ព្រះវិហារៈ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដាក់បម្រាមពលរដ្ឋចំនួន ៣១ គ្រួសារ ឱ្យបញ្ឈប់ការដឹកឈើដែលបានកាប់រួចចេញពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបដែលស្ថិតនៅក្នុងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ខណៈសកម្មភាពដឹកបានប្ដូរពីប្រើរថយន្ត ឬគោយន្តមកជំនួសដោយម៉ូតូ ហើយបានព្រមានថា បើ ៣ ថ្ងៃទៀតមិនព្រមបញ្ឈប់នឹងត្រូវចាប់យកឈើ និងមធ្យោបាយដឹកជញ្ជូនទាំងនោះ។
លោក សុខ ទូច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ពី ម្សិលមិញថា ពលរដ្ឋទាំង ៣១ គ្រួសារនេះបានកាប់ឈើ និងខ្លះច្រៀកជាកំណាត់ប្រវែងប្រហែល ១ ម៉ែត្រយកទៅរក្សាទុកនៅផ្ទះដែលមានពី ២ ទៅ ៣ ពាន់កំណាត់ ជាប្រភេទឈើធ្នង់ ហើយបច្ចុប្បន្នពួកគាត់បានចាប់ផ្តើមដឹកចេញ។
លោកបានឱ្យដឹងថា កាលពីមុនលោកបានចាប់ឈើចំនួន ១៥ ផ្ទះប្រគល់ជូនឱ្យមេព្រៃ ដើម្បីចាត់វិធានការតាមច្បាប់ ប៉ុន្តែហាក់មិនរាងចាលទេ។
ករណីនេះឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ និងអប់រំពួកគាត់មុនឱ្យហើយ បើនៅតែដឹកចេញទៀតនឹងចាប់ទាំងឈើ និងម៉ូតូយកមករក្សាទុក ចំណែកមនុស្សនឹងត្រូវដោះលែងវិញ។
បើតាមលោក សុខ ទូច បច្ចុប្បន្ននេះពលរដ្ឋទាំងនោះលែងដឹកតាមឡាន និងគោយន្តទៀតហើយ ព្រោះមន្ត្រីឧទ្យានចាប់យកមករក្សាទុក ប៉ុន្តែពេលនេះពួកគាត់ចាប់ផ្តើមប្ដូរមកដឹកតាមម៉ូតូវិញ ដែលសុទ្ធសឹងតែជាប្រភេទឈើធ្នង់កាប់ចេញពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប។
លោកបានបញ្ជាក់ថា៖ «យើងផ្ដល់ឱកាសត្រឹមតែ ៣ ថ្ងៃទៀតទេ [គិតពីថ្ងៃ ៦ មេសា ទៅ] ប្រសិនបើបន្តដឹកទៀត យើងនឹងចាប់យក។ ឈើធ្នង់នេះ គឺជាសត្រូវរបស់មនុស្សនាពេលបច្ចុប្បន្ននេះ ឈើដែលមានមុខកាត់ត្រឹមតែ ២ តឹក គេកាត់យក ១ ម៉ែត្រ តែបើជាដើមតូចគេគាស់ទាំងដើមយកទៅលក់។ ដូច្នេះ យើងនឹងចាត់វិធានការក្ដៅនាពេលខាងមុខនេះ»។
លោក សុខ ទូច បានបន្តទៀតថា លោកមិនអនុញ្ញាតឱ្យពលរដ្ឋទាំង ៣១ គ្រួសារដឹកចេញពីផ្ទះនោះទេ ព្រោះពលរដ្ឋទាំងនោះរស់នៅក្នុងឧទ្យាននេះដោយខុសច្បាប់។ បើទោះបីឱ្យពួកគាត់រើចេញពីនោះទៅរស់នៅលើដីដែលរៀបចំប្រគល់ជូនរួចហើយក៏ពួកគាត់មិនព្រមចេញដែរ។ ពលរដ្ឋទាំង ៣១ គ្រួសារនោះគឺរស់នៅក្រោយព្រះរាជក្រឹត្យដែលត្រូវអភិរក្ស ហើយបើពួកគាត់រស់នៅទីនេះ ពួកគាត់នឹងកាប់ឈើអស់ពីឧទ្យានជាតិ ខណៈកម្លាំងរបស់ឧទ្យានមានចំនួនតិចមិនអាចទប់ជាប់ទេ។
ទោះជាយ៉ាងណាលោក ផាវ ឈឿន មេភូមិដងផ្លិត ឃុំឆែបបានបដិសេធថា ពលរដ្ឋទាំង ៣១ គ្រួសារដែលរស់នៅក្នុងឧទ្យាននេះលែងកាប់ឈើធ្វើអាជីវកម្មទ្រង់ទ្រាយធំទៀតហើយ បន្ទាប់ពីមានការហាមប្រាម តែនៅមានការកាប់ឈើតូចសម្រាប់ធ្វើរបងផ្ទះ ហើយបើមាន គឺមានតែអ្នកមកពីចម្ងាយប៉ុណ្ណោះ។
លោក ផាវ ឈឿន ថ្លែងថា ចំពោះមន្ត្រីឧទ្យាននៃរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប ស្នើឱ្យពលរដ្ឋទាំង ៣១ គ្រួសារនេះចេញពីឧទ្យាន គឺមានអ្នកខ្លះចង់ចេញតែអ្នកខ្លះទៀតមិនចង់ចេញទេ។
លោកមេភូមិរូបនេះបានស្នើថាអ្នកដែលមិនចង់ចេញត្រូវធ្វើកិច្ចសន្យាមិនឱ្យកាប់ឈើធ្វើអាជីវកម្មបន្តទៀត បើនៅតែប្រព្រឹត្តគឺត្រូវមានវិធានការអនុវត្តតាមច្បាប់ដោយចាប់យកទៅដាក់គុកជាដើម។
លោក ផាវ ឈឿន ថ្លែងថា៖ «ខ្ញុំក៏បានទៅសម្របសម្រួលជាមួយនឹងមន្ត្រីឧទ្យានដែរថា ឱ្យគាត់ធ្វើកិច្ចសន្យាទៅ ឬបង្កើតលក្ខន្ដិកៈសម្រាប់អ្នកដែលរស់នៅក្នុងឧទ្យាននេះឱ្យពួកគាត់ជាប់ពន្ធនាគារកុំឱ្យកាប់ឈើ ប៉ុន្តែមិនទាន់បានធ្វើទេ»។
លោក ជា សម្បត្តិ អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានថ្លែងថា សកម្មភាពការកាប់ឈើក្នុងឧទ្យាននេះនៅតែមានជាពិសេសនៅរដូវប្រាំងនេះ គឺទាំងពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងអ្នកមកពីខាងក្រៅ។
លោកថា ស្ថានភាពនៃការចូលមកកាប់ឈើនៅក្នុងឧទ្យាននេះមានការលំបាកក្នុងការទប់ស្កាត់ ព្រោះមិនមានច្បាប់ដូចទៅនឹងក្រសួងបរិស្ថាន នៅពេលដែលគេចាប់បានគេអនុវត្តច្បាប់ ប៉ុន្តែសម្រាប់មន្ត្រីនៅទីនេះចាប់បានតែឈើ និងគោយន្ត ឬវត្ថុតាងនៃបទល្មើស តែសម្រាប់មនុស្សគឺមិនអាចទេ ព្រោះអត់មានច្បាប់។
លោក ជា សម្បត្តិ ថ្លែងថា៖ «ដូច្នេះយុទ្ធសាស្ត្ររបស់យើងគឺចាប់យកមករក្សាទុកកុំឱ្យពួកគាត់យកទៅដឹកឈើទៀតហើយនៅពេលសមស្របណាមួយយើងនឹងឱ្យគាត់វិញទេ»៕
វីដេអូ៖