បាត់ដំបងៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជាថ្មីទៀតថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យមានការប៉ះពាល់ដល់កម្ពុជា ក៏ប៉ុន្តែវាក៏ជាឱកាសឲ្យកម្ពុជាពង្រឹងខ្លួនឯងផងដែរ ខណៈដែលលោកថា បញ្ហាប្រឈមមួយទៀត ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយនោះគឺការលាងលុយកខ្វក់។
លោក ស ខេង បានថ្លែងបែបនេះ ក្នុងពេលដែលលោកធ្វើជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងនៃក្រុមប្រឹក្សាខេត្តបាត់ដំបង កាលពីថ្ងៃចន្ទម្សិលមិញ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «EBA បើគេកាត់ម្យ៉ាង វាប៉ះពាល់ម្យ៉ាង ប៉ុន្តែយើងយកឱកាសហ្នឹង ដើម្បីយើងពង្រឹងខ្លួនយើង ទៅជាអ៊ីចឹងវិញក៏ល្អដែរ ប្រឹងប្រែងខ្លួនឯងកសាងស្រុក ព្រោះដល់ពេលណាមួយ គេកាត់ដដែលទេ គ្រាន់ថា បើគេកាត់មុនហ្នឹង វាខាត ១ ឆ្នាំជាងប៉ុណ្ណឹង។ ប៉ុន្តែពេលមួយប្រទេសយើងសេដ្ឋកិច្ចរីកចម្រើន គេកាត់ដូចគ្នា»។
លោកបន្តថា៖ «តែនិយាយអ៊ីចឹង មិនមែនយើងមិនស្ដាយទេ យើងស្ដាយ ហើយកន្លងទៅយើងបានធ្វើសេចក្តីថ្លែងការណ៍ ៥ ចំណុច លម្ហប្រជាធិបតេយ្យអីនោះ ៥ ចំណុច។ ខ្ញុំអ្នកបានរៀបចំមាន ៥ ចំណុច មានទាក់ទងបញ្ហាគណបក្សនយោបាយមាន ២ ចំណុច ទាក់ទងនឹង NGOs ទាក់ទងនឹងសហជីព ទាក់ទងសារព័ត៌មាន ទាក់ទងនឹងទំនាស់ដីធ្លីយើងបានដោះស្រាយបញ្ហាហ្នឹងច្រើនណាស់ហើយ»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ថ្លែងដែរថា បញ្ហាលុយកខ្វក់គឺជាបញ្ហាដែលមានការបារម្ភ ព្រោះថា បើកាលណាគេចាត់ទុកថា កម្ពុជាជាប្រទេសលាងលុយនោះ «អាហ្នឹងអន្តរាយធំណាស់»។ លោកថា ប្រព័ន្ធធនាគារខូចអស់តែម្ដងទាំងធនាគារឯកជន និងធនាគាររដ្ឋ គឺ «គេអត់ជឿទុកចិត្តបាន»។
លោកបញ្ជាក់ថា៖ «អ៊ីចឹងបញ្ហានេះ កុំមើលស្រាល។ អ្នកដែលបានផលប្រយោជន៍ចេះតែលួចធ្វើអ៊ីចឹង អត់បានទេ។ ជួនអីវាយកតាមព្រលានយន្តហោះមិនបានដោយសារយើងទប់ស្កាត់ វាយកតាមច្រកដីគោក ហើយមានវិធីផ្សេងៗទៀត»។
កាលពីខែមេសា លោក ស ខេង បានថ្លែងស្រដៀងគ្នានេះ ពាក់ព័ន្ធនឹង EBA ដោយលោកថា កម្ពុជាមានការសោកស្ដាយ បើសិនវាត្រូវបានដក ប៉ុន្តែការសម្រេចដក ឬមិនដកនោះ វាជាសិទ្ធិរបស់សហភាពអឺរ៉ុប ហើយកម្ពុជាមិនមានជម្រើសអ្វីទេ។ «តែបើអ្នកឯងកាត់ហើយ ខ្ញុំមានតែខ្ញុំប្រឹងទេ ខ្ញុំប្រឹង ប្រឹងយ៉ាងម៉េចគឺប្រឹងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ មានតែប៉ុណ្ណឹង ធ្វើអាហ្នឹងឲ្យបាន អាហ្នឹងអ្វីៗវានឹងបន្តរីកចម្រើនហើយ»។
សហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីដែលអាចឈានដល់ការផ្អាក EBA កាលពីថ្ងៃទី ១២ ខែ កុម្ភៈ។ កាលពីសប្ដាហ៍មុន ប្រតិភូពីសហភាពអឺរ៉ុប បានមកជួបមន្ត្រីកម្ពុជាដែលពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីប្រមូលព័ត៌មាន និងឃ្លាំមើល។ ដំណើរការឃ្លាំមើលនេះនឹងត្រូវប្រកាសលទ្ធផល និងធ្វើសេចក្តីសន្និដ្ឋាននៅពាក់កណ្ដាលខែសីហាខាងមុខ។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមថ្លែងថា ការលើកឡើងរបស់លោក ស ខេង ដែលថា ការបាត់បង់ EBA ជាឱកាសក្នុងការធ្វើឲ្យកម្ពុជារឹងប៉ឹងនោះ មិនខុសទេ ប៉ុន្តែលោកថា អ្វីដែលកម្ពុជាមិនបានយកចិត្តទុកដាក់នោះគឺ ពង្រឹងនិងពង្រីកខ្លួនមុនពេលអ្វីមួយបាត់បង់។
លោកថ្លែងថា៖ «ខ្ញុំគិតថា កម្ពុជាយើងមានវប្បធម៌មួយកាលណាគេជួយហើយ យើងអត់បានត្រៀមខ្លួនជួយខ្លួនឯង។ យើងមើលឧទាហរណ៍មន្ទីរពេទ្យគន្ធបុប្ផា នៅពេលដែលប្រទេស ស្វ៊ីស តាមរយៈលោកដុកទ័រ បេអាត រិចន័រ រយៈពេល ៣០ ឆ្នាំ ប៉ុន្តែកម្ពុជាអត់បានពង្រីកសេវាកម្មដូចគ្នា នៅក្នុងខេត្តផ្សេងទៀត ដែលមិនធ្វើឲ្យពលរដ្ឋលំបាក ក្នុងការយកកូនតូចៗសម្រុកទៅខេត្តសៀមរាប ឬទីក្រុងភ្នំពេញ។ យើងឃើញថា ព្រឹកៗឈរតម្រង់ជួរគ្នា តាំងពីម៉ោង ៣ ម៉ោង ៤ យប់»។
លោកបន្តថា៖ «រឿងនេះស្រដៀង EBA ដែរ ដែលគេឲ្យយើងតាំងពីឆ្នាំ ២០០០ ជាង ជិតចូល ២០ ឆ្នាំហើយ តែយើងហាក់ដូចមិនបានពង្រឹងខ្លួនឯងថាតើ ជម្រើសត្រូវទៅផ្លូវណាទៀត ដើម្បីបន្ថែមលើសហភាពអឺរ៉ុប។ អ៊ីចឹងវាហាក់ដូចថា ត្រង់ណាបានឆ្ងាញ់យើងសម្ងំដេកស៊ីដល់ពេលមានរឿងបាននាំគ្នាផ្អើល។ អ៊ីចឹងអ្វីដែលសម្ដេច ស ខេង លើកឡើងជារឿងត្រឹមត្រូវ ជារឿងមួយដែលឲ្យខ្មែរត្រូវគិត»។
លោកបន្តថា រាល់ដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ មិនគួរមានគំនិតពឹងផ្អែកលើអ្នកដទៃដោយភ្លេចគិតប្រឹងជួយខ្លួនឯងនោះទេ៕