ភ្នំពេញៈ លោក សម រង្ស៊ី បង្ហាញជំហរមិនវិលត្រឡប់ចូលមកកម្ពុជា ដូចការភ្នាល់នោះឡើយ ខណៈដៃគូភ្នាល់គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកគូប្រកួតរបស់លោកថា ជាមនុស្សខូចតែលោកនៅតែរង់ចាំ។
ខណៈដែលឱសានវាទនៃការភ្នាល់សល់តែជាង ១០ ថ្ងៃនោះ លោក ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារឌឺដង កាលពីថ្ងៃសៅរ៍ ដោយមិនបានបញ្ចេញចំឈ្មោះអ្នកណាម្នាក់ឡើយ ប៉ុន្តែត្រូវបានគេគិតថា គឺសំដៅទៅលើលោក សម រង្ស៊ី ដែលជាដៃគូភ្នាល់របស់លោក។
លោកនាយករដ្ឋមន្ត្រីសរសេរថា ដៃគូប្រកួតវាយកូនគោលរបស់លោកលេងខូចខ្លាំង គឺវាយបាល់ធ្លាក់ទឹកដែលមនុស្សបានឃើញគ្រប់គ្នា ប៉ុន្តែដៃគូរបស់លោក បែរជាយកបាល់ថ្មីមកវាយ ដោយមិនខ្វល់ពីបាល់ពិន័យ។
លោកសរសេរបន្តថា៖ «ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វាររត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសម្ដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។
លោក សម រង្ស៊ី កាលពីខែវិច្ឆិកា បានបបួលលោក ហ៊ុន សែន ភ្នាល់ដោយដាក់លក្ខខណ្ឌថា លោក កឹម សុខា នឹងត្រូវដោះលែងនៅពេលជាប់ឃុំបាន ១៨ ខែ គឺមិនលើសពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩ នេះទេ។ ការភ្នាល់នេះគឺលោក រង្ស៊ី ថា នឹងចូលឲ្យចាប់ខ្លួន បើលោកចាញ់ ហើយលោកនាយករដ្ឋមន្ត្រី បានទទួលការភ្នាល់នោះ ដោយសន្យាចុះចេញពីតំណែងបើលោក រង្ស៊ី ឈ្នះ។
ប៉ុន្តែខណៈដែលចំនួនថ្ងៃកាន់តែខិតជិតមកដល់នោះលោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនូវបទសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី ដោយបានបង្ហាញជំហរថា ការចូលមកកម្ពុជា គឺត្រូវធ្វើតាមកាលៈទេសៈ។
លោកថា ការចូលទៅស្លាប់ គឺបានត្រឹមតែឈ្មោះវីរបុរសប៉ុណ្ណោះ ប៉ុន្តែវាគ្មានប្រសិទ្ធភាពក្នុងការជួយជាតិទេ។ លោកបានលើកឧទាហរណ៍ថា សម្ដេចព្រះ នរោត្តម សីហនុ ក្រោយពីរដ្ឋប្រហារ និងការឈ្លានពានរបស់វៀតណាម មិនបានចូលមកកម្ពុជា ឲ្យមានការចាប់ខ្លួនទេ គឺព្រះអង្គចេះគេចខ្លួនមួយរយៈពេល ដល់កាលៈទេសៈអំណោយផល ដល់ស្ថានការណ៍ទុំល្អ ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកក៏រំឭកពីការរត់ចោលប្រទេសរបស់លោក ហ៊ុន សែន ទៅសុំជំនួយពីវៀតណាម មកវាយជាមួយពួកខ្មែរក្រហម។ លើសពីនេះ លោកក៏រំឭកពីឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល របស់បារាំង ដែលបានគេចខ្លួនពីបារាំង ទៅនាំកម្លាំងពីក្រៅមករំដោះប្រទេសបារាំង។
លោក រង្ស៊ី ថា៖ «ឥឡូវនេះ ស្ថានការណ៍ប្រទេស កម្ពុជា អីចឹងដែរ។ បើខ្ញុំឲ្យ ហ៊ុន សែន ចាប់ខ្ញុំ ខ្ញុំក្លាយទៅជា កែម ឡី ខ្ញុំក្លាយទៅជា កឹម សុខា។ ឥឡូវ កែម ឡី ជាវីរបុរសមែន ប៉ុន្តែ កែម ឡី មានបានជួយប្រជាពលរដ្ឋឲ្យរំដោះខ្លួនពីរបបផ្ដាច់ការមកដល់ពេលនេះទេ? អត់ទេ។ លោក កឹម សុខា ឲ្យ ហ៊ុន សែន ចាប់ ឥឡូវនេះ រងការឃុំឃាំងពីពន្ធនាគារ មកឃុំឃាំងក្នុងផ្ទះ អត់មានសេរីភាពតើជួយរំដោះប្រជាពលរដ្ឋបានទេ? ជួយទៅបំផុសបំផុលអន្តរជាតិបានទេ?»។
នៅពេលសួរថា តើលោកទុកចិត្តប៉ុនណា ក្នុងការត្រឡប់មកកម្ពុជាវិញ? លោក រង្ស៊ី ឆ្លើយថា៖ «ខ្ញុំមិនទៅឆោតឲ្យគេចាប់ងាយៗ ឲ្យគេសម្លាប់ងាយៗទេ។ យើងធ្វើអីយើងត្រូវតែលៃលកឲ្យមានលទ្ធភាពឈ្នះ ឲ្យប្រជារាស្ត្រឈ្នះ យើងរៀបចំផែនការណាមួយ ដែលជោគជ័យ យើងមិនទៅធ្វើលេងៗ ឲ្យគេកម្ចាត់យើងងាយៗអ៊ីចឹងទេ។ បំណងរបស់ខ្ញុំ គឺចង់ឈ្នះដោយសន្តិវិធី។ គឺយើងធ្វើចលនាក្នុងចិត្តក្នុងអារម្មណ៍ក្នុងបេះដូង គេហៅថា សង្គ្រាមចិត្តសាស្ត្រក៏បានដែរ»។
លោក រង្ស៊ី លើកឡើងថា សេណារីយោទី ១ របស់លោកហ៊ុន សែន គឺចាប់រូបលោក ឬសម្លាប់ដោយបាតដៃទី ៣ ប៉ុន្តែលោកថា លោកមិនចូលក្នុងសេណារីយោនេះទេ ដោយលោកមានសេណារីយោមួយ គឺចូលទៅចាប់លោក ហ៊ុន សែន វិញ ដោយអះអាងថា មានការងើបឡើងរបស់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ។
អ្នកវិភាគនយោបាយលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ឆ្លងតាមអ្វីដែលលោក សម រង្ស៊ី លើកឡើងនោះ បញ្ជាក់ថា លោកនឹងមិនមកវិញតាមការសន្យាដូចការភ្នាល់ទេ។ «វាគ្រាន់តែជាការបំពងសំឡេង ទាញការចាប់អារម្មណ៍តែប៉ុណ្ណឹងទេ ដើម្បីកុំឲ្យប្រជាជនភ្លេចគាត់ ដើម្បីកុំឲ្យអន្តរជាតិភ្លេចគាត់ អ៊ីចឹងគាត់បង្កើតព្រឹត្តិការណ៍ទាញការចាប់អារម្មណ៍ហើយជាទូទៅ គាត់មិនដែលបានគោរពតាមការសន្យា ហើយបើនិយាយពីរឿងគាត់ឈ្នះវិញ គាត់ឈ្នះរហូត»។
លោក ភា បន្តថា៖ «ចាញ់ក្ដី ឈ្នះក្តី លោក សម រង្ស៊ី មិនមកតាមការសន្យាទេ គឺគាត់មិនគោរពការសន្យាចំពោះការភ្នាល់របស់គាត់ទេ។ គាត់កំពុងរកលេស រកហេតុផលផ្សេងៗដើម្បីគេចវេះពីការភ្នាល់ហ្នឹងដូចជាគាត់ថា គាត់ឈ្នះបេះដូងប្រជាពលរដ្ឋ។ ដូច្នេះគឺជាភាសាមួយដែលដោះសា ដើម្បីគេចវេះពីការទទួលខុសត្រូវ»។
លទ្ធភាពដែលមិនត្រឡប់មកវិញរបស់លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគរូបនេះ ប្រៀបប្រដូចនឹងពាក្យស្លោកខ្មែរថា៖ «ភូតច្រើន ចាញ់អាត្មា គឺធ្វើឲ្យគេលែងជឿទុកចិត្តគាត់ បាត់បង់ទំនុកចិត្តពីគាត់ ហើយសហគមន៍អន្តរជាតិ ក៏លែងជឿគាត់ដែរ គាត់និយាយមិនពិត»។
ទោះយ៉ាងណា លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថា ការភ្នាល់របស់លោក សម រង្ស៊ី គឺគ្រាន់តែជាយុទ្ធសាស្ត្រ ឬល្បិចកលនយោបាយប៉ុណ្ណោះ ហើយលោក រង្ស៊ី ក៏មានភាពឆ្លាតវៃលើរឿងភ្នាល់នេះដែរ។
លោកថ្លែងថា៖ «គាត់ប្រាប់ហើយ គាត់មិនចូលក្នុងរបត់នេះទេ បានន័យថា នៅក្នុងរបត់ណាមួយនៃសម្ពាធអន្តរជាតិណាមួយកើតឡើង ឬការរំជួល ការងើបឡើង ការបះបោរ ពីប្រជាពលរដ្ឋអាហ្នឹងគាត់អូសទាញបានកម្លាំងហ្នឹង ទើបគាត់ចូលមក។ អ៊ីចឹងយុទ្ធសាស្ត្រភ្នាល់នេះ គ្រាន់តែជាតាក់ទិក ឬវិធីសាស្ត្រល្បិចកលនៅក្នុងនយោបាយទេ មិនមែនជាការលេងល្បែងមានអាជ្ញាកណ្ដាលពិតប្រាកដទេ ព្រោះអ្នកនយោបាយនៅកម្ពុជាយើងមានពិសពុលច្រើន»។
លោកយល់ថា បើទោះបីជាលោក រង្ស៊ី មិនវិលតាមការសន្យានេះក៏ដោយ ក៏អ្នកគាំទ្ររបស់គាត់ មិនរារែកចិត្តឈប់គាំទ្រគាត់ដែរ ដោយសារតែអ្នកគាំទ្រយល់ចិត្តគាត់។ «ម្យ៉ាងទៀត វាអត់មានអ្នកនយោបាយណា ដែលហ៊ានប្រឈមជាមួយនាយករដ្ឋមន្ត្រី ហើយដែលអាចមានកម្លាំងស្មើគ្នា។ អ៊ីចឹងគាត់នៅតែជាបេក្ខជននយោបាយមួយសំខាន់ដដែល»។
គួររំឭកផងដែរថា អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ ធ្លាប់បានទស្សន៍ទាយដោយដាក់ចេញនូវហានិភ័យចំនួន ៣ ចំណុច ដែលអាចនឹងកើតឡើង ចំពោះលោក សម រង្ស៊ី ប្រសិនបើប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិរូបនេះហ៊ានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៩ នេះមែននោះ។
កាលពីចុងខែមករា លោក ម៉ុងហៃ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ថា ចំណុចទី១ លោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារដូចសហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរ ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយចំណុចទី២ គឺថា លោក រង្ស៊ី នឹងត្រូវគេវាយបែកក្បាល ដូចអតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន នៅពេលដែលគាត់វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនៅឆ្នាំ ១៩៩១។ ចំណែកចំណុចទី៣ «(សម រង្ស៊ី) អាចត្រូវបានសម្លាប់ ដូចសមាជិកព្រឹទ្ធសភាហ្វីលីពីន ឈ្មោះ អាគីណូ Aquino» ដែលជាគូប្រជែងនយោបាយរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos៕