ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណការ​ និង​ដឹ​ក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា​ ៩៨​ ភាគ​រយ​នៃ​អ្នក​បើក​បរ​ម៉ូ​តូ​កង់​បី​នៅ​កម្ពុជា​ គ្មាន​បណ្ណ​បើក​បរ និង​មាន​ការ​យល់​ដឹង​តិច​តួច​អំ​ពី​ច្បាប់​ចរា​ច​រ​ណ៍ ​ហើយ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ម្នាក់​ៗ​ត្រូវ​ទៅ​រៀន​បើក​បរ​ក្នុង​រយៈ​ពេ​ល​ ៣ ​ខែ​ បើ​ផុត​កំ​ណត់​នឹង​ចាប់​បង្ខំ​ឲ្យ​អនុ​វត្ត​ច្បាប់​ដោយ​គ្មាន​ការអនុ​គ្រោះ ​ព្រោះ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​កក​ស្ទះ ​និងគ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​នៅ​លើ​ដង​ផ្លូវ។​

​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការ​ងារ​ គណៈ​កម្មា​ធិការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក ​នៅ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ ​នា​ថ្ងៃ​ទី​ ៩​ ខែ​ មេសា​ ​ឆ្នាំ​ ២០១៩ ​ ​លោក​ទេសរដ្ឋ​មន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណ​ការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែង​ថា​ បច្ចុ​ប្បន្នម៉ូតូ​កង់​បី​ចំនួន ​២ ម៉ឺន​គ្រឿង​ កំពុង​ត្រូវ​បាន​ចរាចរ​នៅ​លើ​ដង​ផ្លូវ​សាធា​រណៈ​ក្នុង​ប្រទេស​ កម្ពុជា​ ​ប៉ុន្តែ​ ៩៨​ ភាគ​រយ​នៃ​អ្នក​បើក​ម៉ូតូ​កង់​បី​ទាំង​នោះ​គឺ​ខ្វះ​ការ​យល់ដឹង​អំពី​ច្បាប់​ចរា​ចរណ៍ ​និង​​គ្មាន​បណ្ណ​បើកបរ​នោះ​ទេ។​

​លោក​បាន​បញ្ជាក់​ថា​៖​ «​ក្រសួង​នឹង​ទុក​ពេល​ ៣ ​ខែ​ទៀត​សម្រាប់​អ្នក​បើក​ប​រ​ម៉ូតូ​កង់​បី​ទាំង​អស់​ទៅ​រៀន ​និង​ប្រឡង​យក​បណ្ណ​បើក​បរ​។​ ​ផុត​កាល​កំណត់​នេះ​ទៅ​ ​ក្រសួង​នឹង​ចាប់​ផ្ដើម​រឹត​បន្តឹង​ការ​អនុ​វត្ត​ច្បាប់​ ដោយ​ចាប់​ផាក​ពិន័យ​ដោយ​បង្ខំ​ និង​ដោយ​គ្មាន​ការ​លើក​លែង​ជា​ដាច់​ខាត»។​

​លោក​បាន​បន្ត​ថា​ ​ដោយ​ឡែក​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ ​ទំនិញ​ ​ធុនធ្ងន់​និង​មធ្យម​ ពិ​សេស​រថយ​ន្ត​កុងតឺ​ន័រ​ ដែល​ពុំមាន​លក្ខ​ណៈ​​​ត្រឹម​ត្រូវ​តាម​លក្ខ​ណៈបច្ចេក​ទេស ​ហើយ​អ្នក​បើក​បរ​ដែល​គ្មាន​បណ្ណ​បើក​បរនឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរា​ចរនៅ​លើ​ដង​​ផ្លូវ​សាធា​រណៈ​នោះ​ឡើ​យ​ ​ដែល​ប្រការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផងដែរ។​

​យោង​តាម​របាយ​ការណ៍​ពី​នាយក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ​ក្នុង​ត្រី​​មាស​ទី១ ​ដើម​ឆ្នាំ​ ២០១៩​ នេះ​ ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​បាន​កើត​ឡើង​ចំនួន​ ១ ០៧៦​ លើក​ ​បណ្តាល​ឲ្យ​មាន​ជនរង​គ្រោះ​ស្លាប់​​ចំនួន​ ​៥១៣ ​នាក់​ ​(​ភាគ​ច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​និង​មិន​ពាក់​មួក​សុវត្ថិភាព​)​ ​និង​រង​​របួស​ចំនួន​ ​១ ៥៩២ ​នាក់។

​តួលេខ​នេះ​បាន​បង្ហាញ​ថា​ ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ត្រី​មាស​​ទី១ ​ដើម​ឆ្នាំ​ ២០១៩​ នេះ ​មាន​ការ​កើន​ឡើង​ចំ​នួន​ ២៥៧ ​លើក​ ​ឬ​ស្មើ​ ៣១ ​ភា​គ​រយ​ ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ​ដើម​ឆ្នាំ ​២០១៨។​ ​ចំណែក​អត្រា​ស្លាប់​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ ៣៣​ នាក់​ ​ឬ​ស្មើ ​៧ ​ភាគ​រយ​ ​និង​ ​អត្រា​នៃ​អ្នក​រង​របួស​មាន​ការ​កើន​ឡើង​ ​៣៥៨ នា​ក់​ ​ឬ​ស្មើ​ ​២៩ ភាគរយ។

របាយ​ការណ៍​បាន​បង្ហាញ​ថា​ ​រាជធានី-​ខេត្ត​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើនជាង​​គេ​នោះ​ គឺរាជ​ធា​នី​ភ្នំ​ពេ​ញ​ ​ដែល​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍រ​ហូត​ដល់ ​៩១​ នាក់​ ​បន្ទាប់​មក​ខេត្ត​កំពង់​ស្ពឺ​ មាន​អ្នក​ស្លាប់ ៣៩​ នាក់​ ​និ​ង​ខេត្ត​ព្រះ​សី​ហនុ​ ​មាន​អ្នកស្លាប់​ ​៣២ នាក់។​ ​

ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​​មាន​ជន​រង​គ្រោះ​ស្លាប់​ចំនួន​ ៦ នាក់​ និង​របួស​ចំនួ​ន ​១៨ ​នាក់​។ ​ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​អស់​នេះ​បណ្ដាល​មក​ពី​កា​រ​បើក​បរ​លើស​ល្បឿន​កំ​ណត់ ​៤១ ​ភាគ​រយ មិន​គោរព​សិទ្ធិ​ជា​អាទិ​ភាព​ ​១៩ ​ភាគ​រយ ​មិន​ប្រកាន់​ស្តាំ ​១៣​ ភាគ​រយ ​បត់​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​៩ ​ភាគ​រយ​ វ៉ា​ជែង​ក្នុង​ស្ថាន​ភាព​​គ្រោះ​ថ្នាក់​​ ៩ ​ភាគ​រយ ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ​៤​ ភាគ​រយ​ កត្តា​យាន​យន្ត​ ៣​ ភា​គ​រយ​ និង​បើក​បរ​ក្នុង​ស្ថាន​ភាព​ងងុយ​ដេក ២ ភាគរយ។​ ​

លោក ស ខេងនិង​លោកស៊ុន ចាន់ថុល ក្នុង​កិច្ច​ប្រជុំ​បញ្ហាចរាចរណ៍។ សហការី

​ដោយ​មាន​មោទ​ន​ភាព​ចំពោះ​កម្ម​វិធី​ Road App ​ដែល​បាន​បង្កើត​ឡើង​និង​ដាក់​ឲ្យ​ដំណើ​រការ​សម្រាប់​តាម​ដាន​រាល់​សកម្ម​ភាព​ការ​ងារ​ថែ​ទាំ​និង​ជួសជុល​ផ្លូវ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ​លោក​​ ចាន់​ថុល ​បាន​ថ្លែង​ថា​ តាម​រយៈ​កម្ម​វិ​ធី​នេះ​ ក្រុម​ការងារ​ថែ​ទាំ​​និង​ជួស​ជុល​ផ្លូវ​ថ្នល់​បាន​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ទាន់​ពេល​វេលា​ក្នុង​ការ​ជួស​​ជុល​ផ្លូវ​សម្បុក​​មាន់​ ដើម្បីរួម​ចំណែក​ការ​កាត់​​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

​នៅ​ក្នុង​ឱ​កាស​នោះ​ដែ​រ​ ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​ ស​ ​ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​​បន្ថែម​ទៀត​ ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ឲ្យ​បាន​ក្នុង​កម្រិត​ជា​អតិបរមា។

លោក​ថ្លែង​ថា​៖​ «​យើង​មិន​អាច​លុប​បំបាត់​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ស្រុង​នោះ​ទេ​ ​តែ​យើង​ត្រូវ​ខិត​ខំ​រួម​គ្នា​បង្ការ​និង​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ឲ្យ​បាន​ក្នុង​កម្រិត​អតិ​បរមា​ ​ដោយ​យើ​ង​ត្រូវ​ចូល​រួម​ពង្រឹង​ការ​អនុ​វ​ត្ត​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នាជា​ប្រចាំ និង​​គ្រប់​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ»។​

​លោក​ ​ម៉េង​ ​លី​ ​អាយុ ​៣០ ​​ឆ្នាំ ​ជា​អ្នក​បើក​បរ​ម៉ូតូ​កង់​បី ​Pass App ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​លោក​​ពិត​ជា​គ្មាន​​ប័ណ្ណ​បើក​បរ​នោះ​ទេ​ ​ចាប់​តាំង​ពី​​រូបលោក​​ចាប់​យក​អាជីព​ជា​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​នេះ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ មក។

ប៉ុន្តែ​លោក​បាន​ព្យា​យាម​​អាន​ចំណុច​សំខាន់​ៗ​នៃ​ច្បាប់​ចរា​​ចរណ៍​ ​ព្រម​ទាំង​ពិនិត្យ​និង​កត់​សម្គាល់​ទៅ​លើ​ភ្លើង ​និងគំនូស​ស្លាក​សញ្ញា​ចរា​ចរណ៍នៅ​លើ​ដង​ផ្លូវ​ជា​ប្រចាំ។

​លោក​ លី​ បាន​បញ្ជាក់​ថា​៖​ «​ថ្វី​បើ​ខ្ញុំ​គ្មាន​ប័ណ្ណ​បើក​បរ​ម៉ូតូ​កង់​បី​ តែ​ការ​បើកបរ​របស់​ខ្ញុំ​មិន​ដែល​បង្ក​នូវ​បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍​​នោះ​ទេ​។ ​​យ៉ាង​ណា​ក៏​ដោយ​ ​ខ្ញុំ​នឹង​ទៅ​រៀន​ ​និង​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​​ការ​ចូល​រួម​គោរព​និង​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ ​និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា»។

លោក​ ​ស៊ុន​ ​វាស​នា ​សមា​ជិក​ក្រុម​ប្រឹក្សា​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​​រាជ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ​ (IDEA)​ បាន​ថ្លែង​ដោយ​គាំ​ទ្រ​ចំពោះ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​សាធារ​ណ​ការ​ និ​ង​ដឹក​ជញ្ជូន​ ដែល​តម្រូ​វឲ្យ​គ្រប់​អ្នក​បើក​ម៉ូតូ​កង់​បី​ និ​ង យាន​យន្ត​គ្រប់​ប្រភេទ​ ​ពិសេស​អ្នក​បើក​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ ​ទំនិញ​ ​និង​កុង​តឺ​ន័រ​ទាំង​អស់​ត្រូវ​មាន​ប័ណ្ណ​បើក​បរ​ និងត្រូវ​រៀន​អំ​ពី​ច្បាប់​ចរា​ចរណ៍​ឲ្យ​បាន​ច្បាស់​លាស់។​ ​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ កុំ​ឆ្លៀត​យក​ឱ​កាស​នេះ​ ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សង្គម​ជាតិ។

​លោក វាស​នា​ បាន​ថ្លែង​ថា​៖​ «​យើង​រីក​រាយ​និង​គាំ​ទ្រ ​ចំពោះ​គោ​ល​ន​យោបាយ​ជា​យុទ្ធ​សាស្ត្រ​ខាង​លើ​នេះ​ ព្រោះ​វា​ជា​ផ្នែក​មួយ នៃ​ការ​ចូល​រួម​កាត់​បន្ថយ​​ភាព​ឥត​សណ្ដាប់​ធ្នាប់​ផ្នែក​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​និង​របួស​ដោយ​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នៅ​កម្ពុជា​។​ ​ប៉ុន្តែ​សូម​កុំ​ឲ្យ​មាន​ការ​បង្កប់​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ​ ធ្វើ​យ៉ាង​ណា​ប​ង្ក​ល​ក្ខ​ណៈ​ងាយ​ស្រួល​ដល់​បង​ប្អូន​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​ ​និង​​យាន​យន្ត​គ្រប់​ប្រភេទ​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ចូល​រៀន​ច្បាប់​ចរាចរណ៍ ​និងទទួល​បាន​ប័ណ្ណ​បើក​បរ​គ្រប់ៗ​គ្នា»។

​​បើ​តាម​សម្ដី​របស់​លោក​វាស​នា ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ​សមា​គម​របស់​លោក​បាន​បញ្ជូន​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​​​ចំនួន​​ ៤០ ​នាក់​ឲ្យ​ទៅ​រៀន​បើក​បរ​ ដើម្បី​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពួកគេ​នៅ​ពុំទាន់​ទទួល​បាន​ប័ណ្ណ​បើកបរ​នៅ​ឡើយ​ទេ៕