ភ្នំពេញៈ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ហាញ​នូវ​របាយ​ការណ៍​សន្តិសុខ​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​មក​នេះ​បាន​ឲ្យ​ដឹងថា បរិយាកាស​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​មាន​ភាព​ស្ងប់​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ឆ្នាំ ២០១៨ ដោយសារ​បទ​ល្មើស​មាន​ការ​ថយ​ចុះ ទាំង​បទ​ឧក្រិដ្ឋ និង​មជ្ឈិម ខណៈ​ដែល​សភាព​ការណ៍​ពិភពលោក មាន​ការ​វិវឌ្ឍ បត់​បែន ស្មុគ​ស្មាញ ប្រែប្រួល​ឥត​ឈប់​ឈរ ពីព្រោះ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ជម្លោះប្រដាប់​អាវុធ ដែល​កើត​ចេញ​មក​ពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌ បញ្ហា​អធិបតេយ្យ​ភាព​ទឹកដី សាសនា ជាតិ​សាសន៍ នុយក្លេអ៊ែរ សង្គ្រាម​ពាណិជ្ជកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។

លោក សៅ សុខា អគ្គ​មេ​បញ្ជាការរង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជអាវុ​ធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ការងារ​កងរាជ​អាវុធ​ហត្ថ​ឆ្នាំ ២០១៨ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ផែនការ​ការងារ​ឆ្នាំ ២០១៩ នា​រសៀល​ថ្ងៃទី ១៤ ខែ​មករា​នេះ​ថា​នៅ​ឆ្នាំ ២០១៨ បទ​ល្មើស​កើត​ឡើង​ចំនួន ៣ ៧៧១ ករណី បើ​ប្រៀប​ទៅ​ឆ្នាំ ២០១៧ មាន​រហូត​ដល់ ៤ ៦១៧ ករណី គឺ​បាន​ថយ​ចុះ​ចំនួន ៩៤៦ ករណី។

លោក សុខា អះអាងថា នៅ​ឆ្នាំ២០១៨ បទល្មើសផ្សេងៗ​ដូចជា លួច​មាន​ស្ថាន​ទម្ងន់​ទោស​មាន​ចំនួន ២៨៣ ករណី ឃាតកម្ម​មាន​ចំនួន ២៤៨ ករណី រំលោភ​សេព​សន្ថវៈ​មាន​ចំនួន ១៨៨ ករណី ជួញដូរ​មនុស្ស​មាន​ចំនួន ១២ ករណី ជំរិត​ទារ​ប្រាក់​មាន​ចំនួន ១៦ ករណី ជួញដូរ​ចែក​ចាយ​គ្រឿង​ញៀន​មាន​ចំនួន ៩៣៤ ករណី បង្ខាំង​មនុស្ស​មាន​ចំនួន ៥ ករណី បាច​ខិត្តប័ណ្ណ​មាន​ចំនួន ២ ករណី ការ​ប្រមូល​ផ្តុំ​មនុស្ស​តវ៉ា​មាន​ចំនួន ៨៦៨ ករណី កូដកម្ម​ចំនួន​មាន ៨៦១ ករណី បាតុកម្ម​មាន​ចំនួន ៦ ករណី និង​បាតុកម្ម ហិង្សា​ចំនួន ១ ករណី។

ក្នុងនោះ​ជនល្មើស​ចំនួន ៣ ៧៨៥ នាក់ ត្រូវបាន​កសាង​នូវ​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ទន្ទាទោស​តាម​ច្បាប់។

លោក សៅ សុខា បាន​ឲ្យ​ដឹងថា កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រៀបចំ​ត្រៀម​កម្លាំង​ទាំង ៤ ទិស នៅ​ជុំវិញ​រាជធានី ភ្នំពេញ ដើម្បី​ត្រៀម​បង្ការ ទប់ស្កាត់ និង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល​វេលា នៅ​ពេល​មាន ព្រឹត្តិការណ៍​ណាមួយ​ដូចជា ការ​ប្រមូល​ផ្តុំ​មនុស្ស​តវ៉ា កូដកម្ម​ឬ បាតុកម្ម​ហិង្សា​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ដោយ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើការ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ អនុវត្ត​នូវ​តួនាទី ភារកិច្ច ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ឲ្យ និង​ការពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ស្រប​តាម​អនុ​សាសន៍​ណែនាំ និង​យុទ្ធសាស្ត្រ ចតុ​កោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ខណៈ​លោក ទៀ បាញ់ ឧ​ប​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ផង​ដែរ​ថា កម្លាំង​កងរាជ​អាវុធ​ហត្ថ​ជា​កម្លាំង​ស្នូល ក្នុង​ការ​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធា​រណៈ​នៅ​ទូទាំង​ប្រទេស​ជាពិសេស កម្លាំង​អន្តរាគមន៍​ដ៏​ទាន់​ពេល​វេលា និង​នៅ​ជាប់​លាប់​ជានិច្ច​ជាមួយ​ប្រជាពលរដ្ឋ ។

លោក​ ទៀ បាញ់ ថ្លែងថា៖ «ភារកិច្ច​ស្នូល​របស់​យើង​ថែរក្សា សណ្តាប់​ធ្នាប់​សាធា​រណៈ​ក៏​ដូចជា​ពង្រឹង​សុខ​សន្តិភាព​របស់ យើង​ឲ្យ​កាន់​តែ​រឹងមាំ»។

លោក​ សៅ សុខា ក៏បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា កងកម្លាំង​អាវុធហត្ថ​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្ដាប់​ធ្នាប់​ជូន គណៈ​ប្រតិភូ​ជាតិ​និង​អន្តរជាតិ កិ​ច្ចប្រជុំ និង​ព្រះរាជ​ពិធី​សម្ពោធ​សមិទ្ធផល​នានា របស់​ព្រះមហា​ក្សត្រ និង​រាជ​រដ្ឋាភិបាល។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​អះអាង​ថា​ស្ថានភាព​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​នៅ​តែ​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឡើយ​ដោយសារ​តែ​មាន​ករណី​បទ​ល្មើស​មាន​បន្ត​កើន​ឡើង និង​ដោយសារ​ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ក្នុងការ​ប្រមូល​ផ្តុំ និង​ជួបជុំ​នៅ​មាន​កម្រិត។

លោក​ថ្លែងថា៖ «យើង​ឃើញថា​មិនទាន់មាន​ភាពល្អ​ប្រសើរ​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ដោយសារ​តែ​ប្រជា​ពលរដ្ឋ​យើង​បន្ត​រស់​នៅ​ក្នុង​ការ​ព្រួយ​បារម្ភ ដោយសារ​បញ្ហា​ចោរកម្ម​នៅ​ឡើយ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ។ យើង​មិន​ដឹង​ថា​គាត់​យក​អ្វី​ទៅ​វាស់​វែង​ដែល​អះអាង​ថា​បទ​ល្មើស​មាន​ការ​ថយ​ចុះ យើង​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ​ដោយ​សារ​តែ​បញ្ហា​ទាំង​អស់​នេះ​នៅ​តែ​មាន»៕