ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ ថ្លែងថា លោកបានដាក់សំណួរដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អំពីគោលជំហររបស់ក្រសួងរ៉ែ និងថាមពលចំពោះក្រុមហ៊ុន ទ្រី ភាព ដែលស្នើសុំគម្រោងធ្វើការសម្អាតទន្លេពីបាវិត ខេត្តស្វាយរៀង ទៅដល់ខេត្តក្រចេះ។
លោក ពេជ្រ ស្រស់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា លោកមានការព្រួយបារម្ភពីការយកការសម្អាតច្រាំងទន្លេដាក់មុខ ហើយធ្វើឱ្យបាត់បង់ខ្សាច់។
លោកបញ្ជាក់ថា៖ «ដល់ពេលអស់ខ្សាច់ទៅ ខ្លាចទប់ច្រាំងវាមិនជាប់ ឬធ្វើឱ្យទន្លេរងឥទ្ធិពលអាក្រក់ពីការបូមខ្សាច់យកនេះ»។
លោក ពេជ្រ ស្រស់ បានដាក់សំណួរដូច្នេះ ក្នុងពេលធ្វើបទបង្ហាញដល់ឧត្តមក្រុមប្រឹក្សាពីលោក ស៊ុយ សែម និងអគ្គិសនីកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៣ ខែ ឧសភា។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា លោកចង់ឱ្យក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាស្រាវជ្រាវភូមិសាស្ត្រពីផលប៉ះពាល់នៃការបូមខ្សាច់ពីទន្លេនេះ។
មន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត បានប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា លោក ទ្រី ភាព បានស្នើទៅរាជរដ្ឋាភិបាល ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឱ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំធ្វើការសិក្សាវាយតម្លៃ និងផ្តល់មតិ។ ពេលនេះក្រសួងរ៉ែ និងថាមពល មិនទាន់មានគោលជំហរអ្វីទេ ព្រោះត្រូវរង់ចាំមើលការសិក្សាវាយតម្លៃសិន។
លោក យស មុនីរ៉ាត់ បញ្ជាក់ថា៖ «អ៊ីចឹង យើងសិក្សាមើលថាតើការបូមស្តារហ្នឹង បូមទៅ វាបូមយ៉ាងម៉េច? បានប៉ុន្មាន យកទៅធ្វើច្រាំងទន្លេទប់យ៉ាងម៉េចៗ។ នៅពេលក្រោយពីការសិក្សា ប្រហែលជានៅទាមទាររយៈពេលយូរទៀត ព្រោះការសិក្សានោះត្រូវទាមទារការសិក្សាច្រើនលម្អិតតាមជំនាញនីមួយៗ»។
លោក យស មុនីរ៉ាត់ បានឱ្យជាឧទហរណ៍ថា ក្រសួងធនធានទឹកសិក្សាអំពីច្រាំងទន្លេ ហើយអាចពាក់ព័ន្ធក្រសួងផ្សេងៗទៀត ដូចជាក្រសួងរ៉ែ និងថាមពលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានខ្សាច់ដែលជាធនធានរ៉ែ។ ប្រសិនបើការបូម តើត្រូវយកទៅណា? បើសិនជាយកទៅលក់ ត្រូវចេញអាជ្ញាប័ណ្ណ ដាក់ចំណូលចូលរដ្ឋ ឬរដ្ឋយកចំណូលមកធ្វើច្រាំងទន្លេ។ល។
អ្នកនាំពាក្យរូបនេះបន្តថា រហូតមកដល់ពេលនេះ ក្រោយពីសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលដែលឱ្យក្រសួងធនធានទឹក និងឧតុនិយមដឹកនាំធ្វើការងារសិក្សាវាយតម្លៃ ក្រសួងរ៉ែ និងថាមពលក៏មិនទាន់បានប្រជុំគ្នានៅឡើយដែរ។ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការងារនេះបណ្តើរៗហើយទៅតាមវិធីសាស្ត្រដែលក្រសួងនេះមាន។
លោក មុនីរ៉ាត់ ថ្លែងថា៖ «យើងមិនទាន់បានប្រជុំគ្នាថាយ៉ាងម៉េចនៅឡើយទេ ត្រូវការសិក្សាវាយតម្លៃរយៈពេលយូរទៀត បានយើងអាចផ្តល់មតិជូនរាជរដ្ឋាភិបាលបានថាគួរធ្វើយ៉ាងម៉េច? គួរបូមឬមិនគួរបូម? ហើយបើបូមត្រូវបូមយ៉ាងម៉េច បានប៉ុន្មាន? និយាយទៅការងារនៅវែងឆ្ងាយ»។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៧ ខែ ឧសភា បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចឱ្យលោក លឹម គានហោ ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្តល់មតិលើករណីក្រុមហ៊ុន ទ្រី ភាព អេនជីនារីង & ខនស្រ្តាក់សិន ដែលបាន «ស្នើសុំគោលការណ៍អនុញ្ញាត» ចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អម-សំណ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់។
ក្រៅពីបញ្ហាខាងលើលោក ពេជ្រ ស្រស់ ក៏បានសួរលោក ស៊ុយ សែម បន្ថែមទៀត៖ ទី១. ប្រើប្រាស់ភ្នំ ការប្រើប្រាស់ខ្សាច់ ការទទួលយកសួយសាររ៉ែចូលរដ្ឋមានចំនួនប៉ុន្មាន? និងមានតុល្យភាពទៅនឹងការចំណាយលើធនធានធម្មជាតិនោះដែរឬទេ? ទី២. ដីមួយចំនួនដែលមេឃុំអះអាងថាជាដីរបស់ [ក្រសួង] រ៉ែ ដែលពាក់ព័ន្ធនឹងដីរបស់ប្រជាពលរដ្ឋដែរ តើក្រសួងអាចឱ្យទៅប្រជាពលរដ្ឋវិញទេ? ទី៣. ការគ្រប់គ្រងអគិ្គសនីមិនគ្រប់ តើមានគម្រោងបម្រុងទី ២ ទេនៅពេលមិនមានទឹកផលិតអគ្គិសនី ដែលសំណួរនេះ លោក ពេជ្រ ស្រស់ ដាក់ទៅកាន់លោក កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គិសនីកម្ពុជា។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា៖ «យើងមិនអាចយកជម្រើសតែទឹកមួយទេ។ ការដាច់ភ្លើងញឹកញាប់ ប៉ុន្តែបរិមាណចំនួនលុយឡើង តើអគ្គិសនីដោះស្រាយយ៉ាងណាចំពោះប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋរអ៊ូរទាំទូទាំងប្រទេស រឿងអត់ប្រើភ្លើងផង តែលុយបែរទៅឡើងវិញ»។
ចំពោះសំណួរទៅ លោក កែវ រតនៈ លោក ពេជ្រ ស្រស់ បញ្ជាក់ថា លោកកែវ រតនៈបន្ទោសទៅលើសីតុណ្ហភាព និងមានការប្រើប្រាស់ច្រើន របស់ប្រជាពលរដ្ឋ។
លោក ពេជ្រ ស្រស់ ថា៖ «ខ្ញុំអត់យល់កន្លែងហ្នឹង ខ្ញុំមានបទពិសោធ គឺពេលខ្លះផ្ទះខ្ញុំអត់ប្រើផង សីតុណ្ហភាពក៏អត់មានក្តៅអីដែរ តែវាឡើង ហើយប្រើនោះ មិនមែនជាប្រចាំទៀត យូរៗម្តងទេ ដូចម៉ាស៊ីនត្រជាក់ ទូទឹកកកអីហ្នឹង»។
លោក វ៉ិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់ពីបញ្ហាអគ្គិសនីបានទេកាលពីម្សិលមិញ៕