ភ្នំពេញ:​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស​​ធន​ធាន​ធម្ម​ជាតិ​លោក​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជា​ឲ្យ​ដុត​បំផ្លាញ​រថ​យន្ត​ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃ​ឈើ​ចំនួ​ន​ជាង​ ២០ ​គ្រឿង​ទៀត​ ខណៈ​ក្រុម​ការ​ងារ​បាន​និង​កំពុង​ចុះ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​នៅ​ស្រុក​​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី​ ប៉ុន្ដែ​មន្ត្រី​មិន​ទាន់​បង្ហាញ​លទ្ធ​ផល​នៅ​ឡើយ​។​​

លោក​ អេង​ ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស ​និង​ជា​អ្នក​នាំពាក្យ​គណៈ​កម្ម​​ការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​​ជាតិ​ កាល​ពី​ម្សិល​មិន​អាច​ទាក់​​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​បញ្ជា​ពី​លោក ​សៅ ​សុខា នេះ​នៅ​ឡើយ​ទេ​។​ ​

​ប៉ុ​ន្ដែ​​តាម​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​(GRK News) ​បាន​បង្ហាញ​ពី​ម្សិល​មិញ​ថា ​នៅ​ថ្ងៃ​ទី ​៧​ សីហា​ ​លោក​ សៅ ​សុខា ​បាន​ដឹកនាំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ និង​ស្ថាប័ន​ការ​ពាក់​ព័ន្ធ​ ចុះទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ពី​លទ្ធ​​ផល​នៃ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ក្រុម​ការងារ​បាន​បង្ក្រាប​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក​នេះ។​

គេ​ហ​ទំព័រ​នោះ​បន្ត​ថា​ ជា​លទ្ធ​ផល​ក្រុម​ការ​ងារ​ឃាត់​រថ​យន្ត​វេ​អង់​ជាង ២០ ​គ្រឿង ​ហើយ​លោក ​សៅ ​សុខា ​បាន​ត្រួត​ពិនិ​ត្យ​​រថ​យន្ត​ដែល​កម្លាំង​បង្ក្រាប​នោះ​រួចរាល់​ហើយ​ ព្រម​ទាំង​បញ្ជា​ឲ្យ​ក្រុម​ការងារ​កាត់​ជា​កំណាត់ៗ​ ដើម្បី​ត្រៀម​ធ្វើ​ការ​បំផ្ទុះ​ជា​មួយ​ម្សៅ ​TNT​ បំផ្លាញ​ចោល។​ ​លើស​ពី​នេះ​ លោក​ សៅ ​សុខា ​បាន​ដឹក​នាំ​ក្រុម​ការងារ​ ចុះ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ដី​ស​ម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌល​គិរី​ផង​ដែរ​។​​

ក្នុង​អំឡុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ដី​​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​នោះ ​លោក​ សៅ ​សុខា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សា​រ​ព័ត៌​មាន​នៅ​ថ្ងៃទី ​​៦ ​សីហា​នេះ​ថា ​ការ​ដែល​លោក​បាន​ចុះ​មក​ដល់​ទី​​​តាំង​សិ​ប្ប​កម្ម​កែ​ច្នៃ​ឈើ​ទាំង​នេះ ​ដើម្បី​ត្រួត​ពិនិ​ត្យ​​ភារ​កិច្ច​របស់​ក្រុម​ប្រតិបតិ្តការ​របស់​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់​​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធន​​ធាន​ធម្មជាតិ​ ដែល​បាន​ធ្វើ​​សកម្ម​ភាព​រយៈ​ពេល​ ២៨ ​ថ្ងៃ​កន្លង​ម​ក​នេះ​។​

​លោក​ សៅ ​សុខា ​បញ្ជាក់​ថា​៖ ​​«​យើង​មិន​មែន​ចេះ​តែ​ចង្អុល​ចាប់​អ្នក​នេះ​ ចាប់​អ្នក​នោះ​បាន​ស្រេច​តែ​ចិត្ត​ទេ​ គឺ​ប្រទេស​នេះ​មាន​ច្បាប់​ គឺ​យើង​រក​ភ័ស្ដុ​តាង​ច្បាស់​លាស់​សិន ​ខ្ញុំ​ឧទា​ហរណ៍​ថា​ បើ​មាន​គេ​ដឹក​ឈើ​ដូច​គ្នា ​អ្នក​ដឹក ​១ ​ឡាន​ តែ​ជាប់​គុក ​ហើយ​អ្នក​ដឹក ​១០០ ​ឡាន​ អត់​ជាប់​គុក​ ហេតុ​អ្វី​អ្នក​ដឹក​ ១០០​ ឡាន​ អត់​ជាប់​គុក​ ព្រោះ​គេ​ដឹក​មាន​ច្បាប់​ រីឯ​អ្នក​ដឹក​ ១​​ ឡាន​ជាប់​គុក​ គឺ​មក​ពី​គ្មាន​ច្បាប់។ ​កាប់​ឈើ​ដូច​គ្នា​ កាប់​តែ​ ១​ ដើម​ ​ក៏​មាន​ទោស​ដែរ​ ប៉ុន្ដែ​អ្នក​កាប់​អស់​ ១ ​ហិក​តា គ្មាន​​ទោស ​ព្រោះ​អី ព្រោះ​មួយ​មាន​ច្បាប់ ​និង​មួយ​ទៀត​គ្មាន​ច្បាប់​»​។​

​លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ការ​អូស​ទាញ​អ្នក​វិនិ​យោគ​លើ​វិស័យ​កសិកម្ម​ ព្រោះ​ក្រុម​ហ៊ុន​អាច​ជួយ​ទិញ​ផលិត​ផល​កសិ​​កម្ម​​ពី​ពល​រដ្ឋ​ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​លើស​ពី​នេះ ​ក្រុម​ហ៊ុន​អាច​ជួយ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ មន្ទីរ​ពេទ្យ ឬ​សា​លា​រៀន​ ហើយ​ប្រជា​ជន​ក៏​អាច​​ប្រើ​ប្រាស់​បាន​ដែរ។ ​ដូច្នេះ ​វា​ជា​បំណង​ល្អ​របស់​រដ្ឋាភិ​បាល​ ប៉ុន្ដែ​មាន​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​បាន​ឆក់​យក​ឱកាស​នេះ ​ដើម្បី​មក​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​ទៅវិញ​ ទើប​គណៈ​កម្មការ​ជាតិ​ត្រូវតែ​បង្ក្រាប​។​

ទោះ​យ៉ាង​ណា ​កិច្ច​ប្រជុំ​នេះ ​មិន​ទាន់​មាន​ការ​បញ្ជា​ក់​ពី​លទ្ធ​​ផល​នៅឡើ​យ​ទេ ​ដោយ​សារ​ក្នុង​នោះ​លោក​ ស្វាយ​ សំ​អ៊ាង អភិ​បាល​ខេត្ត​មណ្ឌល​គិរី​ លោក​ កែវ​ សុភ​គ៌ ​ប្រធាន​មន្ទីរ​បរិ​សា្ថ​ន​​ខេត្ត​មណ្ឌល​គិរី​ និង​លោក​ សុក​ សេ​រ៉ា ​អ្នក​នាំពា​ក្យ​រដ្ឋ​បា​ល​ខេត្ត​មណ្ឌល​គិរី ​កាល​ពី​ម្សិល​មិញ​ មន្ត្រី​ទាំង​នោះ​ មិន​អាច​ទាក់​ទង​តាម​ទូរ​ស័ព្ទ​​សុំ​ការ​បញ្ជាក់​បាន​ឡើយ​។​

​លោក​ ហែម​ បូ​ណា​រ៉ែ​ល ​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​បាន​ថ្លែង​ថា ​ក្រៅ​ពី​​ដំណើរ​ទស្សន​កិច្ច​នៅ​តាម​​តំបន់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​រួច​រាល់ ​លោក​ សៅ ​សុខា ​បាន​ដឹក​នាំ​មន្ត្រី​អន្តរ​ក្រសួង​ ប្រជុំ​បូក​សរុប​ការ​ងារ​​ទាំង​នេះ ​ប៉ុន្ដែ​លោក​មិន​បាន​ដឹង​ពី​របាយ​ការណ៍​លម្អិត​ទេ​។

​​លោ​ក​ បូណារ៉ែល បាន​ថ្លែង​បន្ត​ថា​ ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ លោក ​ស្វាយ​ សំ​អ៊ាង ​អភិ​បា​ល​​ខេត្ត​មណ្ឌល​គិរី​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ចុះ​​បិទ​ទី​​តាំង​សិ​ប្ប​កម្ម​កែ​ច្នៃ​ឈើ​ទាំង​អស់​នៅ​ក្នុង​ខេត្ត។ ​ក្នុង​នោះ ​មាន​ទីតាំ​ង​​កែ​ច្នៃធំ​ៗ​ចំនួន​ ​២ ​កន្លែង​ ត្រូវ​បាន​បិទ​ទាំង​ស្រុង​ ដែល​ពួក​គេ​បាន​បើក​ទីតាំង​ជិត​ព្រំ​ដែន​ដោយ​មិន​មាន​ច្បាប់​អនុ​​​ញ្ញាត​។​

​លោក​បញ្ជាក់​ថា​៖​ «​គណៈ​កម្ម​ការ​យើង​បាន​ចុះ​ពិនិត្យ​តាម​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​​កិច្ច​ចំនួន​ ​៦​ កន្លែង​រួចរាល់​ហើយ ប៉ុន្ដែ​​យើង​កំពុង​ធ្វើ​របាយ​ការណ៍​ហ្នឹង ​ក្រោយ​មក​ទៀត​ឯក​ឧត្តម​ សៅ ​សុខា ​ក៏​បាន​បន្ត​ដំណើរ​ទៅ​ខេត្ត​រតន​គិរី​ និង​ស្ទឹង​ត្រែង​​ទៀត​ ដើម្បី​កិច្ច​​ការ​ដូច​គ្នា​នេះ​ដែរ​»​។​

​លោក​ ហេង​ ស្រស់ ​សកម្ម​​ជន​ការ​ពារ​ព្រៃ​ឈើ ​បាន​ថ្លែង​ថា​ កន្លង​មក​មាន​ក្រុម​ហ៊ុន​ចំនួន​ ៦ ​ដែល​កំពុង​ប្រតិ​ប​តិ្ត​​ការកាប់​ឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ ម៉ា​ស្ទ័​រ​ខេ​សិន ​ក្រុម​ហ៊ុន​ យ៉ាន់​ចាវ​ ក្រុម​ហ៊ុន​ ថាច់​វូដ​ ក្រុម​ហ៊ុន​វិ​ជ្ជ​រី ក្រុម​ហ៊ុន​ ណេង​ណា និង​ក្រុម​​ហ៊ុន​ លឹម​ រ៉ូយ៉ាល់​ ប៉ុន្ដែ​ក្រុម​ហ៊ុន​ទាំង​នេះ​ លោក​បាន​ទទួល​ដំណឹង​ថា​ កំពុង​ត្រូវ​បាន​ដក​អាជ្ញា​ប័ណ្ណ​។​

​លោ​ក​បញ្ជាក់​ថា​៖ ​«​យើង​កំពុង​ធ្វើ​ការ​តាម​ដាន​ចំពោះ​នីតិ​វិ​ធី​ដក​អាជ្ញា​ប័ណ្ណ​របស់​ក្រុមហ៊ុន​ទាំង​នេះ​ថា​តើ​អាជ្ញា​ធរ​ដក​ហ្នឹង ដើម្បី​សម្ដែង ឬ​ប្រគល់​ជូនទៅ​អ្នក​មាន​អំណាច​ណា​មួយ​​ផ្សេង​ទៀត។​ បើ​តាម​ខ្ញុំ​សង្កេត​ឃើញ​ថា​ មាន​តែ​ក្រុម​ហ៊ុន​ ១​ ឬ ​២​ ប៉ុ​ណ្ណោះ​ ដែល​បាន​ដាំ​កូន​ដើម​​ចន្ទី​ទុក​ចោល​ហើយ​ក្រៅពី​នេះ ​គឺ​ទុក​ដី​ទំនេរ​ចោល​ក្រោយ​​ពី​កាប់​ឈើ​អស់​ហើយ។ ខ្ញុំ​គាំ​ទ្រ​ឲ្យ​​បិទ​ដេប៉ូ​លក់​ឈើ ​និង​រោង​សិ​ប្ប​កម្ម​កែច្នៃ​ឈើ​ទាំង​អស់​នៅ​​ខេត្ត​មណ្ឌល​គិរី​នេះ​»​៕