ភ្នំពេញៈលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប្រកាសថា ទោះបីជាសង្គមស៊ីវិល មិនចូលរួមអង្កេតការណ៍បោះឆ្នោត ហើយចំនួនអ្នកទៅបោះឆ្នោតមានតិចក៏ដោយ ក៏លទ្ធផលនៃការបោះឆ្នោត នៅតែទទួលយកបានទៅតាមច្បាប់កំណត់ដែរ។
លោក ស៊ិក ប៊ុនហុក បានថ្លែងនៅព្រឹកថ្ងៃអង្គារទី ១០ ខែមេសានេះថា ការបោះឆ្នោត នឹងមានភាពស្របច្បាប់ និងអាចទទួលយកបាន បើទោះណាជាមានក្រុមអ្នកសង្កេតការណ៍ ពីអង្គការសង្គមស៊ីវិលខ្លះ មិនចូលរួមអង្កេតការណ៍ ហើយចំនួនអ្នកទៅបោះឆ្នោត មានតិចក៏ដោយ។
លោកថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ធ្វើឡើងនៅស្នាក់ការ គ.ជ.ប នៅក្រសួងមហាផ្ទៃ។
លោកបានលើកយកមាត្រា ១០ នៃច្បាប់បោះឆ្នោត មកបកស្រាយដោយថ្លែងដូច្នេះថា៖ «សមាគមឬអង្គការក្រៅរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួន ឲ្យមកសង្កេតការណ៍បោះឆ្នោត ខ្លួនឯងអាចតើ! ពាក្យអាចនេះ បានន័យថា បញ្ជូនមកក៏បាន មិនបញ្ជូនមកក៏បាន។ មិនមែនឯងមិនបញ្ជូនមក អាចទៅមិនរួចឯណា? វាអត់មាន។ ច្បាប់មិនបានចែងថា ត្រូវតែមានអ្នកសង្កេតការណ៍នោះទេ»។
ចំណែកចំនួនមនុស្សចេញទៅបោះឆ្នោតវិញ លោកប៊ុនហុក ថ្លែងថា មិនថានៅកម្ពុជា ឬនៅទ្វីបអឺរ៉ុបទេ មិនមានច្បាប់ណាដែលចែងថា អ្នកទៅបោះឆ្នោតតិច ធ្វើឲ្យលទ្ធផល មិនអាចទទួលយកបាននោះទេ។
លោកនិយាយថា៖«គ្មានទេ ពីព្រោះរដ្ឋធម្មនុញ្ញអត់បានចែងអំពីចំនួនភាគរយ រឿងទៅចូលរួមហ្នឹងទេ។ នៅក្នុងរដ្ឋធម្មនុញ្ញ គេឆ្លើយគឺ វាគ្មានឥទ្ធិពលអី ដែលពាក់ព័ន្ធនឹងការមិនចូលរួមការបោះឆ្នោតនោះទេ ទាំងការជ្រើសរើសប្រធានាធិបតីរបស់បារាំង ទាំងការបោះឆ្នោតទាំងអស់ គេអត់មានគិតពីរឿងការចូលរួមនោះទេ សុទ្ធតែទទួលយកបានទាំងអស់»។
ទោះយ៉ាងណា លោកនៅតែអំពាវនាវ ឲ្យគណបក្សនយោបាយ និងអ្នកអង្កេតការណ៍បោះឆ្នោត ចូលរួមឃ្លាំមើលការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ។
កាលពីចុងសប្តាហ៍មុន លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋ កុំទៅបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់គណបក្សប្រឆាំង ហើយស្ថានភាពនយោបាយ មិនបានប្រសើរឡើងវិញ។ ស្របពេលជាមួយគ្នានេះ អង្គការអង្កេតការណ៍បោះឆ្នោតមួយចំនួន នៅស្ទាក់ស្ទើរ មិនទាន់សម្រេចថាតើនឹងចូលរួមឃ្លាំមើលការបោះឆ្នោតនេះឬយ៉ាងណានោះទេ៕