ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស អំណាច​ខ្មែរ លោក​ សួន សេរីរដ្ឋា ដែល​ធ្លាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នោះ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី​ ៩ ​កក្កដា​​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ម្សិលមិញ គឺ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​តែងតាំង​មុខ​តំណែង​លោក​ សួន សេរីរដ្ឋា ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

លោក​ សួន សេរីរដ្ឋា ដែល​ទើបតែ​ទទួល​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ដឹង​ពី​ការងារដែល​ត្រូវ​ធ្វើ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៅឡើយ​ទេ​ដោយ​រង់ចាំ​ការចាត់​តាំង​របស់​រដ្ឋមន្ត្រី​។ ប៉ុន្ដែ​លោក​ប្រាប់ថា លោក​មាន​បំណង​ជួយ​កសិករ​នៅតាម​ទីជនបទ​ឲ្យ​មាន​ជីវភាព​ធូរធារ​ និង​មាន​ទីផ្សារ​លក់​ផលិតផល​។

លោក​ថា​៖ «​ចំពោះ​ជីវិត​នយោបាយ​គឺ​ខ្ញុំ​មិន​បោះបង់​ចោល​ទេ ប៉ុន្ដែ​ជីវិត​នយោបាយ​របស់​ខ្ញុំ​នៅពេល​នេះ​គឺ​ជួយ​ពលរដ្ឋ ជួយ​កសិករ​។ ព្រោះ​គំនិត​ទស្សនៈ​របស់​ខ្ញុំ​តាំងពី​ដើម​មក គឺ​ធ្វើ​យ៉ាងណា​ជួយ​ពលរដ្ឋ​។ ជាពិសេស កសិករ បើ​គាត់​មាន​ដី គឺ​ពួកគាត់​ត្រូវតែ​មាន​ជីវភាព​ធូរធារ ហើយ​ពួកគាត់​ត្រូវ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដី​ស្របច្បាប់ ដោយ​គ្មាន​អ្នកផ្សេង​មក​រំលោភ​បំពាន​យក​ដី​ពួកគាត់​ឡើយ​»​។

លោក​បន្ត​ថា បក្ស​អំណាច​ខ្មែរ​ដែល​លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​នោះ លោក​អះអាង​ថា ត្រូវបាន​គេ​ដណ្ដើម​យក​ទៅ​បាត់ ដោយ​គេ​បាន​ដូរ​ឈ្មោះ​ថ្មី ហើយ​លោក​មិន​អាច​ដណ្ដើមយក​មកវិញ​បានទេ​។ ប៉ុន្ដែ​លោក​បញ្ជាក់ថា លោក​បាន​ហាម​ប្រើប្រាស់​ឈ្មោះ​ [​គណបក្ស​អំណាច​ខ្មែរ​] ​ចាស់​បន្តទៀត​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ចាប់អារម្មណ៍​នឹង​រឿង​របស់​លោក​ សួន សេរីរដ្ឋា ​ទេ​។ លោក​ថ្លែងថា​៖ «​អត់​បាន​ដឹង​រឿង​គាត់​ផង ហើយ​ក៏​អត់​ចាប់​អារម្មណ៍​ផងដែរ សុំទោស​ក្មួយ​»​។

គួររំឭកថា លោក​ សួន សេរីរដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ​សីហា ២០១៧ បន្ទាប់ពី​លោក​បាន​សរសេរ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ធ្វើការ​រិះគន់​ខ្លាំងៗ​ទៅលើ​ថ្នាក់ដឹកនាំ​។ ជាពិសេស​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ ដែល​ធ្វើឲ្យ​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​មេបញ្ជាការ​កងទ័ព​មួយចំនួន​។

លោក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​ ២៣ ​សីហា ឆ្នាំ​ ២០១៨ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​៕