ព្រះសីហនុៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានកំណត់​ពេល​ត្រឹម​ ៣ ​ខែ ​ក្នុង​ការស្តារ​អូរប្រឡាយ​ចំនួន ៥ ​ខ្សែ ដែល​មាន​ប្រវែង​ ២៥ ​គីឡូម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​ខាង​មុខ កុំ​ឲ្យ​មាន​ការជន់លិច​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ដូច​កាលពី​រដូវវស្សា​ឆ្នាំ​កន្លង​ទៅទៀត​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង​ពិធី​បើកការដ្ឋាន​ស្តារ​អូរប្រឡាយ​នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ឆ្នាំ​ ២០១៩ ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ត្រូវ​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ជន់​លិច​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​យ៉ាងដំណំ​ទើប​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ជាច្រើន ដើម្បី​កសាង និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឡើងវិញ​ទាំងស្រុង​។ លោក​ ចាន់ថុល ​បញ្ជាក់ថា ដូច្នេះ​ត្រូវតែ​ស្ដារ​បណ្ដាញ​អូរប្រឡាយ​ឡើងវិញ​ឲ្យ​បាន​ចប់​រួចរាល់​ត្រឹម​រយៈពេល ៣ ​ខែ គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន​នេះ​រហូត​ដល់​ចុងខែ​មីនា ឆ្នាំ​ ២០២០ ​ជា​កំហិត​។

លោក​ថ្លែងថា​៖ «​បើ​យើង​មិន​ស្ដារ​ទេ យើង​បារម្ភ​ថា មាន​ការលិច​ទឹក​អាច​លិច​ចូលដល់​ក្រុង យើង​ថែម​ទៀត​។ យើង​បារម្ភ​ថា ការចំណាយ​ថវិកា​អស់​រាប់រយ​លាន​ដុល្លារ ស្ដារ​ផ្លូវ​ឡើងវិញ​ចំនួន​ ៣៤ ​ខ្សែ ប៉ុន្ដែ​បើ​ធ្វើ​ផ្លូវ​រួចហើយ នៅតែ​បន្ដ​លិច​ទឹក​ទៀត​ដោយសារ​យើង​កាយ​អូរប្រឡាយ​មិនបាន​ល្អ វា​ខាត​ដល់​ថវិកា​ធ្វើ​ផ្លូវ​អស់​រាប់រយ​លាន ហើយ​ត្រូវ​ជួសជុល​ផ្លូវ​នោះ​ឡើងវិញ​ថែមទៀត​»​។

លោក​ថា​៖ «​ដូច្នេះ​យើង​ត្រូវតែ​ធ្វើឲ្យ​បាន​។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ក្រុមការងារ​ស្ដារ​អូរប្រឡាយ រួច​ហើយ​ខ្ញុំ​ក៏បាន​ប្ដេជ្ញា​ចិត្ដ​ដោយ​បាន​ជម្រាបជូន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ថា ក្រុមការងារ​ប្ដេជ្ញាចិត្ដ​សន្យាថា ធ្វើឲ្យ​បាន​យ៉ាងយូរ ៣ ​ខែ​ បើ​គ្មាន​បញ្ហា​ ឬ​ឧបសគ្គ​ណាមួយ​ទាក់ទង​នឹង​ផលប៉ះពាល់​គឺ​ត្រូវ​ស្ដារ​ឲ្យ​ហើយ​នូវ​ប្រឡាយ​ទាំងអស់​ប្រវែង​ ២៥ គីឡូម៉ែត្រ​នេះ​»​។ លោក​ក៏បាន​ស្នើ​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ត្រូវ​ចូលរួម​ដោះស្រាយ​ផលប៉ះពាល់​នានា​នៃ​ការងារ​ស្ដារ​អូរប្រឡាយ​នេះ ដើម្បី​ឲ្យ​ពន្លឿន​ការងារ​ឲ្យ​ឆាប់​ចប់​រួចរាល់​តាម​ផែនការ​។

លោក ស៊ុន ចាន់ថុល ក៏បាន​ឲ្យ​ក្រុមការងារ​ត្រូវបង្កើត​ក្រុម​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​មួយ ដើម្បី​ផ្ដល់ព័ត៌មាន​ជាប្រចាំ និង​ធ្វើ​របាយការណ៍​ជា​រៀងរាល់​សប្ដាហ៍ ជុំវិញ​ការងារ​ស្ដារ​អូរប្រឡាយ​នេះ​ទៅ​ដល់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ លោក​រដ្ឋមន្ដ្រី​លើកឡើង​ថា ការងារ​ស្ដារ​អូរប្រឡាយ​នេះ គឺជា​ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ជាច្រើន​ទៀត​នៃ​ផែនការមេ​នៃ​ការកែលម្អ​បណ្ដាញ​ទឹកកខ្វក់ និង​ទឹកជំនន់​ក្នុង​ខេត្ដ​ព្រះសីហនុ​។

លោក​ថ្លែង​ថា​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​តាមរយៈ​ផែនការ​មេ ដែល​បាន​សិក្សា​ចប់​រួចរាល់ រាជរដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​មាន​ការកសាង​ប្រព័ន្ធ​លូ​បន្ថែម​ប្រវែង​ ១៥០ ​គីឡូម៉ែត្រ​ ក្នុងនោះ​រួមមាន​លូមេ​ធំៗ ដើម្បី​បង្ហូរទឹក​កខ្វក់​ចូលទៅក្នុង​អាង​ចម្រោះ​ដែល​កំពុង​មាន​បណ្ដោះអាសន្ន​ទំហំ ១៦ ​ហិកតា​ ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​ ខណៈ​រាជរដ្ឋាភិបាល​កំពុង​មាន​ផែនការ​ពង្រីក​អាងចម្រោះ​ទឹក​នេះ​បន្ថែម​ទៀត​។

បើតាម​របាយការណ៍​ក្រសួង​សាធារណការ ការដ្ឋាន​ស្តារ​អូរប្រឡាយ​ទាំង ៥ ​ខ្សែ​នេះ​មាន​ប្រវែង​សរុប ២៥ ​គីឡូម៉ែត្រ​នឹង​គ្រោង​ចំណាយ​ថវិកា​ចំនួន ​១០ ពាន់​លាន​រៀល​គឺ​ស្ថិត​នៅ​ទីតាំង អូរ​ឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូង​អ៊ុនតាក់ និង​អូរស្ពាន​ឆេះ​ក្នុង​ក្រុង-ខេត្ដ​ព្រះសីហនុ​។

របាយការណ៍​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​ ២០១៨ បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​មាន​រហូត​ដល់ ២៥ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ ហើយ​ចំនួន​នេះ​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ដល់ ៤៧ ០០០ ម៉ែត្រគុប​ ក្នុង ១ ​ថ្ងៃ​ នៅ​ឆ្នាំ​ ២០២៣ និង​អាច​បន្ត​កើន​រហូត​ដល់ ៦៤ ០០០ ​ម៉ែត្រគុប​ ក្នុង ១ ​ថ្ងៃ​នៅ​ឆ្នាំ​ ២០៣០​។

លោក គួច ចំរើន បាន​ថ្លែង​ក្នុងពេល​បើក​ការដ្ឋាន​នេះ​ដែរ​ថា ការងារ​ស្ដារ​អូរប្រឡាយ​នេះ គណៈកម្មការ​គោលនយោបាយ​បានសម្រេច​ដក​ថវិកា​ជាង ២ ​លាន​ដុល្លារ​ ពី​ថវិកា​សន្សំ​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ដ-ក្រុងព្រះសីហនុ ធ្វើការ​ស្ដារ​អូរប្រឡាយ​នេះ​។

លោក​ គួច ចំរើន បាន​ថ្លែងថា​៖ «​ក្នុង​រដូវវស្សា​កន្លង​ទៅនេះ យើង​ទាំងអស់​គ្នា​ពិតជា​នៅ​ចងចាំ​ព្រឹត្ដិការណ៍​ទឹកជំនន់​ដែល​បាន​បង្ក​ការលិចលង់ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​បាន​ធ្លាក់​មក​យ៉ាងច្រើន​ធ្វើឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មាន​ការខូចខាត​ទ្រព្យសម្បត្ដិ សម្ភារ ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន និង​ឈាន​ទៅ​បង្ក​ឲ្យ​មាន​ការប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​របស់​យើង​ចំនួន​ ៣ ​នាក់​ថែមទៀត​»​។

លោក​ ចំរើន រំឭកថា តាម​ការមើលឃើញ​ពី​ស្ថានភាព​គ្រោះទឹកជំនន់​ដែល​បណ្ដាល​ឲ្យ​មាន​ការខូចខាត និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​បែប​នេះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យន្តការ​ដើម្បី​ស្ដារ​អូរប្រឡាយ​ទាំងអស់​ឡើងវិញ ដើម្បី​កុំ​ឲ្យ​មាន​ការកកស្ទះ​ប្រព័ន្ធ​ទឹក​នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​៕