាតុគោលសម្រាប់ឲ្យក្រុមហ៊ុន Bloom Info ផលិតផែនទីនេះ នៅខែមករា ពីឆ្នាំ ២០១១។ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះបានប្រគល់ការងារនេះទៅឲ្យក្រុមហ៊ុន ១ ទៀតឈ្មោះ Niras ដើម្បីធ្វើកិច្ចការនេះបន្ត ហើយក៏បានបញ្ចប់ការងារនេះកាលពីឆ្នាំមុន។ រាល់ដំណាក់កាលនៃការផលិតផែនទីនេះ សុទ្ធតែត្រូវបានត្រួតពិនិត្យច្បាស់លាស់ពីភាគីកម្ពុជាក៏ដូចជាភាគីវៀតណាម។
លោកពន្យល់ថា មុននឹងផលិតចេញជាផែនទី ដំណាក់កាលទី ១ គេប្រើយន្តហោះ ដើម្បីហោះលើបណ្ដោយព្រំដែនក្នុងប្រវែងណាមួយដែលកំណត់ដើម្បីថតយករូបថតអាកាស ឬ orthophoto map។ បន្ទាប់មកប្រទេសទាំង ២ និងក្រុមហ៊ុនផលិតត្រួតពិនិត្យលើរូបថត orthophoto map ដើម្បីកែតម្រូវ។
ដំណាក់កាលទី ២ ក្រុមហ៊ុនបានធ្វើផែនទី orthophoto map ហើយប្រគល់មកឲ្យភាគីទាំង ២ ដើម្បីបោះបង្គោលព្រំដែនខណ្ឌសីមាជាមួយគ្នា។ បន្ទាប់មកភាគីទាំង ២ ប្រគល់លទ្ធផលឯកភាពគ្នាទ្វេភាគីដែលរួមមានទីតាំងបង្គោល និងខ្សែព្រំដែនឲ្យទៅក្រុមហ៊ុន Bloom Info និង Niras ដើម្បីបញ្ចូលក្នុងផែនទីអាកាស និងបង្កើតបានជាផែនទីឋានលេខាដែលបង្ហាញទិដ្ឋភាពនានា រួមមានផ្លូវទឹក ថ្នល់ វាលស្រែចម្ការ។ បន្ទាប់ពីដាក់បញ្ចូលហើយក្រុមហ៊ុនប្រគល់ផែនទីនេះឲ្យភាគីទាំង ២ ពិនិត្យមើលម្ដងទៀតដែលស៊ីពេលរាប់ខែ។
លោកបន្តថា នៅដំណាក់កាលទី ៣ ភាគីកម្ពុជា និងវៀតណាមយកផែនទីទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្ដែង ថាតើរូបថតអាកាសត្រឹមត្រូវដូចជាក់ស្ដែងនៅលើដីឬទេ។ បន្ទាប់ពីឯកភាពហើយ ទើបភាគីទាំង ២ កំណត់ដាក់ទីតាំងបង្គោល ហើយឲ្យក្រុមហ៊ុនបញ្ចូលក្នុងផែនទីដោយមានបង្គោល និងខ្សែបន្ទាត់ព្រំដែន ព្រមទាំងពិនិត្យសាជាថ្មីដើម្បីកែតម្រូវឲ្យត្រូវតាមអ្វីដែលភាគីបានឯកភាពគ្នា។
ដំណាក់កាលចុងក្រោយ បន្ទាប់ពីពិនិត្យហ្មត់ចត់ហើយភាគីទាំង ២ បានប្រគល់កិច្ចការទៅឲ្យក្រុមហ៊ុនផលិតតាមកុងត្រាដែលបានព្រមព្រៀង។ ក្នុងដំណាក់កាលផលិតនៅរោងពុម្ព ភាគីទាំង ២ ដែលម្ខាងៗមានសមភាពចំនួន ២០ នាក់ទៅពិនិត្យនៅឯរោងពុម្ពផ្ទាល់។ នៅពេលបោះពុម្ពត្រឹមត្រូវហើយ កម្ពុជាអ្នកទទួលយកផែនទីទាំងអស់ ដើម្បីចុះហត្ថលេខាពីអ្នកជំនាញគ្រប់លំដាប់ថ្នាក់រហូតដល់រូបលោកជាអ្នកចុះហត្ថលេខាចុងក្រោយនៅមុខនាយករដ្ឋមន្ត្រីធ្វើឡើងនៅប្រទេសវៀតណាមកាលពីឆ្នាំមុន។
លោកមានប្រសាសន៍ដូច្នេះថា៖ «អ្វីដែលយើងធ្វើពិធីប្រគល់ទទួលនៅថ្ងៃទី ១ ខែសីហានេះ នៅម៉ុកបាយគឺយើងចប់អស់ហើយ វៀតណាមជួយចងក្រងជាអាល់ប៊ុមដូចអាល់ប៊ុមរូបថតដោយមួយឈុតមាន ៩០ ផ្ទាំង គេចងក្រងជាអាល់ប៊ុមឲ្យល្អដោយសារគេមានជំនាញបច្ចេកទេសគេជួយចងក្រងឲ្យយើង»។
លោកបន្តថា ផែនទីនេះជាផែនទីឋានលេខាខ្នាត ១ លើ ២៥០០០ មានទីតាំងបង្គោលនៅលើផែនទីទាំងអស់ និងមានខ្សែព្រំដែនដែលមាននិយាមការគ្រប់ចំណុចទាំង ៨៤ ភាគរយនៃព្រំដែនដែលបានឯកភាពគ្នា។
លោកបញ្ជាក់ថា៖ «ក្នុងនោះភាគីទាំង ២ គ្រោងយកលទ្ធផលនៃការផ្លាស់ប្ដូររួចហើយយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគេទុកជាតឹកតាង។ យើងតម្កល់នោះជាឯកសារទន់ និងឯកសាររឹង។ ប៉ុន្តែយើងធ្វើកិច្ចការនេះ បន្ទាប់ពីយើងផ្លាស់ប្ដូរលិខិតូបករណ៍ សច្ចាប័នរវាងប្រទេសយើងទាំង ២ ដែលគ្រោងនឹងធ្វើនៅពេលឆាប់ៗនេះ»៕
វីដេអូ៖