ភ្នំពេញៈ ​លោក​ សម រង្ស៊ី មិន​បាន​ចូល​បំភ្លឺ​នៅ​ចៅក្រម​ស៊ើបសួរ​ទេ​ករណី​ចោទប្រកាន់​លោក​ថា​ប៉ុនប៉ង​កាត់​ទឹកដី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​រស់​នៅលើ​ខេត្ត ៤ របស់​កម្ពុជា​។

តាម​កាលកំណត់​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចូល​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​ ១៣ ខែ​សីហា ម្សិលមិញ​តាម​ការកោះហៅ​របស់​លោក​ចៅក្រម​ស៊ើបសួរ រស់ ពិសិដ្ឋ ដោយ​លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា​បាន​ «​ប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​ ១ ​ផ្នែក​» បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា ២៧ និង​មាត្រា ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​លោក​ប្រឈម​ជាប់​ពន្ធនាគារ​មួយ​ជីវិត បើ​សិន​រកឃើញ​ថា​មាន​ទោស​។

លោក រស់ ពិសិដ្ឋ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ឡើយ​។ លោក​ថ្លែង​ថា​៖ «​គាត់​អត់​ឃើញ​មាន​ការ​ឆ្លើយតប​ផង​។ ខ្ញុំ​មាន​នីតិវិធី​បន្ត តែ​មិន​អាច​ប្រាប់​បាន​»​។

បណ្ដឹង​លើ​លោក សម រង្ស៊ី កើត​មាន​ក្រោយ​ពេល​មាន​វីដេអូ​មួយ និង​មាន​ឯកសារ​ចុះ​ហត្ថលេខា​បាន​បង្ហាញ​ថា​លោក សម រង្ស៊ី និង​លោក កុក ស (Kok Ksor) មេដឹកនាំ​ជនជាតិ​ភាគតិច Degar (​ម៉ុងតាញ៉ា​) បាន​ចុះហត្ថលេខា​យល់​ព្រម​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​រស់នៅ​លើ​ខេត្ត ៤ របស់​កម្ពុជា​រួមមាន​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ​។ កិច្ចព្រមព្រៀង​នោះ​បញ្ជាក់​ថា ជនជាតិ​ភាគតិច​មាន​ «​សិទ្ធិ​ស្វ័យភាព​» នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​។

ទោះ​យ៉ាង​ណា​វីដេអូ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នោះ​ត្រូវ​បាន​ថត​តាំងពី​ឆ្នាំ​ ២០១៣​។ លោក សម រង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា​ការចុះហត្ថលេខា​នោះ​គឺ​ធ្វើ​ឡើង​ស្រប​តាម​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​របស់​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ​។

កាលពី​ម្សិលមិញ​លោក​ សម រង្ស៊ី បាន​បញ្ជាក់​ពី​ការចុះហត្ថលេខា​នោះ​ម្តង​ទៀត​ដោយ​ថ្លែង​ថា​គឺ​ធ្វើ​ឡើង​ស្រប​តាម​សេចក្តី​ប្រកាស​របស់​ អ.ស.ប​។

លោក​និយាយ​ថា​​ការ​ចោទប្រកាន់​ដោយសារ​តែ​ការចុះ​កិច្ចព្រមព្រៀង​នេះ​គឺជា​ការ «​ល្ងង់ខ្លៅ និង​គ្មាន​វិជ្ជាជីវៈ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​មិន​ដែល​បាន​អាន​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​អំពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​អង្គការ​ពិភពលោក​នេះ​កាលពី​ឆ្នាំ​ ២០០៧»​។

លោក​បន្ថែម​​ថា​៖ «​ខ្ញុំ​គ្រាន់តែ​យោង​ទៅ​លើ​សេចក្តី​ប្រកាស​នោះ នៅ​ពេល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ជនជាតិ​ដើម​ភាគតិច​នៅ​ភាគ​ឦសាន​របស់​កម្ពុជា​។ ដោយសារ​តែ​យោង​ទៅ​លើ​ឯកសារ​របស់ អ.ស.ប នេះ ពួកគេ​ចោទ​ខ្ញុំ​ថា​ក្បត់​ជាតិ​»៕