ភ្នំពេញៈ លោក សួន សេរីរដ្ឋា អតីត​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​កងទ័ព​តាមរយៈ​ការបង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​បាន​សរសេរ​លិខិត​សុំទោស លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​នាយឧត្តមសេនីយ៍ និង​នាយទាហាន​គ្រប់​រូប​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​តាម​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ សេរីរដ្ឋា ហើយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​។

ក្នុង​លិខិត​នោះ​លោក សេរីរដ្ឋា បាន​សម្តែង​ការសោកស្តាយ​ដែល​លោក​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​លោក ហ៊ុន សែន និង​កងយោធពល​ខេមរភូមិន្ទ ហើយ​បាន​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី លើកលែង​ទោស​ដល់​រូបលោក​។

លោក​បាន​គូសបញ្ជាក់​ក្នុង​លិខិត​នោះ​ដូច្នេះ​ថា​៖ «​ខ្ញុំបាទ សួន សេរីរដ្ឋា មាន​ការ​សោកស្តាយ​ដែល​បាន​សរសេរ​នូវ​សារ​នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្ញុំ​កន្លងមក​ដោយ​មិន​មាន​ការពិចារណា​ឲ្យ​បាន​ដិតដល់​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​សម្តេច​តេជោ​...​ខ្ញុំបាទ​សុំទោស​ជា​សាធារណៈ​ដោយ​សុខចិត្ត​សុំទោស​ចំពោះ​សម្តេច​តេជោ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥»​។

លោក​បាន​បន្ថែម​ថា​៖ «​សូម​សម្តេច​​តេជោ នាយឧត្តមសេនីយ៍​ផុត​លេខ មេត្តា​ជួយ​អន្តរាគមន៍ ស្នើ​លើកលែង​ទោស​ឲ្យ​ខ្ញុំបាទ បាន​ផុត​ពី​ទោស​មាន​សេរីភាព​ដើម្បី​វិល​ទៅ​ជួប​គ្រួសារ ថែរក្សា​ម្តាយ​ចាស់ជរា ថែរក្សា​កូនតូចៗ​ធ្វើ​ជា​កូន​ល្អ ឪពុក​ល្អ និង​ជា​ស្វាមី​ល្អ ព្រម​ទាំង​ជា​ពលរដ្ឋ​ល្អ​ដោយ​ក្តី​អនុគ្រោះ​»​។

នៅ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​អង្គារ​លោក ច័ន្ទ រ៉ាពិសិដ្ឋ ដែល​ជា​មេធាវី​​ការពារ​ក្តី លោក សួន សេរីរដ្ឋា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

កាលពី​ខែ​មីនា​កន្លង​ទៅ​តុលាការ​កំពូល​បាន​សម្រេច​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​លោក សេរីរដ្ឋា នៅ​ក្រៅ​ឃុំ​បន្ទាប់ពី​លោក​បាន​អះអាង​នៅក្នុង​សវនាការ​ថា លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​បណ្តាល​ឱ្យ​មាន​អសន្តិសុខ​សាធារណៈ​ទេ ឬ​ធ្វើឱ្យ​សង្គម​វឹកវរ​នោះ​ឡើយ​។ ជាមួយ​គ្នា​នោះ​លោក​ សេរីរដ្ឋា បាន​រៀបរាប់​ពី​ទុក្ខលំបាក​នៅក្នុង​គ្រួសារ​លោក​ថា ម្តាយ​របស់​លោក​មាន​ជំងឺ​ឈឺ​ធ្ងន់ ហើយ​ភរិយា​របស់​លោក​មើលថែ​កូន​ ២ ​នាក់​តែ​ម្នាក់​ឯង ខណៈ​ដែល​ឪពុកក្មេក​របស់​លោក​មាន​ជំងឺ​ជា​ទម្ងន់​ដែល​ត្រូវ​ផ្លាស់ប្តូរ​ឈាម​ជា​ញឹកញាប់ ដែល​ត្រូវការ​រូប​លោក​ទៅ​ជួយ​សម្រាល​ទុក្ខលំបាក​។

កាលពី​អំឡុង​ខែ​សីហា​ឆ្នាំ​ ២០១៧ លោក សេរីរដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ​៥ ឆ្នាំ​ពី​បទ​ថា​បាន​ប្រមាថ​កងទ័ព តាមរយៈ​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​។

លោក​ សេរីរដ្ឋា ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៤ ក្នុង​នោះ​មាន ទី​ ១ បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់​តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ ទី​ ២ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី ៣ បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ​ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ខែ​សីហា​ឆ្នាំ​ ២០១៧ បន្ទាប់ពី​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​ ១២ ខែ​សីហា​ទាក់ទង​នឹង​ការបញ្ជា​កងទ័ព​ឲ្យ​ទៅ​ត្រៀម​ប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​នៅ​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ថា​៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើង​បុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​»​។

ក្រោយ​ការសរសេរ​បែប​នេះ​លោក សួន សេរីរដ្ឋា ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល និង​កងទ័ព​ចេញ​លិខិត​ថ្កោលទោស​ថា ជា​ការ​វាយប្រហារ​លើ​រដ្ឋាភិបាល និង​បរិហារ​ប្រមាថ​ថ្នាក់ដឹកនាំ និង​កងទ័ព​ការពារ​ប្រទេស​ជាតិ ហើយ​​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅពេល​នោះ​៕